ការ​ឈឺជង្គង់ អាច​បណ្តាលមកពី មូលហេតុ​អ្វី​ខ្លះ​?

ការ​ឈឺជង្គង់ អាច​បណ្តាលមកពី មូលហេតុ​អ្វី​ខ្លះ​?

អា​ការៈឈឺ​ជង្គង់ គឺជា​រោគសញ្ញា​ដែល​កើតមាន​ជា​ញឹកញាប់ ហើយ​វា​ក៏​ជា​បញ្ហា​ដ៏​ពិសេស​មួយ​ផងដែរ​ចំពោះ​អត្ត​ពលលិក​។ ហេតុផល​ដែល​បណ្តាល​ឲ្យ ឈឺជង្គង់​ញឹកញាប់​ជាងគេ​នោះ គឺ​ការ​គ្រេច​សរសៃ ការ​រហែក​ទ្រនាប់​ជង្គង់ រលាក​សរសៃ​ចង់​ឆ្អឹង និង​សាច់ដុំ​។ ប៉ុន្តែ ដោយសារ​តែ​ជង្គង់ គឺជា​សន្លាក់​ដែល​សាំញ៉ាំ ដូច្នេះ មានរឿង​ច្រើនណាស់ ដែល​អាច​ធ្វើឲ្យ​វា​មាន​បញ្ហា​បាន​។

​ខាងក្រោម​នេះ គឺជា​មូលហេតុ​មួយចំនួន ដែល​នាំ​ឲ្យ​ឈឺជង្គង់ ៖

​រលាក​ថង់​ទឹក​ក្រោម​ស្បែក​នៅ​សន្លាក់ (Bursitis)
​ថង់​ទឹក Bursa គឺជា​សរីរាង្គ​មួយ ដែល​ស្ថិតនៅក្រោម​ស្បែក​ត្រង់​សន្លាក់​។ កាលណា​តំបន់​នេះ​ប្រើប្រាស់​ច្រើន​ជ្រុល ប៉ះទង្គិច ឬ​មាន​ការបត់​សន្លាក់​ជង្គង់ និង​លុតជង្គង់​ច្រើនដង វា​នឹង​អាច​បង្ក​ការ​រលាក​បាន ដូច្នេះ ការឈឺ និង​ហើម​ជង្គង់​នឹង​កើតមាន​។

​ចង្កោម​រោគសញ្ញា Iliotibial Band Syndrome
Iliotibial Band គឺជា​ដុំ​នៃ​ជាលិកា ដែល​រត់​ចេញ​ពី​សន្លាក់​ត្រគាក​ចុះ​មក​ជង្គង់​។ បើសិនជា​វា​រង​ការ​រលាក ដោយសារ​តែ​ការប្រើប្រាស់​ច្រើន​ជ្រុល ឬ​បញ្ហា​អ្វី​ផ្សេង វា​អាច​នឹង​បង្ក​ជា​ការឈឺចាប់ នៅ​ផ្នែក​ខាង​លើ​របស់​ជង្គង់​បាន​។

​ជំងឺ Osgood-Schlatter Disease
​ជំងឺ​នេះ​មាន​ការឈឺចាប់​ខ្លាំង នៅ​ផ្នែក​ខាងក្រោម​ជង្គង់ ឬ​តំបន់​ដែល​ភ្ជាប់​ពី​ឆ្អឹង​អង្គុ​ញ ទៅ​នឹង​ឆ្អឹង​ស្មងជើង​។ រឿង​នេះ​ច្រើនតែ​បណ្តាលមកពី ការប្រើប្រាស់​ជង្គង់​ច្រើន​ជ្រុល ទើប​ក្លាយទៅជា​រលាក​បែបនេះ​។ ការឈឺចាប់​នេះ ម្តង​មាន ម្តង​បាត់ ជាពិសេស កើតឡើង​ក្មេង​ជំទង់​អាយុ​ចាប់ពី ១៣ ទៅ ១៤ ឆ្នាំ​។

​ជំងឺ​រលាក​ឆ្អឹងខ្ចី​ក្នុង​សន្លាក់​
​ជំងឺ​មួយ​នេះ គឺជា​មូលហេតុ​ញឹកញាប់​ជាង​គេ ដែល​នាំ​ឲ្យ​ឈឺជង្គង់ លើ​មនុស្ស​គ្រប់រូប ជាពិសេស អ្នក​ដែល​មាន​អាយុ​ចាប់ពី ៥០ ឆ្នាំ​ឡើង​ទៅ​។

​ភ្លាត់ឆ្អឹង​អង្គុ​ញ​
​អាការៈ​ជំងឺ​បែបនេះ កើតឡើង​ដោយសារតែ ការ​របូត​ឆ្អឹង​អង្គុយ​ចេញពី​សន្លាក់ ទើប​បណ្តាល​ឲ្យ​ឈឺចាប់ និង​ហើម​ជង្គង់​បាន​។

​ចង្កោម​រោគសញ្ញា Patellofemoral Pain Syndrome
​ជំងឺ​នេះ ច្រើន​តែ​បណ្តាលមកពី បញ្ហា​ទាក់ទង​នឹង​អតុល្យភាព​សាច់ដុំ ការ​តឹង​សាច់ដុំ រង្វាស់​ជើង​មិន​ត្រឹមត្រូវ ជាង​ការ​មាន​របួស​។ រឿង​នេះ​កើតឡើង​ជាពិសេស លើ​ស្ត្រី​វ័យ​ជំទង់​។

​រលាក​សរសៃ​ចង​ឆ្អឹង និង​សាច់ដុំ​នៅ​ឆ្អឹង​អង្គុ​ញ​
​ជំងឺ​នេះ​បណ្តាល​មក ពី​ការ​រលាក​សរសៃ​ចង​ឆ្អឹង នៅ​ជុំវិញ​សន្លាក់​ជង្គង់​តែម្តង​។ ការប្រើប្រាស់​សន្លាក់​ជង្គង់ ត្រង់​សរសៃ​នេះ​ច្រើន​ពេក សុទ្ធ​តែ​អាច​ធ្វើឲ្យ​វា​រលាក និង​ឈឺចាប់​បាន​។

​បើសិនជា​របួស​ចាស់ មិនទាន់​ព្យាបាល​ជា​ត្រឹមត្រូវ​ទេ វា​ប្រហែល​ជា​បង្កឲ្យមាន ការឈឺចាប់​ម្តងម្កាល ឬ​ជាប់​រហូត​បាន​៕

​ប្រែ​សម្រួល ៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី26  កុម្ភៈ ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។