ប្រភេទកីឡាចំនួន១១ នឹងបង្ហាញពីចំណុចពិសេសរបស់ខ្លួន នៅយប់នេះ

ប្រភេទកីឡាចំនួន១១ នឹងត្រូវសម្តែងពីក្បាច់ពិសេសៗរបស់ខ្លួន នៅក្នុងរាត្រីយុទ្ធគុន ដែលត្រូវបានរៀបចំឡើងដោយគណៈកម្មាធិការកីឡាយុទ្ធសិល្ប៍ចម្រុះកម្ពុជា (Cambodin Martial Arts Games Commmettee) និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) នៅក្នុងសាលជាន់ផ្ទាល់ដីរបស់ NOCC នាយប់ថ្ងៃសុក្រនេះ។
1
លោកនាយឧត្តមសេនីយ៍ ណឹម សុវត្តិ អគ្គនាយកនយោបាយ និងកិច្ចការបរទេសនៃក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការកីឡាយុទ្ធសីល្ប៍កម្ពុជា ព្រមទាំងលោក វ៉ាត់ចំរើន អគ្គលេខាធិការNOCC នឹងចូលរួមជាអធិបតីក្នុងការសម្តែងក្បាច់គុនដ៏អស្ចារ្យ នៅរាត្រីនេះ ហើយព្រឹទ្ធាចារ្យកីឡា គ្រូបង្វឹក និងកីឡាករ កីឡាការិនីជាច្រើនទៀត ក៏នឹងចូលរួមទស្សនាការសម្តែងក្បាច់គុន ក្នុងព្រឹត្តិការណ៍ «រាត្រីយុទ្ធគុន» នេះផងដែរ ខណៈអ្នកថតរូបផ្នែកកីឡា បានរៀបចំសម្ភាររួចជាស្រេច ដើម្បីផ្តិតយកភាពដ៏គួរឲ្យចាប់អារម្មណ៍នេះ ដើម្បីចុះផ្សាយនៅតាមស្ថាប័នរបស់ខ្លួនរៀងៗខ្លួន។
2
ចំពោះប្រភេទកីឡា ដែលនឹងត្រូវរួមសម្តែងក្បាច់គុន នៅរាត្រីថ្ងៃសុក្រនេះ ត្រូវបាន លោកធិន វិចិត្រ អគ្គលេខាធិការសហព័ន្ធកីឡាចំបាប់ និងជាអ្នកសម្របសម្រួលកម្មវិធីប្រកួតសម្តែងនេះ ឲ្យដឹងថា៖«ប្រភេទកីឡាចំនួន១១មកពី១១សហព័ន្ធកីឡា ដែលនឹងចូលខ្លួនមកសម្តែងឬបង្ហាញក្បាច់គុន នៅយប់ថ្ងៃសុក្រនេះ រួមមានកីឡាល្បុក្កតោ ហាប់គីដូ តេក្វាន់ដូ ការ៉ាតេដូ TongilMoodo អៃគីដូ Kendo វ៉ូស៊ូ Kobudo បញ្ចសិលា និងកីឡាវ៉ូវីណាម ហើយនេះជាលើកទី២ហើយ ដែលយើងបានរៀបចំ រាត្រីយុទ្ធគុននេះ ខណៈលើកទី១ យើងបានធ្វើនៅក្នុងខែសីហា ឆ្នាំ២០១៤»។ គួរបញ្ជាក់ថា នៅការប្រកួតសម្តែងក្បាច់គុន ក្នុងរាត្រីយុទ្ធគុន នេះគឺមានការដាក់ពិន្ទុយ៉ាងត្រឹមត្រូវពីអ្នកជំនាញកីឡា ត្រូវបានជ្រើសរើសដោយ គណៈកម្មាធិការកីឡាយុទ្ធសិល្ប៍ចម្រុះកម្ពុជា និងNOCC ដើម្បីស្វែងរកប្រភេទកីឡា ដែលទទួលបានជយលាភី ក្នុងរាត្រីយុទ្ធគុន លើកទី២ ឆ្នាំ២០១៦នេះ៕
3