មន្ទី​សារ​ធា​រណការ​ខេត្ត ដាក់​រូប​នាគ​នៅ​បង្កាន់ដៃស្ពាន ផ្លូវ​ចូល​ក្រុង​ដូន​កែវ​

តាកែវ: ស្ពាន​អូរ​ចំបក់ ដែលជា​ផ្លូវ​ច្រកចូល​ក្រុង​ដូន​កែវ ខេត្តតាកែវ​ត្រូវបាន​គេ​ដាក់​បង្កាន់ដៃ​រូប​ក្បាល​នាគ ដើម្បី​បង្កើន​សោ​ភ័​ណ្ឌ​ភាព នៅក្នុង​ក្រុង បាន​មួយកំរិត​ទៀត​។​

​លោក ណុប នី ប្រធាន​មន្ទី​សារ​ធា​រណៈការ​និង​ដឹកជញ្ជូន​ខេត្ត​បានអោយដឹងថា បង្កាន់ដៃ​ក្បាល​នាគ ដែល​ដាក់​នៅ​បង្កាន់ដៃស្ពាន​ខាងលើ គឺជា​គម្រោង​របស់​មន្ទី​សារ​ធា​រណៈការ​ខេត្ត សហ​ការណ៍​ជាមួយ​អាជ្ញាធរ​ក្រុង​ដូន​កែវ​។​

​លោក ណុប នី បានអោយដឹង​ទៀតថា​រូប​នាគ មាន​ក្បាល​៤ មុខ​២​ក្រោយ​២ មាន​កំពស់​ប្រវែង ៣.៦៥​ម ប្រវែង​១៣​ម នៅ​ពីមុខ​ក្បាល​នាគ​នីមួយៗ មាន​ដាក់​រូប​តោ​ថ្មរ​ចំនួន​៤​បន្ថែមទៀត​ដែរ​។ បន្ទាប់ពី​ដាក់​បង្កាន់ដៃ​រូប​ក្បាល​នាគ និង រូប​តោ​រួច និង​ដាក់​បង្គោល​សុវត្ថិភាព​ស្លាក​សញ្ញា​និង​គំនូស ចរាចរណ៍​ព្រមទាំង​មាន​គំរោង បង្គោល​ភ្លើង សម្រាប់​បំភ្លឺ​ផងដែរ​។​

​ការដាក់​រូប​ក្បាល​នាគ​និង​រូប​តោ​នៅ​បង្កាន់ដៃស្ពាន​ត្រូវបាន​ចាប់ផ្ដើម កសាង​នៅ​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៦ ហើយ​និង​គ្រោង​បញ្ចប់​នៅ​ថ្ងៃទី​២៥ ខែ​មិនា ឆ្នាំ​២០១៦​ខាងមុខនេះ​។​

​ដើម្បី​បញ្ជៀ​ស​ការកកស្ទះ​ចរាចរណ៍​និង​កាត់បន្ថយ​ចរាចរណ៍ លោក ឡាយ វណ្ណៈ អភិបាល​ខេត្តតាកែវ បាន​មានប្រសាសន៍ថា មិន​ថា​នៅ​ទីក្រុង ឫ នៅតាម​បណ្ដារ​ស្រុក​ត្រូវតែ​កសាង​និង​ជួសជុល ផ្លូវថ្នល់​អោយបាន​ខ្វាត់ខ្វែង ធំ​ទូលាយ ហើយ​មាន​គុណភាព​ខ្ពស់​ដើម្បី បំពេញ​តំរូវការ របស់​ប្រជាពលរដ្ឋ​។​

​ដោយ​មើលឃើញ​មាន​ផ្លូវថ្នល់​កំពុងតែ​កសាង​ជួសជុល ប្រទាក់ក្រឡា​គ្នា​ខ្វាត់ខ្វែង មាន​ថ្នល់​ចាក់​កៅស៊ូ មាន​ផ្លូវ​ចាក់​គ្រួស នៅក្នុង​ទីក្រុង ក៍​ដូចជា​នៅតាម​ស្រុក ប្រជាពលរដ្ឋ​បាននាំគ្នា​និយាយថា ព្រោះ​តែមាន​ថ្នាក់ដឹកនាំ​និង​មន្ត្រី​ជំនាញ​ល្អ ទើប​ទីក្រុង​និង​តាម​បណ្ដា​ស្រុក មាន​សន្តិសុខ​សណ្ដាប់ធ្នាប់​ល្អ​៕​

មន្ទី​សារ​ធា​រណការ​ខេត្ត ដាក់​រូប​នាគ​នៅ​បង្កាន់ដៃស្ពាន ផ្លូវ​ចូល​ក្រុង​ដូន​កែវ​