កម្មវិធីអ៊ិមអូស៊ី ១០១ របស់ក្រសួងពាណិជ្ជ នឹងឈានដល់ វគ្គផ្ដាច់ព្រ័ត្រ នៅថ្ងៃទី ២៧ កុម្ភៈ

ភ្នំពេញ៖ កម្មវិធីអ៊ិមអូស៊ី ១០១ គឺជាគំនិតផ្តួចផ្តើមមួយ របស់ក្រសួង ពាណិជ្ជកម្ម មានគោលបំណង ផ្តល់ការអប់រំ និងលើកទឹកចិត្ត ដល់ការចាប់ផ្តើម ដំណើរការ អាជីវកម្មដំបូង របស់សហគ្រិន តាមរយៈការបណ្តុះ បណ្តាល និងប្រឹក្សាយោបល់ នឹងបើកវគ្គ ផ្ដាច់ព្រ័ត្រនៅថ្ងៃសៅរ៍ ទី ២៧ ខែ កុម្ភៈ ឆ្នាំ ២០១៦ស្អែកនេះ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងពាណិជ្ជកម្ម ចេញផ្សាយ នៅព្រឹកថ្ងៃទី ២៦  កុម្ភៈ នេះ បានឲ្យដឹងថា  វគ្គផ្តាច់ព្រ័ត្រនេះ ដើម្បីបង្ហាញ ពីអាជីវកម្ម ទៅកាន់វិនិយោគិន ដែល ១៧ក្រុម បេក្ខជនឆ្នើមជាងគេ នឹងមានរយៈ ពេល១០នាទី ជាឱកាសធ្វើបទបង្ហាញ ចំពោះមុខបណ្តា វិនិយោគិនដ៏មាន សក្តានុពលរបស់កម្ពុជា ក្នុងការប្រកួតប្រជែង ធ្វើយ៉ាងណា ទាក់ទាញដល់ វិនិយោគិនទាំងនោះ ឲ្យផ្តល់ការសហការ គាំទ្រធ្វើ ពាណិជ្ជកម្ម និងផ្តល់នូវ មូលនិធិហិរញ្ញប្បទាន ដល់ពួកគេ"។

ខណៈដែលកម្ពុជាធ្វើសមាហរណកម្មចូល សហគមន៍សេដ្ឋកិច្ច អាស៊ានកាលពី ចុងឆ្នាំ២០១៥  វិស័យពាណិជ្ជកម្ម តាមប្រព័ន្ធ អេឡិចត្រូនិក (E-Commerce) ក្លាយជាឱកាស ធុរកិច្ចប្រកប ដោយចីរភាព សម្រាប់សហគ្រិនកម្ពុជា។ ចំណេះដឹងពីវិធី រៀបចំគម្រោងអាជីវកម្ម ស្វែងរកទីផ្សារ ព្រមទាំងពង្រឹង និងពង្រីកអាជីវកម្មថ្មី ឬអាជីវកម្មដែលកំពុង ដំណើរការស្រាប់ តាមប្រព័ន្ធ អេឡិចត្រូនិក កាន់តែមានសារៈសំខាន់ ខ្លាំងឡើងៗ នាពេលបច្ចុប្បន្ន។

គួរបញ្ជាក់ថា កម្មវិធីអ៊ិមអូស៊ី ១០១ មានគោលបំណង បង្កើនសមត្ថភាព អាជីវករ ពាណិជ្ជករ តាមរយៈការផ្តល់នូវ គោលគំនិតល្អៗ សំខាន់ៗ ទៅលើការចាប់ផ្តើម អាជីវកម្មដំបូង និងអាជីវកម្ម ដែលមានស្រាប់ តាមការបណ្តុះបណ្តាល និងហ្វឹកហ្វឺនផ្សេងៗ៕