លោក ហ៊ុន សែន ​ប្រាប់​ឲ្យ​កង​រាជ​​​​អាវុធហត្ថ​​បាញ់​រ៉ុកកែត​​​​​ទៅ​លើ​ក្រុម​កាប់​ឈើ​​​​​​​ដែល​​​ព្រហើន

កាលពី​ម្សិលមិញ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​​​ស្តី​បន្ទោស​ខ្លាំងៗ​​​​​​ចំពោះ​​​អ្នក​ដែល​ចោទ​​​​​ប្រកាន់​​​រដ្ឋាភិបាល​របស់​លោក​ថា​​​ជា​អ្នក​​​​កាប់​​​បំផ្លាញ​ព្រៃឈើ​ដែល​បាត់​បង់​យ៉ាង​ឆាប់​រហ័ស​​​នៅ​​​ក្នុង​​​ប្រទេស ហើយ​​​​បាន​​​​​បញ្ជាក់​​​ថា ​រូប​លោក​ផ្ទាល់​​អនុញ្ញាត​ឲ្យ​កង​រាជ​អាវុធ​ហត្ថ​​បាញ់​អ្នក​កាប់​ឈើ​ខុស​ច្បាប់​មិន​ត្រឹម​តែប្រើ​គ្រាប់​កាំភ្លើង​​​​ប៉ុណ្ណោះ​​​ទេ ថែម​ទាំង​រ៉ុកកែត​​​ទៀត​ផង​។

​ទិន្នន័យ​ផ្កាយ​រណប​​ដែល​វិភាគ​ដោយ​​សាកលវិទ្យាល័យ​ម៉ារីលែន (University of Maryland)​ បង្ហាញ​ថា កម្ពុជា ស្ថិត​​​ក្នុង​​​ចំណោម​​​បណ្តា​​​ប្រទេស​​​ដែល​​​​​មាន​អត្រា​​​​កាប់​​​បំផ្លាញ​ព្រៃឈើ​ខ្ពស់​បំផុត​ក្នុង​ពិភព​លោក​ចាប់​តាំង​ពី​ឈាន​ចូល​សត​​​វត្សរ៍​ថ្មី​មក ហើយ​បាត់​បង់​ព្រៃឈើ​លឿន​ជាង​គេ​​​បើ​ធៀប​​នឹង​ប្រទេស​ផ្សេង​​ទៀត​ក្នុង​រយៈ​ពេល​ដូច​គ្នា​។

cam-photo-elcs-jump-channaប៉ុន្តែ​​ក្នុង​​​ពិធី​សម្ពោធ​​​​ដាក់​​​​​ឲ្យ​​​ប្រើ​​​ប្រាស់​​​អគារ​ក្រសួង​បរិស្ថាន​​​​ថ្មីក្នុង​រាជធានី​ភ្នំពេញ​កាលពី​ម្សិលមិញ លោក​នាយក​រដ្ឋមន្ត្រី​​​មាន​​​ប្រសាសន៍​​​​​​​​​​​​​​​​ថា រូប​​​​លោក​ផ្ទាល់​ក៏​​​មាន​ការ​ឈឺ​ចាប់​​ដែរ ​​​​​​ពេល​​​​​​​​​​​មាន​​​អ្នក​​បន្ទោស​​​​ថា​​​​​​រដ្ឋាភិបាល​​របស់​លោក​​​​​ជា​​​​​​​​​អ្នក​​​​​​កាប់​​​​បំផ្លាញ​ព្រៃឈើ ​​ហើយ​​​​​​គូស​​​​​​បញ្ជាក់​​​​ថា ការ​​​​កាប់​​​បំផ្លាញ​​​ព្រៃ​​​ឈើ​​​​​មិន​ធ្ងន់ធ្ងរ​ដូច​អ្នក​រិះគន់​អះអាង​​​​នោះ​​​ទេ។

លោក​បានថ្លែង​ទៅ​កាន់​អ្នក​ចូលរួម​ថា “​ខ្ញុំ​ក៏ឈឺចាប់​​ខ្លាំង​ដែរ​​ ពេល​គេ​ស្រែក​ទាក់​ទិន​បញ្ហា​​​​កាប់​​​បំផ្លាញ​​ព្រៃឈើ។ បើ​យើង​មិន​កាប់​​​​​កូន​​​ឈើ​តូចៗ​​​​ទេ​​ ធ្វើ​ម៉េច​ដាំ​ដើម​កៅស៊ូ​កើត​? ​​​​ប៉ុន្តែ​ពេល​យើង​កាប់​ វា​ជា​ពេល​ដែល​គេ​​​​វាយ​​​​ប្រហារ​យើង​”។

​គួរ​​​រំឭក​​​​​​​​​ថា អំឡុង​​​ពាក់​កណ្ដាល​ខែមករា លោក​នាយករដ្ឋមន្ត្រី​បាន​ប្រកាស​បង្កើត​​ក្រុម​ការ​ងារ​​​ពិសេស​​​ថ្មី​មួយ​ដឹកនាំ​ដោយ​លោក សៅ សុខា មេបញ្ជាការ​​កង​រាជ​អាវុធ​​ហត្ថ​លើ​ផ្ទៃ​ប្រទេស ​​ដើម្បី​តាម​ស្វែងរក​​ស្តុក​ឈើ​ខុស​ច្បាប់​នៅ​​​​បណ្ដា​ខេត្ត​ភាគ​ឦសាន​​​ដែល​​​​មាន​​​សកម្មភាព​​កាប់​ឈើ​ខុស​ច្បាប់​​​​​យ៉ាង​រាល​ដាល​។ ក្រុម​ការ​ងារ​នេះ​បាន​ចុះ​​​​​ត្រួត​​​​​​ពិនិត្យ​ស្តុក​ឈើ​​នៅ​ទីតាំង​រាប់​សិប​កន្លែង​ ហើយ​បាន​ចាប់​ផ្ដើម​បញ្ជូន​សំណុំរឿង​ទៅ​តុលាការ​​​​កាល​​​ពី​​​ពេល​​​ថ្មីៗ​​​នេះ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ​​​អម​ដោយ​ក្រុម​មន្ត្រី​ជាន់​ខ្ពស់​​ក្នុង​ជួរ​រដ្ឋាភិបាល​ ធ្វើ​ដំណើរ​ទៅ​ដល់​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​អគារ​ក្រសួង​បរិស្ថាន​ថ្មី​នៅ​ក្នុង​រាជធានីភ្នំពេញ​ កាលពី​ម្សិលមិញ។ ​រូបថតៈ ស៊ីវ ចាន់ណា/The Cambodia Daily

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ​​​អម​ដោយ​ក្រុម​មន្ត្រី​ជាន់​ខ្ពស់​​ក្នុង​ជួរ​រដ្ឋាភិបាល​ ធ្វើ​ដំណើរ​ទៅ​ដល់​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​អគារ​ក្រសួង​បរិស្ថាន​ថ្មី​នៅ​ក្នុង​រាជធានីភ្នំពេញ​ កាលពី​ម្សិលមិញ។ ​រូបថតៈ ស៊ីវ ចាន់ណា/The Cambodia Daily

កាលពី​ម្សិលមិញ លោក ហ៊ុន សែន ​​​មាន​​​ប្រសាសន៍​​​​ថា ​លោក​បាន​ផ្ដល់​ការ​ណែនាំ​​​ជាក់ ​​និង​​​គ្រោះ​​​​​​ថ្នាក់​​​​ដល់​លោក សៅ សុខា អំពី​របៀប​ធ្វើ​ការ​ងារ​នេះ​។ លោក​​​​លើក​​​ឡើង​​​​​​​ថា ​​​”​ខ្ញុំ​ឲ្យ​ឧទ្ធម្ភាគចក្រ​ពីរគ្រឿង​ [ប៉ុន្តែ] សៅ សុខា ដូច​មិន​ទាន់​បាញ់​មួយ​គ្រាប់​ផង​ទេ​។ ខ្ញុំ​ឲ្យ​បាញ់​​​​ហ្អាស​ បើ​ថា​វា​ព្រហើន​”។

លោក​​​​​​​​​បន្ត​​​​​​​​​ថា ការ​ទប់ស្កាត់​ការ​កាប់​ឈើ​ខុស​​​​​ច្បាប់​​​គ្មាន​​​​​អ្វី​​​​​​ពិបាក​​​​​ទេ ពីព្រោះ​ឈើ​​​​ខុស​ច្បាប់​ទាំង​នោះ​ពិបាក​​​​​​​លាក់​​។ “​បើ​ការ​​​រត់​ពន្ធគ្រឿង​ញៀន ​​ខ្ញុំពិបាក​បង្ក្រាប​។ ប៉ុន្តែ​ រឿង​​​​​​ដឹកឈើ​នេះ​ ​​​អានេះ​វា​ដឹកឡាន​ ហើយ​ធំៗ​​​ណាស់​ រួច​ចុះ​ភ្នែក​​​ទៅ​ណា​អស់​ ទាំង​ភ្នែក​ទាហាន​ ទាំង​ភ្នែក​ប៉ូលិស​ ​ទាំង​ភ្នែក​ប៉េអឹម ទាំង​​​​​​ភ្នែក​រដ្ឋបាល​ព្រៃឈើ ​ទាំង​ភ្នែក​បរិស្ថាន​ ភ្នែក​ទៅ​ណា​អស់​ទៅ​? ហ្អីក៏​​អាហ្នឹង​នឹង​​​គេ​ដែរ​ [ដូច​អ្នក​កាប់​ឈើ]?”។

ជាញឹកញាប់ ទាហាន និង​​​​កង​រាជ​អាវុធ​​ហត្ថ​​ត្រូវ​ចាប់​​​​​​​ខ្លួន​​​បាន​​ពេល​​រត់ពន្ធ​​ឈើ​មាន​តម្លៃ​​​​នៅ​​​ទូទាំង​ប្រទេស​ ហើយ​បណ្ដា​អង្គការ​មិន​មែន​រដ្ឋាភិបាល​​​ដែល​បាន​ស៊ើបអង្កេត​​ការ​ជួញដូរ​ឈើ​និយាយ​​​​ថា រដ្ឋាភិបាល​​​ថ្នាក់​​​កំពូល​​​ក៏​​​គួរតែ​​​ទទួល​​​​​​ខុស​​​ត្រូវ​​​ដែរ​​​​។ ដោយ​សារ​​​​​​រដ្ឋ​​​​​​ចូល​​​រួម​​​​​​​ពាក់​ព័ន្ធ អង្គការ​ក្រៅ​រដ្ឋាភិបាល​ទាំង​នោះ​មាន​សុទិដ្ឋិនិយម​ថា ក្រុម​ការ​ងារ​​​​ពិសេស​​​ថ្មី​នេះ​នឹង​​​​​​​ទប់​​​​ស្កាត់​ការ​កាប់​ឈើ​ខុស​ច្បាប់​​​មាន​​​ប្រសិទ្ធ​​​ភាព​​​​​​ជាង​កិច្ច​​​​​ប្រឹង​​​ប្រែង​​​​កន្លង​មក ដែល​ខ្លួន​និយាយ​ថា សម្រេច​បាន​លទ្ធផល​តិច​តួច​រហូតដល់​គ្មាន​សោះ។

​ខុទ្ទកាល័យ​ផ្ទាល់​របស់​​លោក ហ៊ុន សែន បាន​រៀបចំ​កិច្ច​ព្រមព្រៀង​ពិសេស​​មួយ​ជាមួយ​​​​ឧកញ៉ា​​​ឈ្មួញ​​​ឈើ ទ្រី ភាព ដែល​​​​អង្គការ​សិទ្ធិ​មនុស្ស​​​​​នានា​​​ចោទ​ប្រកាន់​ថា លាង​ឈើ​ខុស​ច្បាប់​ច្រើន​​​​នៅ​ក្នុង​ប្រទេស​ ដែល​អនុញ្ញាត​ឲ្យ​​​គាត់​ប្រមូល​ទិញ​ឈើ​ខុស​ច្បាប់​ទាំង​អស់​ដែល​​​​រដ្ឋរឹបអូស​បាន​។ កិច្ច​ព្រម​​​ព្រៀង​នេះ​​ផ្ទុយពី​ច្បាប់​ព្រៃឈើ​ដែល​តម្រូវ​ឲ្យដាក់​ដេញ​ថ្លៃជា​​​សាធារណៈសម្រាប់​​​​​ឈើ​​ដែល​​​​​​​រឹប​អូស​បាន​ទាំង​អស់​៕ សុខុម​​

The post លោក ហ៊ុន សែន ​ប្រាប់​ឲ្យ​កង​រាជ​​​​អាវុធហត្ថ​​បាញ់​រ៉ុកកែត​​​​​ទៅ​លើ​ក្រុម​កាប់​ឈើ​​​​​​​ដែល​​​ព្រហើន appeared first on ខេមបូឌា ដេលី.