បំណកស្រាយ​អាថ៌កំបាំង​យន្តហោះ​នៅក្រោម​បាត​បឹង​នា​ប្រទេស​អាមេរិក​

ថ្មីៗ​នេះ ទើប​មាន​ចម្លើយ​បកស្រាយ​ពី​រូបភាព​ដែល​ថត​បាន​ដោយ Google Maps កន្លងមក បានធ្វើ​ឲ្យ​មានការ​រំជើបរំជួល​ពី​រឿង​យន្តហោះ​១​គ្រឿង មាន​សភាព​ដូចដើម​ទាំងស្រុង ស្ថិតនៅ​បាត​បឹង Harriet នៅ Minneapolis, សហរដ្ឋអាមេរិក ។​​

​មន្ត្រី​អ្នកមុខអ្នកការ​អាមេរិក ទើប​រង​ទទួល​នូវ​ការ “​ឈឺក្បាល​” បន្ទាប់ពី​រូបភាព​របស់​យន្តហោះ​ដឹក​អ្នកដំណើរ​១​គ្រឿង ហាក់ដូចជា​ត្រូវ​លិច​នៅ​បាត​បឹង Harriet ហើយ​ថត​បាន​ដោយ Google Maps ។ ប្រការ​ដែល​ធ្វើ​ឲ្យ​គេ​កាន់តែ​ឈឺក្បាល​ថែមទៀត​នោះ គឺ​អជ្ញាធរ​ពុំមាន​ព័ត៌មាន​អ្វី​ពី​រឿង​យន្តហោះ​ធ្លាក់​ទេ នៅ​តំបន់​នោះ ។​

​ក្រោយ​ការស្រាវជ្រាវ​ពិនិត្យឃើញថា បឹង Harriet ស្ថិតនៅ​ចម្ងាយ​ប៉ុន្មាន​គីឡូម៉ែត្រ​ប៉ុណ្ណោះ ពី​អាកាសយានដ្ឋាន Minneapolis-St Paul Airport ដែល​ក្នុង​១​ឆ្នាំៗ មាន​យន្តហោះ​ឡើង​ចុះ​ប្រមាណ ៤ សែន​គ្រឿង ។​

​អ្នកនាំពាក្យ​របស់ Google Maps អ្នកស្រី Su San បាន​ឆ្លើយតប​នឹង​សំណួរ​ថាៈ រូបភាព​នេះ ប្រហែលជា​ខណៈពេលដែល​ផ្កាយរណប​ណា​១​នោះ​របស់​យើងខ្ញុំ ធ្វើ​ការថត​បាន វា​ស្រប​នឹង​ខណៈពេលដែល​យន្តហោះ​១​គ្រឿង បើក​ឆ្លងកាត់​ពីលើ​ផ្ទៃ​បឹង ។ មានន័យថា រូបភាព​ទាំង​២ ត្រូវបាន​ថត​ក្នុងខណៈពេល​តែ​១ ទើប​វា​គង​គ្នា​ក្លាយជា​រូបភាព​បង្ក​ចម្ងល់​បែបនេះ ។​

​រឿង​ដូចគ្នានេះ ក៏​ធ្លាប់​កើតមាន​ម្តងម្កាល នា​អំឡុង​ពេលមុន​នេះដែរ ៕ ដោយ​៖ សូលី​សា​

បំណកស្រាយ​អាថ៌កំបាំង​យន្តហោះ​នៅក្រោម​បាត​បឹង​នា​ប្រទេស​អាមេរិក​​រូបភាព​យន្តហោះ​ដឹក​អ្នកដំណើរ ស្ថិតនៅ​បាត​បឹង Harriet ថត​បាន​ដោយ Google Maps

ប្រភពៈ CEN