ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានីភ្នំពេញ ៖ ​ក្រោយ​ពី​កោះសន្តិភាព​ចុះ​ផ្សាយ​រឿងអាជ្ញាធរ​បិទ​ភ្នែក​ឱ្យ​​ឈ្មួញ​ចាក់​ដី លុប​ប្រឡាយ​មេ​១​ខ្សែ ធ្វើ​ជា​ផ្លូវ​រថយន្ត​ដឹក​ដី​នៅ​ក្នុង​ភូមិ​ស្នូ​ល​​ខ្ពស់ សង្កាត់​កំ​បូល ខណ្ឌ​ពោធិ៍​សែន​ជ័យ​រួច​មក បាន​ធ្វើ​​ឱ្យ​កក្រើក​ដល់​មជ្ឈដ្ឋាន​​នា​នា ជា​ពិសេស​ថ្នាក់ដឹកនាំ​បាន បញ្ចេញ​​ប្រតិកម្ម​ខ្លាំង​ទៅ​លើ​អាជ្ញាធរ ​ដែលធ្វើ​មិនដឹងមិនឮ​ពី​រឿង​នេះ រហូត​លោក​អភិបាល​រាជធានី​ភ្នំពេញ ប៉ា សុ​ជាតិ​វង្ស បាន​បញ្ជា​​ឲ្យ​អាជ្ញាធរ​ខណ្ឌ​កាយ​ចេញ​វិញ​ជា​បន្ទាន់ ព្រោះ​គ្មាន​នរណា​ម្នាក់​ថក​លើ​ម​ធំ​ពាសមេឃ ហ៊ាន​ចាក់​ដី លុប​ប្រឡាយ​បែប​នេះ​ឡើយ​។

បន្ទាប់​ពី​មាន​បញ្ជា​ដ៏​ម៉ឺងម៉ាត់ ប្រកបដោយ​ភាព​ឈ្លាសវៃ របស់​លោក​អភិបាល​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​២៤ ​កុម្ភៈ ​២០១៦ គេ​បាន​សង្កេត​ឃើញ វត្តមាន​លោក ហែម ដា​រិ​ទ្ធិ អភិបាល​ខណ្ឌ និង​លោក សេង គន្ធ ដែល​ជា​អភិបាលរង​ខណ្ឌ បាន​ចុះ​ទៅ​កាន់​ទីនោះ​ដាក់​គ្រឿងចក្រ​កាយ​យក​អាច​ម៏​ដី ចេញពី ប្រឡាយ​នោះ យ៉ាង​តក់ក្រហល់​ផង​ដែរ​ ។ ប៉ុន្តែ​អ្វី​ដែល​ស្មាន​មិន​ដល់​នោះ ក្រោយ​​ពី​ការ​ពិនិត្យ ការ​កាយ​ដី​រួច លោក​មិន​បាន​ទទួលស្គាល់​ថា នោះ​ជា​ប្រឡាយ​ទេ គឺ​លោក​បាន​ហៅ​វា​ថា ជា​ភ្លឺ​ភ្លោះ​ទៅ​វិញ ហើយ​​លោក​បាន ចេញ​របាយ​ការ​ណ៏ ជា​ផ្លូវការ​មួយ​ច្បាប់​ជូន​ទៅ​លោក អភិបាល​រាជធានី​ភ្នំពេញ ក៏​ថា​មិនមែន​ជា​ប្រឡាយ​ដែរ គឺ​លោក​​ដាក់​ក្នុង​របាយ​ការ​ណ៏​ថា ជា​ភ្លឺ​ភ្លោះ​ទៅ​វិញ នេះ​ជា​រឿង​អស់សំណើច​មួយ​។

នៅ​ក្នុង​របាយ​ការ​ណ៏ មួយ​ច្បាប់​ដែល​មានការ​ចុះហត្ថលេខា របស់​លោក​គឺ​បាន​រៀបរាប់​ជូន​លោក អភិបាល​រាជធានី​ថា កំណាត់​ផ្លូវ​ខាងលើ​នេះ ត្រូវ​បាន​លោក កែប សុខា​មាន ដែល​មាន​ដីស្រែ​នៅ​ក្បែរ​ភ្លឺ​ភ្លោះ នេះ និង​ជា​អ្នក​កាយ​ដី​ផង​នោះ បាន​ចាក់​ដី​លុប​ភ្លឺ​ភ្លោះ​ធ្វើ​ជា​ផ្លូវ ដោយ​អាជ្ញាធរ​ខណ្ឌ​ពុំ​បានដឹង​ឮ​ឡើយ ។​ប៉ុន្តែ នៅ​ថ្ងៃ​ទី​២៣ ខែកុម្ភៈ ឆ្នាំ​២០១៦ កាសែត​កោះសន្តិភាព​បែរជា​ចុះ​ផ្សាយ​ថា
អាជ្ញាធរ​សង្កាត់ និង​ខណ្ឌពោធិ៍សែនជ័យ ឃុបឃិត​ឱ្យ​ឈ្មួញ​ចាក់​ដី​លុប​ប្រឡាយ​មេ​១ខ្សែ​ ​។

ទទួល​បាន​ព័ត៌មាន​នេះ​ភ្លាម នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែកុម្ភៈ ឆ្នាំ​២០១៦ ក្រុមការងារ​សាលា​ខណ្ឌ ដឹកនាំ​ដោយ​ខ្ញុំបាទ​ផ្ទាល់ បាន​ចុះ​ពិនិត្យ​ដល់ទី​តាំង​ជាក់ស្ដែង ទើប​ដឹង​ថា​ការ​ពិត​ប្រជាពលរដ្ឋ​ទាំង​ពីរ​ភូមិ បាន​ឯកភាព​គ្នា​ជា​ឯកច្ឆន្ទ ឲ្យ​លោក កែប សុខ​មាន ដែល​មាន​គ្រឿងចក្រ​នៅ​ទីនោះ​ស្រាប់ ជួយ​ចាក់​ដី​លុប ភ្លឺ​ភ្លោះ ដើម្បី​ធ្វើ​ផ្លូវ​ត​ភ្ជាប់​ភូមិ​ទាំង​ពីរ​នេះ (​ភូមិ​ស្នួល​ខ្ពស់​និង​ភូមិ​តា​ភេ​ម​) ដោយ​ពួក​គាត់​ស្ម័គ្រចិត្ត​ចំណាយ​ដី ជាប់​នឹង​ភក​លឺ​ភ្លោះ​នេះ ១​ម៉ែត្រ​ម្ខាង​ដើម្បី​ដាក់​លូ ឬ​ធ្វើ​ជា​ប្រឡាយ អម​សងខាង​ផ្លូវ​។

​ទោះជា​យ៉ាងនេះ​ក្ដី សាលា​ខណ្ឌ​បាន​ឲ្យ​លោក កែប សុខ​មាន កាយ​ដី​លើ​ភ្លឺ​ភ្លោះ​ឲ្យ​ដូច​ទ្រង់ទ្រាយ​ដើម​វិញ ហើយ​មិន​អនុញ្ញាត​ឲ្យ ធ្វ​ផ្លូវ​បន្ត​ទៀត​ទេ​។​លុះត្រាតែ​ប្រជាពលរដ្ឋ​ទាំង​ពីរ​ភូមិ​នេះ ធ្វើ​ពាក្យ​ស្នើរ​សុំ​ទៅ​សាលា​រាជា​ធានី​ភ្នំពេញ តាម​រយៈ​ភូមិ សង្កាត់ និង​ខណ្ឌ ទើប​អាច​ធ្វើ​ផ្លូវ​នេះ​បាន​។ ប្រជាពលរដ្ឋ​បាន​និយាយ​ថា នេះ​គឺជា​ប្រឡាយ​ពិត​ៗ វា​មិនមែន​ជា​ភ្លឺ​ភ្លោះ ដូចដែល​លោក​អភិបាល ខណ្ឌ​អះអាង​នោះ​ឡើយ ពាក្យ​ថា​ភ្លឺ​ភ្លោះ​ឬ​ទរ គឺ​មាន​ភ្លឺ​ពីរ​រត់​ស្របគ្នា​ដែរ ប៉ុន្តែ​ទំហំ​មាត់​លើ​របស់​វា ត្រឹមតែ​៣​ឬ ៤​តឹក​ប៉ុណ្ណោះ​ត្រូវ​ចេះ​ស្វែង​យល់​ផង​ទាន​។

ចំ​ណែ​ប្រឡាយ​មួយ​ខ្សែ​នេះ មាន​ទំហំ​មាត់​លើ ៤​ទៅ​៥​ម៉ែត្រ និង​បណ្ដោយ​ដល់​ទៅ​ជាង​២​ពាន់​ម៉ែត្រ​ឯណោះ រឿង​អី​ត្រូវ​ហៅ​ថា​ភ្លឺ​ភ្លោះ​កើត​ទៅ​។ ម្យ៉ាងទៀត​ប្រឡាយ​ដែល ត្រូវ​ចាក់​លុប​អស់​១​កំណាត់​នេះ វា​មាន​រាង​ជា​អក្សរ​តេ ដោយ​ចុង​កំបុត​ត្រឹម​កន្លែង​ដែល​ចាប់ផ្ដើម​កាយ​ដី​ចេញ វិញ ហើយ​ទៅ​មុខ​ទៀត មាន​ប្រឡាយ​កាត់​ទទឹង​មួយ​ខ្សែ​ទៀត យ៉ាង​វែង​ដូច្នេះ​បាន​វា​មាន​រាង​ដូច​អក្សរ​តេ ។ ប្រភព​ដដែល​បាន​បន្ត​ថា បើ​និយាយ​ថា​ពួក​គាត់ បាន​ឯកភាព​គ្នា​ជា​ឯកច្ឆន្ទ ឲ្យ​លោក កែប សុខ​មាន ដែល​មាន​គ្រឿងចក្រ​នៅ​ទីនោះ​ស្រាប់ ជួយ​ចាក់​ដី​លុប ភ្លឺ​ភ្លោះ ដើម្បី​ធ្វើ​ផ្លូវ​ត​ភ្ជាប់​ភូមិ​ទាំង​ពីរ​នេះ ដូច​ជា​មិន សម​ទេ គឺ​ឈ្មួញ​ខាងលើ​ហាក់​មាន​អំណាច​ខ្លាំង​ណាស់ ដូច​មាន​អ្នកធំ​ណា​ម្នាក់​នៅ​ពីក្រោយ​ខ្នង​ចឹ​ង ។

ព្រោះ​ដាក់​គ្រឿងចក្រ​ដល់​ទៅ​២​គ្រឿង ជីកដី​ចាក់​លុប​ប្រឡាយ​ដោយ​ខ្លួនឯង​ទេ ហើយ​ឮ​ថា​មាន​គម្រោង​ជីក រណ្ដៅ និង​ធ្វើ​ផ្លូវ​ចូល​ទៅ​ទីតាំង​ពុះ​ដី​ឡូត៍​ផង​ដែរ តែ​មិនដឹង​ថា​ឈ្មួញ​នេះ ធ្វើ​ខ្លួនឯង​ឬ​មាន​គេ​ជួល​គ្រឿងចក្រ របស់​គាត់​ធ្វើ​ទេ​។ ប៉ុន្តែ​ពួក​គាត់​បានដឹង​ខ្លះ​ៗ​ថា ឈ្មួញ​ខាងលើ​មាន​ដី​ខ្លួនឯង​មួយ​ចំហៀង និង​ដី​អ្នក​ផ្សេង​មួយ ចំហៀង នៅ​តំបន់​នោះ និង​ទាល់តែ​ចាក់​ដី​លុប​ប្រឡាយ ទើប​អាច​ចូល​ទៅ​បាន ដូច្នេះ​បាន​ខំប្រឹង​ម្លឹ​ង​ៗ និង បាន​យក​លេស​ថា ធ្វើ​ផ្លូវ​ជូន​ប្រជាពលរដ្ឋ​។ ប៉ុន្តែ​បើ​ធ្វើ​ផ្លូវ​នៅ​ក្នុងភូមិ​ពួក​គាត់​វិញ ទើប​ត្រេកអរ​ជាង ព្រោះ ប្រឡាយ​ទុក​សម្រាប់​ធ្វើស្រែ ម្យ៉ាង​ទោះជា​ចាក់​ដី​លុប ក៏​មិន​អាច​ធ្វើ​ជា​ផ្លូវ​ត​ភ្ជាប់​ភូមិ ទាំង​ពីរ​នោះ​បាន​ដែរ ព្រោះ​វា​ស្ថិត​នៅ​កណ្ដាល​វាលស្រែ ហើយ​ក៏​គ្មាន​អី​សំខាន់​ត្រូវធ្វើ​ដំណើរ​តាម​ផ្លូវ​នោះ ក្រៅពី​ការ​ធ្វើស្រែ​នោះ​ទេ ។

ប្រជាពលរដ្ឋ​បាន​បន្ត​ថា ពួក​គាត់​មិន​បានដឹង​ថា ក្រុម​ឈ្មួញ​ចាក់​ដី​លុប​ប្រឡាយ​នេះ​ឡើយ ព្រោះ​រវល់ ការងារ​រកស៊ី លុះ​ក្រោយ​ពេល​ឈ្មួញ​ចាក់​លុប​រួចរាល់ ទើប​ដឹង​ហើយ​កុំ​ជឿ​ថា​ពួក​គាត់ចំណាយ​ដី​១​ម៉ែត្រ សម្រាប់​ជីក​ប្រឡាយ​អម​ផ្លូវ​នោះ​ឡើយ និយាយ​រួម​ពួក​គាត់​មិន​បាន​ឯកភាព​ឲ្យ​ចាក់​ដី​លុប​ប្រឡាយ​អី​ទេ ។​

ក្រុម​ឈ្មួញ​នោះ​រំលោភ​យក​ប្រឡាយ​ដោយ​ខ្លួនឯង​ប៉ុណ្ណោះ ម្យ៉ាង​ទៀ​លោក​មេ​ភូមិ ក៏​និយាយ​ខុស​ដែរ​ដែល ថា​ពួក​គាត់​សប្បាយចិត្ត​និង​ការ​លុប​នោះ ព្រោះ​មេ​ភូមិ​មិន​មាន​ដី​នៅ​តាម​បករ​ឡាយ​នោះ​ទេ ហើយ​អ្នក​ដែលទៅ​ពេល​ដែល​លោក​អភិបាល​ខណ្ឌ​ចុះ​ទៅ​នោះ ក៏​មិនមែន​ជា​អ្នកមាន​ដី​នៅ​អម​ប្រឡាយ​នោះ​ដែរ ពេល​នេះ ពួក​គាត់​សំណូមពរ​ឲ្យ​ថ្នាក់លើ ជួយ បើ​កាយ​ចេញ​ហើយ កុំ​ចាក់​លុប​វិញទៀត​អី ត្រូវ​រក្សា​ទុក​ប្រឡាយ​ដូច​ដើម​វិញ​ចុះ ។