ហេតុ​អ្វី​បាន​ជា យើង​យល់សប្ដិ​ឃើញ​រឿង​ប្លែក​ៗ?

ធាតុ​កម្រើក ទេវតា​បណ្ដាល​ប្រាប់  ធ្លាប់​ឃើញ ​ធ្លាប់​លឺ ធ្លាប់​​មាន​ជម្ងឺ​ជា​ដើម​ សុទ្ធ​តែ​ជា​ហេតុ​ដែល​បណ្ដាល​ឲ្យ ប្រិយមិត្ត​យល់​សប្ដិ​ឃើញ​រឿង​ប្លែកៗ។

 

ហេតុ​អ្វី​បាន​ជា យើង​យល់សប្ដិ​ឃើញ​រឿង​ប្លែក​ៗ?

 

លោក ស្រ៊ុន លីហួរ ជា​សាស្ត្រាចារ្យ​ចិត្ត​វិទ្យា​នៃ​សាកល​វិទ្យាល័យភូមិន្ទ​ភ្នំពេញ បាន​ឪ្យ​ដឹង​ថា ការ​ដែល​យើង​យល់សប្ដិ​ឃើញ​រឿង​ប្លែក​ៗ មាន​ហេតុ​សំខាន់​បួន​គឺ៖

 

១) ធាតុ​កម្រើក (ហូប​អាហារ​ខុស ឈឺ​ពោះ​ក៏​អាច​យល់សប្ដិ ឃើញ​ថា​ឈឺ​ពោះ​បាន​ដែរ )

 

២) អ្វី​ដែល​ធ្លាប់​ឃើញ ធ្លាប់​ស្តាប់​ ធ្លាប់​គិត ធ្លាប់​លឺ​គេ​ដំណាល (ឧទាហរណ៍៖ ធ្លាប់​នៅ​ផ្ទះ​ឯ​ស្រុក​កំណើត យល់សប្ដិ​ឃើញ​នៅ​ស្រុក​ស្រែ​ជន​បទ ធ្លាប់​លឺ​គេ​និយាយ​អ្វី​មួយ ក៏​យល់សប្ដិ​ឃើញ​បែប​នោះ ឬ​រឿង​ដែល​ធ្លាប់​ឆ្លង​កាត់​ក្នុង​ជីវិត )

 

៣) ទេវតា​បណ្ដាល​ប្រាប់ (ឧទាហរណ៍៖ ប្រាប់​ឪ្យ​យើង​ធ្វើ​បែប​នេះ​សុខ​សប្បាយ ធ្វើ​បែប​នោះ​មិន​សុខ​សប្បាយ​ជា​ដើម)

 

៤) កម្ម​មក​បណ្ដាល (កម្ម​ដែល​ធ្លាប់​ធ្វើ ឬ​កម្ម​ដែល​ធ្លាប់​បាន​សាង​ពី​​ជាតិ​កន្លង បើ​ធ្វើ​រឿង​អាក្រក់​ច្រើន យល់​សប្តិ​អាក្រក់​ច្រើន បើ​ធ្វើ​រឿង​ល្អ​ច្រើន យល់​សប្តិ​ល្អ​ច្រើន។

 

លោក​បញ្ជាក់​ថា អ្នក​ដែល​យល់​សប្ដិ​ច្រើន អាស្រ័យ​ទៅ​តាម​វ័យ ហើយ​ការ​​ដែល​យល់​សប្ដិ​ប្លែកៗ ព្រោះ​នៅ​មាន​កិលេស​ច្រើន គឺ​នៅ​មាន​សញ្ញាវិបល្លាស, ចិត្តវិបល្លាស, ទិដ្ឋវិបល្លាស ​ឬ​នៅ​មាន​ជម្ងឺ​ជាប់​កាយ​ជា​ដើម ដែល​ការ​លើក​ឡើង​នេះ គ្រាន់​តែ​បញ្ជាក់​ពី​យល់​សប្ដិ​ឃើញ​រឿង​ប្លែកៗ ប៉ុន្តែ​មិន​ពិត​ទាំង​អស់​នោះ​ទេ ព្រោះ​មនុស្ស​ម្នាក់​ៗ មាន​មហិច្ឆតា​រៀង​ខ្លួន មាន​កម្ម​រៀង​ៗ​ខ្លួន។ លោក​បន្ថែម​ថា ​ការ​យល់​សប្ដិ​ឃើញ​រឿង​ប្លែកៗ ក៏​ជា​ប្រភេទ​នៃ​ជម្ងឺ​គេង​មិន​លក់​ដែរ ដូច្នេះ ត្រូវ​ស្វែង​រក​ការ​ប្រឹក្សា យោបល់​ពី​អ្នក​ជំនាញ។

 

តើ​ប្រិយមិត្ដ​​ធ្លាប់​យល់​សប្ដិ​ឃើញ​រឿង​ប្លែកៗ ដែរ​ទេ?

 

អត្ថបទ៖ រក្សា