ណាហ្គាវើល អវត្តមាន​កីឡាករ​សំខាន់​២​រូប​ពេល​ប៉ះ​ទ័ព​ស្អែក​នេះ

ក្រុម​ណាហ្គាវើល ​នឹង​ត្រូវ​អវត្តមាន​កីឡាករ​សំខាន់​២​រូប​គឺ​ខ្សែ​ការពារ ស៊ុន សុវណ្ណរិទ្ធី ​និង​ខ្សែ​ប្រយុទ្ធ​កូរ៉េ​ខាង​ត្បូង Park Yongjun ​ក្នុង​ជំនួប​សប្ដាហ៍​ទី​២ ​ពាន​រង្វាន់​លីគ​កំពូល​កម្ពុជា​ជាមួយ​ក្រុម​ក្រសួង​ការពារ​ជាតិ ​នៅ​ល្ងាច​ម៉ោង​៣: ៣០​នាទី​ស្អែក​នេះនៅ​ពហុ​កីឡដ្ឋាន​ជាតិ​។

 

ណាហ្គាវើល អវត្តមាន​កីឡាករ​សំខាន់​២​រូប​ពេល​ប៉ះ​ទ័ព​ស្អែក​នេះ

 

បើ​តាម​សម្ដី​របស់​លោក មាស ចាន់ណា ​គ្រូ​បង្វឹក​របស់​ក្រុម​ណាហ្គាវើល​បាន​បញ្ជាក់​ឱ្យ​ដឹង​ថា​ការ​ប្រកួត​នៅ​ថ្ងៃ​ស្អែក​ជា​ការ​ប្រកួត​ដ៏​តានតឹង​មួយ​ព្រោះ​ក្រុម​ទ័ព​ជា​ក្រុម​កំពុង​ឡើង​ជើង​ខ្លាំង ខណៈ​ដែល​ក្រុម​របស់​លោក​ក៏​ត្រូវ​អវត្តមាន​កីឡាករ​សំខាន់​២​រូប​ថែម​ទៀត។

 

ខ្សែ​ការពារ ស៊ុន សុវណ្ណរិទ្ធី ​មាន​បញ្ហា​របួស​តិចតួច ​ដោយ​អាច​នឹង​ខកខាន​ត្រឹម​តែ​សប្ដាហ៍​នេះ​ប៉ុណ្ណោះ ប៉ុន្តែ​សម្រាប់​ Park Yongjun ​វិញ ​ត្រូវ​បាន​ក្រុម​គ្រូ​ពេទ្យ​បញ្ជាក់​ថា​អាច​នឹង​អវត្តមាន​ដល់​សប្ដាហ៍​ក្រោយ តែ​សាមី​ខ្លួន​បាន​ប្រាប់​ថា​នឹង​ត្រលប់​មក​វិញ​ឱ្យ​បាន​លឿន​បំផុត។

 

ក្រុម​ចំណាត់​ថ្នាក់​លេខ​២​កាល​ពី​រដូវ​កាល​មុន ​បាន​ចាប់​ផ្ដើម​ប្រកួត​ដំបូង​របស់​ខ្លួន ដោយ​បាន​ត្រឹម​តែ​ស្មើ​ជាមួយ​ក្រុម​វេស្ទើន​ភ្នំពេញ​ក្នុង​លទ្ធផល ០-០ ​ប៉ុណ្ណោះ​៕

 

អត្ថបទ៖ មុន្នី រម្យ