ប៉ូលិស​ស្រុក​កោះធំ ឃាត់ខ្លួន​ជន​ង្ស័​យ​៣​នាក់ រួម​នឹង​ថ្នាំញៀន​១១​កញ្ចប់​

​កណ្តាល: ជនសង្ស័យ​៣​នាក់ បាន​ត្រូវ​សមត្ថកិច្ច​នគរបាល​ស្រុក​កោះធំ​ធ្វើការ​ឃាត់ខ្លួន រួម​នឹង​ថ្នាំញៀន​១១​កញ្ចប់​តូច ខណៈដែល​ជនសង្ស័យ ទាំង​៣​នាក់ រក្សាទុក​នូវ​សារធាតុ​ញៀន​ដើម្បី​ចែកចាយ​។ ការឃាត់ខ្លួន​នេះ ធ្វើឡើង​កាលពី​វេលា​ម៉ោង ជាង​៨​ព្រឹក ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅ​ចំណុច​កំពង់ចម្លង​ឈើខ្មៅ ស្ថិត​ក្នុងភូមិ​ឈើខ្មៅ ឃុំ​ឈើខ្មៅ ស្រុក​កោះធំ ខេត្តកណ្តាល​។​

​លោក ឈឿន ប៊ុន​ឆន អធិការ​ប៉ូលិស​ស្រុក​កោះធំ បានឱ្យដឹងថា ជនសង្ស័យ​៣​នាក់ ដែល​សមត្ថកិច្ច​ឃាត់ខ្លួន ទី​១. ឈ្មោះ សេន សា​រ៉ី អាយុ​១៩​ឆ្នាំ ជនជាតិខ្មែរ​ឥស្លាម ទីលំនៅ​ភូមិ​ប្រ​ធាតុ ឃុំ​ព្រែក​ស្ដី ស្រុក​កោះធំ ខេត្តកណ្ដាល ជា​នេសាទ​។ ទី​២. ឈ្មោះ សារិន ម៉ាប់ អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ ភូមិ​ប្រ​ធាតុ ឃុំ​ព្រែក​ស្ដី ស្រុក​កោះធំ ខេត្តកណ្ដាល ជា​កម្មករ​បើកទូក​ច​ម្ល​ង​ឈើខ្មៅ និង ឈ្មោះ វណ្ណ ណាវី ភេទ​ស្រី អាយុ​២១​ឆ្នាំ មាន​ទីលំនៅ​ភូមិ ដើម​ពោធិ៍ ឃុំ​ជ្រោយ​តាកែវ ស្រុក​កោះធំ ខេត្តកណ្ដាល មុខរបរ មិន​ពិតប្រាកដ​។

​នៅក្នុង​ប្រតិបត្តិ​ការបង្ក្រាប សមត្ថកិច្ច​ដកហូត​បា​ន​វត្ថុតាង​រួមមាន ម្ស៉ៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​សារធាតុ​ញៀន (​ម៉ា​ទឹកកក​Ice) ចំនួន ១១​កញ្ចប់ (​ធំ ២,​តូច​៩) ទូរស័ព្ទដៃ​១​គ្រឿង ប្រអប់​ជ័រ​ចំនួន​១ និង​សម្ភារៈ​សម្រាប់​វេច​ខ្ចប់ ប្រើប្រាស់​គ្រឿងញៀន​មួយចំនួនទៀត ។​

​លោក​អធិការ​បានឱ្យដឹង​ទៀតថា នៅវេលា​កើតហេតុ​ខាងលើ កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​កោះធំ បាន​សហការ​ជាមួយ កម្លាំង​នគរបាល​ប៉ុស្ដិ៍​ជ្រោយ​តាកែវ ប៉ុស្ដិ៍​ឈើខ្មៅ និង​ប៉ុស្ដិ៍​ព្រែក​ស្ដី ចុះបង្ក្រាប​មុខសញ្ញា​លក់ និង ចែកចាយ​គ្រឿងញៀន យ៉ាងសកម្ម នៅ​ចំណុចកើតហេតុ​ខាងលើ ដោយ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​បាន​ម្នាក់ ឈ្មោះ សេន សា​រ៉ី រួម​និង​ថ្នាំញៀន​ចំនួន​២ កញ្ចប់​ធំ​។

​តាម​ការសាកសួរ​ឈ្មោះ សេន សា​រ៉ី បាន​ឆ្លើយ​សារភាពថា ថ្នាំញៀន​ចំនួន​២ កញ្ចប់​ធំ​ខាងលើនេះ​ខ្លួន​បាន​ចូល​លុយ​គ្នា​ទិញ​យកមក​លក់​ជាមួយ ឈ្មោះ សារិន ម៉ាប់ និង ជាមួយ​ឈ្មោះ វណ្ណ ណាវី ភេទ ស្រី អាយុ ២១ ឆ្នាំ​។ បន្តិចក្រោយមក​នគរ​បាល​យើង បានធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ទី ២​ឈ្មោះ សារិន ម៉ាប់ រួម​និង​ថ្នាំញៀន​ចំនួន​៩ កញ្ចប់​តូច​។ តាម​ការសាកសួរ​ឈ្មោះ សារិន ម៉ាប់ បាន​ឆ្លើយ​សារភាពថា ÷ ថ្នាំញៀន​ទាំងនោះ គឺ​ពិតជា​របស់ខ្លួន​បាន​ចូល​លុយ​គ្នា​ជាមួយ​ឈ្មោះ សេន សា​រ៉ី និង ឈ្មោះ វណ្ណ ណាវី ហើយ​នាំគ្នា​ទៅ​ទិញ​ពី​តំបន់​វាល​ខ្សាច់ សង្កាត់​ចក្រ​អង្រែ​លើ រាជធានី​ភ្នំពេញ​។ ក្រោយមក​កម្លាំង​នគរបាល​យើង​ក៏បាន​ឃាត់ខ្លួន​ជនសង្ស័យ​ទី​០៣​ឈ្មោះ វណ្ណ ណាវី តែម្ដង​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៣​នាក់​ខាងលើ និង​វត្ថុតាង​ត្រូវបាន​សមត្ថកិច្ច​ជំនាញ​បញ្ជូន មកកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​កោះធំ ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕​

ប៉ូលិស​ស្រុក​កោះធំ ឃាត់ខ្លួន​ជន​ង្ស័​យ​៣​នាក់ រួម​នឹង​ថ្នាំញៀន​១១​កញ្ចប់​

ប៉ូលិស​ស្រុក​កោះធំ ឃាត់ខ្លួន​ជន​ង្ស័​យ​៣​នាក់ រួម​នឹង​ថ្នាំញៀន​១១​កញ្ចប់​