សិល្បៈ​និងវប្ប​​​ធម៌ &raquo សិល្បៈ​និង​តារា

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​ភាពយន្ត​អ្នកស្រី​ឈុ​ន ណា​រី បាន​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់ និង​ចាក​ឃ្លាត​ពី​អាជីព ។ អស់ទាំង​ប្រាក់ ជំងឺ​នៅ​តែ​រួមរឹត​ដើរទៅ​ណា​មិន​រួច ធ្វើ​ឲ្យ​ស្ត្រី​ដែល​ពឹង​លើ​អាជីព​សិល្បៈ​រូប​នេះ​អស់សង្ឃឹម​ក្នុង​ជីវិត ។ 

«​ប្រឡូក​សិល្បៈ​ជិត​២០​ឆ្នាំ​មកនេះ​ខ្ញុំ​គ្មាន​សល់​អ្វី​ជាប់​នឹង​ខ្លួន​ទេ ក្រៅពី​ជំងឺ​ដែល​មើល​មិនជា ព្រោះតែ​ការ​សម្តែង​សិល្បៈ​របស់ខ្ញុំ​សម្រាប់​តែ​ដូរ​បាយ​សម្រាប់​ចម្អែ​ក​ក្រពះ​» ។ នេះ​គឺជា​ការ​លើក​ឡើង​របស់​តារា​សម្ដែង​ជើង​ចាស់​អ្នកស្រី ឈុ​ន ណា​រី ហៅ​យាយ​ស្វិត បច្ចុប្បន្ន​កំពុង​តែ​មាន​ជំងឺ​ធ្ងន់ និង​មិន​មាន​ប្រាក់​ព្យាបាល​បន្ត ។

រូបរាង​កាយ​ស្គមស្គាំង តារា​សម្តែង​វ័យ​៦៥​ឆ្នាំ​រូប​នេះ​រៀបរាប់​ពី​ទុក្ខ​លំបាក​របស់​ខ្លួន​ទាំង​ទឹកភ្នែក​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា អ្នកស្រី​កើត​ជំងឺ​ក្រិន​ថ្លើម ទាច​ទឹក និង​គីស​ក្នុង​ពោះ​ជា​ច្រើន​ឆ្នាំ​មក​ហើយ ។ ពី​ដំបូង​ឈឺ​ល្មម​ទេ ប៉ុន្តែ​ដោយ​មិន​មាន​ប្រាក់​គ្រប់គ្រាន់​ព្យាបាល ក៏​ធ្ងន់​ឡើងជា​លំដាប់ ។ ជំងឺ​របស់​អ្នកស្រី​ណា​រី ចាប់ផ្ដើម​ធ្វើទុក្ខ​ខ្លាំង​ជិត​១​ឆ្នាំ​មក ហើយ​ៗ​បាន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ជា​ច្រើន តែ​គ្រូពេទ្យ​ប្រាប់​ថា មិន​មាន​សង្ឃឹម​ទេ ដ្បិតអី​ជំងឺ​នេះ​ចូល​ដល់​ដំណាក់កាល​ធ្ងន់ បើ​ព្យាបាល​ត្រូវការ​ប្រាក់​ច្រើន ។ ដោយ​មិន​មាន​ប្រាក់​ទិញ​ថ្នាំ បច្ចុប្បន្ន​អ្នកស្រី​ឈុ​ន ណា​រី ពឹង​ទៅ​លើ​ថ្នាំខ្មែរ​ក្នុង​ការ​ព្យាបាល ។

តារា​សម្ដែង​ដែល​មានស្រុក​កំណើត​នៅ​ស្រុក​ប្រសូត ខេត្តស្វាយរៀង រូប​នេះ មិន​មាន​សង្ឃឹមថា ជំងឺ​ដែល​កំពុង​តែ​យាយី​គាត់ អាច​ព្យាបាល​ជា​ទេ ដូច្នេះ​ហើយ​គាត់​រស់នៅ​ក្នុង​ក្ដី​អស់សង្ឃឹម ។ បច្ចុប្បន្ន​អ្នកស្រី​ណា​រី រស់នៅ​ជាមួយ​ប្តី​ជា​យោធិន​ពិការ និង​កូនស្រី​ម្នាក់​ដោយ​ស្នាក់​នៅ​លើ​ដី​ម្តាយក្មេក​នៅ​ស្រុក​កំណើត​ប្តី​ក្នុង​ឃុំ​ចុង​កៅស៊ូ ស្រុក​ស្ល​ក្រាម ខេត្តសៀមរាប ។​ដោយសារ​តែ​ធ្លាក់ខ្លួន​ឈឺ បច្ចុប្បន្ន​ក្រុម​គ្រួសារ​អ្នកស្រី​ណា​រី ត្រូវ​ពឹងផ្អែក​ទាំងស្រុង លើ​ប្រាក់​សោធន​និវត្តន៍​៣០​ម៉ឺន​រៀល​ក្នុង​មួយ​ខែ​របស់​ប្តី ។

អ្នកស្រី​ឈុ​ន ណា​រី និយាយ​ទាំង​ទឹកភ្នែក​ថា «​ពេល​ខ្លះ​ខ្ញុំ​ត្រូវធ្វើ​ដំណើរ​ពី​ខេត្តសៀមរាប​ទាំងឈឺទាំងជា​មក​សម្តែង​ភាពយន្ត​ដែល​មួយ​ថ្ងៃ​ថត​បាន​ពី​២០​ទៅ​៣០​ដុល្លារ​ដើម្បី​ជួយ​ដល់​គ្រួសារ ពិសេស​កូនស្រី​ដែល​កំពុង​សិក្សា​នៅ​សាកលវិទ្យាល័យ​ទោះបីជា​កាត់​សា​ហ៊ុយ​ធ្វើ​ដំណើរ​សល់​តិចតួច​ក្តី ។ អ្វី​ដែល​ខ្ញុំ និង​ស្វាមី​ខិតខំរ​ស់ទាំង​ត្រដរ​នោះ គឺ​ចង់​ឃើញ​កូនស្រី​តែ​មួយ​របស់ខ្ញុំ​រៀនសូត្រ​ចប់​ចុង​ចប់​ដើម​មាន​ការងារ​ល្អ រស់នៅ​ចាក​ទុក្ខវេទនា​ដូច​បច្ចុប្បន្ន​»​។

ក្នុង​រយៈពេល​ជិត​២០​ឆ្នាំ​មកនេះ អ្នកស្រី​ឈុ​ន ណា​រី សម្តែង​ភាពយន្ត​មិន​តិច​ជាង​១០០​រឿង​ទេ ភាគច្រើន​ជា​តួអង្គ​អ្នកបម្រើ មេដោះ និង​តួ ផ្សេង​ៗ​ទៀត​តាម​តម្រូវការ​របស់​អ្នកដឹកនាំ​រឿង​។ បច្ចុប្បន្ន​អ្នកស្រី​ណា​រី​ចូលរួម​សម្តែង​ម្តង​ម្តា​ល​ប៉ុណ្ណោះ ។ អ្នកស្រី​ណា​រី ទើបតែ​បញ្ចប់​ការ​សម្តែង​រឿង «​ស្ទឹង​ស្នេហា​» និង «​ឡូយ​៩» ប៉ុន្តែ​មិន​ទាន់​បញ្ចប់​ការ​សម្តែង​ក្នុង​ខ្សែភាពយន្ត​រឿង​«​កុលាប​៤​ទង​» នៅឡើយ​ទេ ខណៈ​ដែល​ជំងឺ​ធ្វើទុក្ខ​អ្នកស្រី​មិន​អាច​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ​ទៅ​សម្តែង​បាន ។

ដោយ​ការ​ប្រឹងប្រែង​ដើម្បី​ជីវិត​រស់នៅ​អស់​លទ្ធភាព អ្នកស្រី​ឈុ​ន ណា​រី លើកដៃ​សំពះ​សុំ​ការ​សន្តោស​ប្រណី​ពី​សប្បុរសជន ដោយ​អំពាវនាវ​ឱ្យ​ជួយ​ឧបត្ថម្ភ​ដល់​អ្នកស្រី​ផង។
ប្រសិនបើ​សប្បុរសជន​មាន​បំណង​ចង់​ជួយ​ដល់​តារា​សម្ដែង​ជើង​ចាស់​ម្នាក់​នេះ អាច​ទាក់ទង​ទៅ​លេខ​ទូរស័ព្ទ​របស់​អ្នកស្រី​ផ្ទាល់ ០៩៧  ៦០០ ៩២៩៧ និង​លេខ ០៩៦ ៩៣៣ ៥៥ ២៦ ។

លោក​អឹុ​ម ជីវ៉ា ដែល​ខំ​ស្វែងរក​អំណោយ​ពី​សប្បុរសជន​យក​ទៅ​ជួយ​អ្នកស្រី​ឈុ​ន ណា​រី បាន​អំពាវនាវ​ដល់​សប្បុរសជន​ទូទៅ​ឱ្យ​ជួយ​ដល់​អ្នកស្រី​ផង ព្រោះ​គ្រួសារ​អ្នកស្រី​លំបាក​ណាស់រ​ស់ពឹង​ប្រាក់​សោធន​និវត្តន៍​របស់​ប្តី​ពិការ​ក្នុង​មួយ​ខែ​ពី​៣០​ទៅ​៤០​ម៉ឺន​រៀល​ប៉ុណ្ណោះ​៕