ក្រសួង​​​សុខាភិបាល​​​​​បញ្ជាក់​​​ថា ករណី​ផ្ទុក​មេរោគ​អេដស៍​នៅ​​ខេត្ត​កណ្ដាល​​មិន​មែន​ជា​ការ​ផ្ទុះ​ករណី​ឆ្លង​

ក្រោយពី​​​មាន​ការ​ព្រួយ​បារម្ភ​អំពី​​ការ​ឆ្លង​រាល​ដាល​នៃ​មេរោគ​អេដស៍​​នៅ​ឃុំ​សំបួរ​មាស​ ខេត្ត​កណ្ដាល​ បន្ទាប់ពី​​​​ប្រជា​​​ពល​​​​​​​រដ្ឋ​​​​​​ចំនួន​​​១៤​នាក់​​ធ្វើ​តេស្ត​ឃើញ​ផ្ទុក​មេរោគ​អេដស៍​កាល​ពី​ដើម​ខែ​នេះ ក្រសួង​សុខាភិបាល UNAIDS និង​អង្គការ​សុខភាព​ពិភព​លោក​​ (WHO) ​​​​​​​​​បាន​​​​ប្រកាស​កាលពី​ម្សិលមិញ​ថា ករណី​ទាំង​នេះ​​​មិន​បង្ហាញ​ថាវា​ជា​ការ​ផ្ទុះ​​ករណី​ឆ្លង​​ទេ។

ប្រជាពលរដ្ឋ​​​​ចំនួន​​​១០​នាក់​មកពី​ភូមិ​ពាម​ និង​បួន​នាក់​មកពី​ភូមិ​​ពីរទៀត​​​​​​ជាប់​​​ខាង​​​​​​​​គ្នា ​ត្រូវ​​​​បាន​បញ្ជាក់​ថា ផ្ទុក​មេរោគ​អេដស៍​នៅ​​​​ខែ​នេះ​​ បន្ទាប់ពី​ការ​ធ្វើ​តេស្តឈាម​​នៅ​មន្ទីរ​ពេទ្យ​​​​​បង្អែក​សម្ដេច​ឪ​ក្នុង​​​​រាជធានី​ភ្នំពេញ ​ដែល​​​ជំរុញ​​​​​​​​​​​​ដោយ​​​​​​​​​​ការ​ធ្វើ​តេស្ត​ឈាម​នៅ​នឹង​កន្លែង​ដោយ​​​​​​​អង្គការ​ខេមរា កាលពី​ថ្ងៃទី១៣ ខែ​កុម្ភៈ ដែល​បាន​រក​ឃើញ​ចំនួន​​អ្នក​ផ្ទុក​មេរោគ​​​អេដស៍​ច្រើន​​​​​គួរ​ឲ្យ​ព្រួយបារម្ភ​​​​មិន​​​ធ្លាប់​​ដឹង​​​កាលពី​មុន​មក​។

ជា​ការ​ឆ្លើយ​តប ​មន្ត្រី​មកពី​​មជ្ឈមណ្ឌល​ជាតិ​​​ប្រយុទ្ធនឹង​ជំងឺអេដស៍ សើស្បែក និង​កាម​រោគ ​(NCHADS)​ និង​មន្ទីរ​សុខាភិបាល​ខេត្ត​ ​​បាន​ធ្វើ​តេស្ត​​ផ្ទាល់​​កាលពី​ថ្ងៃ​ច័ន្ទ ​​ដោយ​រក​ឃើញ​​​​ករណី​ផ្ទុក​មេរោគ​អេដស៍​​ចំនួន​បួន​ក្នុង​ចំណោម​ប្រជា​ពលរដ្ឋ​២៧៩​នាក់ ដែល​ស្មើ​​​ប្រហែល​​​​១ភាគ​៤​​​នៃ​ប្រជាជន​សរុប​​​នៅ​ភូមិ​ពាម​។

ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ចេញ​កាល​ពី​ម្សិលមិញ ក្រសួង​សុខាភិបាល​​រួម​​ជាមួយ​ UNAIDS និង​ WHO បាន​សន្និដ្ឋាន​ថា ករណី​​ដែល​រក​ឃើញ​ថ្មីៗ​ទាំង​នេះ​​មិន​បង្ហាញ​ថា វា​ជា​​ការ​ផ្ទុះ​ករណី​ឆ្លង​ឡើយ​​​។ សេចក្ដី​ថ្លែងការណ៍​នេះ​មាន​ខ្លឹមសារ​ដូច្នេះ​ថា ”​ក្នុង​ចំណោម​​​​ប្រជា​​​​​​​​​​​​​ពល​​​រដ្ឋ​​​​២៧៩​នាក់​ដែល​បាន​ធ្វើ​តេស្ត​ មាន​១១២​នាក់ជា​កុមារ​ ហើយ​លទ្ធផល​សុទ្ធ​​​តែ​​​បង្ហាញ​ថា កុមារ​ទាំង​នោះ​​​​មិន​​ផ្ទុក​មេរោគ​អេដស៍។ ទិន្នន័យ​នេះ​បង្ហាញ​ថា វា​មិន​មែន​ជា​ការ​ផ្ទុះ​​​​ករណី​​​ឆ្លង​​​​​​​​​​ទេ”។

​លោក លី ពេញស៊ុន ប្រធាន​របស់​ NCHADS បាន​បក​ស្រាយ​ថា ​ការ​ធ្វើ​តេស្ត​កាល​ពីថ្ងៃ​ច័ន្ទ ​មាន​​​ទ្រង់​​​ទ្រាយ​​ធំ​​​គ្រប់គ្រាន់​​សម្រាប់​ច្រាន​ចោល​ការ​ព្រួយ​បារម្ភ​អំពី​ការ​ឆ្លង​រាល​ដាល​។ ​​”ខ្ញុំ​គិត​ថា ១ភាគ៤​នៃ​ប្រជាពលរដ្ឋ​ដែល​មក​ធ្វើ​តេស្ត​គឺ​គ្រប់គ្រាន់​​​​សម្រាប់​​​បង្ហាញ​ថា ​វា​​​​មិន​​​​​​​ពាក់​ព័ន្ធ​​​​ការ​​​​​​ផ្ទុះ​​​ករណី​​​​ឆ្លង​​​​​​ទេ”។

សំដៅ​ដល់​ការ​ផ្ទុះ​ករណី​ឆ្លងមេរោគ​អេដស៍​​នៅ​ខេត្ត​បាត់ដំបង ដែល​​​បាន​​​​រក​ឃើញ​កាល​ពី​​ចុង​ឆ្នាំ​២០១៤​ថា ប្រជាពលរដ្ឋ​ប្រមាណ​២៧០​នាក់​ត្រូវ​បាន​ចម្លង​មេរោគ​អេដស៍​ដោយ​គ្រូពេទ្យ​គ្មាន​អាជ្ញាប័ណ្ណ​ម្នាក់​ដែល​បាន​ប្រើ​ប្រាស់​ម្ជុល និង​សឺរ៉ាំង​ប្រើរួច លោក​​​មាន​​​ប្រសាសន៍​​​​​​ទៀត​​​ថា ”គ្មាន​​​​​​​កុមារ​ណា​ម្នាក់​ផ្ទុក​មេរោគ​អេដស៍​ទេ។ បើ​មាន​រឿង​ដូច​ឃុំ​រកា​មែន ប្រាកដ​ជាមាន​ឆ្លង​ខ្លះ​​​មិន​​​ខាន​​​​​​​”។

​លោក​ស្រី ម៉ារី អូឌីល អេមិន (Marie-Odile ​Emond) នាយកប្រចាំ​ប្រទេស​នៃ​អង្គការ​ UNAIDS ក៏​បាន​មាន​ប្រសាសន៍​ដែរ​ថា ការ​ធ្វើ​តេស្ត​ឈាម​​​១ភាគ៤​នៃ​​​​ប្រជា​​​​​​ពល​​​រដ្ឋ​​​​​​​​​​​នៅ​​​ភូមិ​​​​​​នេះ​​​​ច្បាស់​ណាស់ទៅ​ហើយ។ “​​ក្នុង​ចំណោម​​អ្នក​ដែល​ធ្វើ​តេស្ត​ទាំង​អស់​ រកឃើញ​​​​ករណី​ឆ្លង​តិច​តួច គឺ​​​​មិន​ខុស​គ្នា​ខ្លាំង​​​​​​​​ទេ​​​បើ​ប្រៀប​ធៀប​​ទៅ​នឹង​មធ្យមភាគ​នៃ​ការ​ឆ្លង​ទូទាំង​ប្រទេស​។ ​​ការ​ធ្វើ​តេស្ត​ឈាម​មនុស្ស​​ចំនួន​​​២៧៩​នាក់​ក្នុង​១ថ្ងៃ​ គឺ​ពិត​ជា​​ច្រើន​​​ណាស់​”៕ សុខុម​​

The post ក្រសួង​​​សុខាភិបាល​​​​​បញ្ជាក់​​​ថា ករណី​ផ្ទុក​មេរោគ​អេដស៍​នៅ​​ខេត្ត​កណ្ដាល​​មិន​មែន​ជា​ការ​ផ្ទុះ​ករណី​ឆ្លង​ appeared first on ខេមបូឌា ដេលី.