សម្តេចតេជោ ហ៊ុន សែន៖ វិស័យវិនិយោគ ផ្នែកសំណង កំពុងរីកដុះដាល ស្ទើរគ្រប់ទីកន្លែង

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មុននេះបន្តិច ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦ បានសរសេរលើ ហ្វេសប៊ុក សម្តេចបញ្ជាក់ពីវិស័យវិនិយោគ ផ្នែកសំណង កំពុងរីកដុះដាលស្ទើរគ្រប់ទីកន្លែង។

សម្តេចតេជោ បានសរសេរនៅលើ ហ្វេសប៊ុកថា «ការវិនិយោគផ្នែកសំណង់ ទូទៅរួមទាំង Hotel, Condo, Apartment, សាលារៀន ផ្សារទំនើប Malls និងក្លឹបកំសាន្តនានា នៅទូទាំងរាជធានីភ្នំពេញ គឺកំពុងរីកដុះដាលស្ទើរ គ្រប់ទីកន្លែង។ ទន្ទឹមនឹងការសាងសង់ គឺក្រុមហ៊ុនទោះបីតូច ឬធំត្រូវយកចិត្តទុកដាក់ លើសុវត្ថិភាពជាចម្បង។ រាល់នូវការសាងសង់ គឺត្រូវតែមានច្បាប់អនុញ្ញាត្តិត្រឹមត្រូវ ហើយគោរពតាមគោលការណ៌សំណង់ និងមានគុណភាព ដែលជាទីទុកចិត្តរបស់ពលរដ្ឋ»។

ប្រមុខរដ្ឋាភិបាល បានបន្តសរសេរថា «នៅក្នុងរាជធានីភ្នំពេញ យើងសង្កេតឃើញមាន សំណង់តូចធំមួយចំនួន គឺធ្វើចូលចិត្តតែរីក លយចេញមកខាងក្រៅលើ ចំណីដីសាធារណៈ ហើយគិតថានឹង បានរួចពីសំណាញ់ច្បាប់។ ដើម្បីចៀសវាងការរុះរើចេញ នៅក្នុងពេលពាក់កណ្តាលសាងសង់អាគារ គឺសូមបណ្តាក្រុមហ៊ុននានា យកចិត្តទុកដាក់ កុំបំពារបំពានឬកេងចំណេញ យកចំណីផ្លូវសាធារណៈ ធ្វើជារបស់ផងខ្លួន។ នាំគ្នាគោរពច្បាប់ អោយបានល្អត្រឹមត្រូវ បើទោះបីពេលមុន ឬពេលនេះបានរួចផុត ពីសំណាញ់ច្បាប់ តែនៅពេលមួយនោះនឹង ទទួលទោសពិន័យធ្ងន់ធ្ងរថែមទៀត»៕

សម្តេចតេជោ ហ៊ុន សែន៖ វិស័យវិនិយោគ ផ្នែកសំណង កំពុងរីកដុះដាល ស្ទើរគ្រប់ទីកន្លែង