មាន​ការចាប់ផ្តើម​​សាងសង់​ស្តូប​រំឭកដល់គោលនយោបាយ​ ឈ្នះ-ឈ្នះ របស់លោក​នាយករដ្ឋ​​​មន្ត្រី ហ៊ុន សែន

ការ​សាងសង់​ស្តូប​ដ៏ធំមួយ​នៅ​ក្នុង​ខណ្ឌ​​​ជ្រោយចង្វារ​ រាជធានី​ភ្នំពេញ ​ដើម្បី​រំឭក​ដល់​សមិទ្ធផល​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចាប់​ផ្ដើម​កាលពី​ម្សិលមិញ ដោយ​​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​ពារ​ជាតិ​ម្នាក់​​បាន​​​ជំរុញ​ ឲ្យ​មាន​ការជួយ​​​ចូល​​​​រួម​ចំណែក​​​ពីសាធារណ​​​ជន ​ដើម្បី​​​ធានាឱ្យ​ការ​សាងសង់​បញ្ចប់​បាន​ឆាប់។

លោក ឈុំ សុជាតិ អ្នក​នាំពាក្យ​ក្រសួង​ការ​​​​ពារ​ជាតិ​បាន​មាន​ប្រសាសន៍​ថា ផ្នែក​បី​របស់​ស្តូប​នេះ​នឹង​រំឭក​ដល់​ជោគ​ជ័យ​​នៃ​គោល​​នយោបាយ​ “ឈ្នះ-ឈ្នះ​” របស់​លោក ហ៊ុន សែន ដែល​ក្នុង​នោះ​លោក​នាយក​រដ្ឋ​​​មន្ត្រី​​បាន​សរសើរ​ពី​ការ​បញ្ចប់​សង្គ្រាម​ស៊ីវិល​​រាប់​ទសវត្សរ៍​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

​ឧត្ដម​សេនីយ៍​ ឈុំ សុជាតិ បាន​ថ្លែង​ថា           “​ផ្នែក​​​​ទី១​​នឹង​បង្ហាញពី​សុខដុម​នីយកម្ម​​ជា​ប្រវត្តិ​​​សាស្ត្រ​​ ផ្នែក​ទី២​នឹង​បង្ហាញពី​សន្តិភាព​ដែល​សម្រេច​បាន​តាម​រយៈ​គោល​​នយោ​​​បាយ​​​​ឈ្នះ-​​​ឈ្នះ​ ហើយ​ផ្នែក​ទី៣​បង្ហាញ​ពី​សមិទ្ធ​​​ផល​ដែល​បាន​មក​ពី​​គោល​នយោបាយ​   ឈ្នះ-ឈ្នះ”។

អ្នក​នាំពាក្យ​រូប​នេះ​​មិន​បាន​លើក​ឡើង​លម្អិត​ថា​​​​ តើ​បរិវេណ​ស្តូប​ទំហំ​៨ហិកតា ដែល ស្ថិត​នៅ​​លើ​ដី​ដែល​​​ជា​អំណោយរបស់​លោក លី យ៉ុងផាត់ សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រជាជន​កម្ពុជា ជា​ពាណិជ្ជករ​ម្នាក់នៅ​​​​ក្នុង​ចំណោម ពាណិជ្ជករ​មាន​​ទ្រព្យ​ស្ដុកស្ដម្ភ​​នៅ​ក្នុង​​​​​​ប្រទេស​កម្ពុជា​ នឹង​ត្រូវ​ផ្តល់មូលនិធិឬ​យ៉ាង​ណា។ ប៉ុន្តែ​លោក​បានជំរុញ​ឲ្យ​មាន​ការជួយ​​​ចូល​​​​​រួម​ចំណែក​ពី​​ប្រជា​ពលរដ្ឋ​កម្ពុជា​ទាំង​ក្នុង​ប្រទេស​ និង​ក្រៅ​​​​ ប្រទេស​ ដើម្បី​ពន្លឿន​ការ​សាង​សង់​បញ្ចប់។

ឧត្ដម​សេនីយ៍​ ឈុំ សុជាតិ បាន​ថ្លែង​ថា “​យើង​មាន​គម្រោង​ហិរញ្ញវត្ថុ ប៉ុន្តែ​យើង​មិន​អាច​​បង្ហាញ​បាន​​ទេ ពីព្រោះ​យើង​ចង់​​បើក​ចំហ​​​​សម្រាប់​ការ​រួម​ចំណែក​ពីសាធារណជន​។ ​​​រយៈ​ពេល​សាងសង់​អាស្រ័យ​លើ​ការ​រួម​ចំណែក​ហិរញ្ញវត្ថុ​​ពី​​ប្រជាពល​រដ្ឋកម្ពុជា​​ទាំង​ក្នុង​ប្រទេស​ និង​ក្រៅប្រទេស​។ ការ​​ចូល​រួម​ចំណែក​កាន់​តែ​ច្រើន​ ការ​សាងសង់​​កាន់​តែ​លឿន”។

កាលពី​ខែ​កុម្ភៈ​ឆ្នាំ​មុន ក្រុម​មន្ត្រី​បាន​ប្រកាស​ថា ជញ្ជាំង​ស្តូប​​នឹង​សរសេរ​ពី​ជំនួយ​ដោយ​បង្ហាញ​ពី​សមិទ្ធផលជាច្រើន​ រួម​មាន​ការ​បង្កើត​រណសិរ្ស​សាមគ្គីសង្គ្រោះ​ជាតិ​កម្ពុជា​​​​ ២ធ្នូ ១៩៧៨​ និង​ការ​​ផ្ដួល​រំលំ​របប​​ខ្មែរ​ក្រហម​ថ្ងៃ​៧​មករា ១៩៧៩ ​ដែល​​បន្ទាប់​មក​វៀតណាម​បាន​លើក​បន្តុប​រដ្ឋាភិបាល​​​ដែល​មាន​លោក ហ៊ុន សែន ធ្វើ​ជា​រដ្ឋមន្ត្រីការ​បរទេស​។

លោក យ៉ែម បុញ្ញឫទ្ធិ អ្នក​នាំពាក្យ​​​គណបក្ស​​​​ ប្រឆាំង​​ដែល​ជា​ប្រធាន​គណៈកម្មការ​អប់រំ​ វប្បធម៌ និង​ទេសចរណ៍​រដ្ឋសភា​ បាន​ស្វាគមន៍​​ការ​សាងសង់​ស្តូប​នេះ​ ហើយ​បាន​សរសើរ​អំពី​កេរ​ដំណែល​​នៃ​គោល​នយោបាយ​ឈ្នះ-ឈ្នះ​របស់លោក​នាយក​រដ្ឋមន្ត្រី។

លោក​ យ៉ែម បុញ្ញឫទ្ធិ បាន​មាន​​​ប្រសាសន៍​​​​ទៀត​​​ថា “​ខ្ញុំ​គិត​ថា គោល​នយោ​​​បាយ​ឈ្នះ-ឈ្នះ​ក្នុងន័យ​ថា ប្រជាពលរដ្ឋ​​កម្ពុជា​ឈ្នះ​​​ទាំង​អស់គ្នា​​​​​ដោយ​ការ​បញ្ចប់​សង្គ្រាម​ តាម​រយៈ​ការ​​ជំរុញ​​ឱ្យ​មាន​សាមគ្គី​​​ជាតិ ​​​និង​ការ​​យោគយល់​​​គ្នា​​រវាងខ្មែរ និង​ខ្មែរ​​។ ដូច្នេះ​ការ​សាង​សង់​ស្តូប​ដើម្បី​រំឭក​​ដល់​ប្រវត្តិសាស្ត្រ​កម្ពុជា​ជា​រឿងល្អ​”៕ សារុន​​​

The post មាន​ការចាប់ផ្តើម​​សាងសង់​ស្តូប​រំឭកដល់គោលនយោបាយ​ ឈ្នះ-ឈ្នះ របស់លោក​នាយករដ្ឋ​​​មន្ត្រី ហ៊ុន សែន appeared first on ខេមបូឌា ដេលី.