ពលរដ្ឋ​បន្ត​រិះគន់​ដល់​អាជ្ញាធរ និង​ប៉ូលិស​ប្រចាំ​ច្រកទ្វារ​ជ្រៃ​ធំ បើកដៃ​ឱ្យ​វៀតណាម ឆ្លង​ចូលមក​កម្ពុជា ធ្វើ​សកម្មភាព​ល្មើសច្បាប់​

​កណ្តាល: ប្រជាពលរដ្ឋ​ក្នុង​ខេត្តកណ្តាល នៅតែ​បន្តធ្វើ​ការរិះគន់​ដល់​អាជ្ញាធរ និង​ប៉ូលិស​អន្តោ​ប្រវេ​ស​ប្រចាំ​ច្រក​ទ្ធា​រ​ជ្រៃ​ធំ ដោយ​ចោទប្រកាន់ថា មិន​យកចិត្តទុកដាក់​ទៅលើ​ជន​អន្តោ​ប្រវេ​ស​ខុសច្បាប់ ពិសេស​បាន​បើកផ្លូវ​ឲ្យ​ជនជាតិ​វៀតណាម​ឆ្លង​ចូលក្នុង​ទឹកដី​កម្ពុជា ធ្វើ​សកម្មភាព​ល្មើសច្បាប់ ជាច្រើន ករណី​។

​ជាក់ស្តែង​ដូចជា​ករណី​នេសាទ​ត្រី​ដោយ​ប្រើប្រាស់​ឧបករណ៍​ខុសច្បាប់ និង​ដើរ​លក់​ឆ្នោតជាតិ​វៀតណាម​ជាដើម បន្ទាប់ពី​បទល្មើស​ទាំង​នោះ ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​បង្ក្រាប​ចាប់បញ្ជូន​ជនជាតិ​វៀតណាម​ទាំងនោះ​ទៅ​ប្រទេស​របស់ខ្លួន​វិញ ហើយ​បែរជា​ពួកគាត់​បានឃើញ ជនជាតិ​វៀតណាម មុខ​ដដែលៗ​ទាំងនោះ​មាន​វត្តមាន​នៅក្នុង​ទឹកដី​កម្ពុជា ហើយ​ធ្វើ​សកម្មភាព​បទល្មើស​ដដែល ដោយ​មិនមាន ការបង្ក្រាប​បន្តទៀត​នោះ​។​

​ប្រជាពលរដ្ឋ​បាន​រំលឹក​បន្ថែមថា ជាក់ស្តែង​ដូចជា​នៅ​ថ្ងៃទី​៨ ខែ មករា ឆ្នាំ ២០១៦ សមត្ថកិច្ច​ប៉ូលីស​ស្រុក​កោះធំ បាន​ក្រសោប​ជនជាតិ​វៀតណាម ចំនួន​១៨ នាក់​ដែល​បាន​ឆ្លង​ចូលមក​ប្រទេស​កម្ពុជា​ដោយ​ខុសច្បាប់ ហើយ​ថែមទាំង​បាន​ដើរ​ធ្វើ​សកម្មភាព​លក់​ឆ្នោតជាតិ​វៀតណាម​យ៉ាង អនាធិបតេយ្យ​នោះ​បញ្ជូន ទៅ​ប្រទេស​របស់ខ្លួន​វិញ ប៉ុន្តែ​បាន​ពីរ​បី​ថ្ងៃ​ក្រោយមក ពួកគាត់​ស្រាប់តែ​បានឃើញ​ជនជាតិ​វៀតណាម​មុខ​ដដែល​នោះ ដើរ​លក់​ឆ្នោតជាតិ​វៀតណាម​នៅក្នុង​ទឹកដី​កម្ពុជា ដូចជា​នៅក្នុង​ស្រុក​កោះធំ ស្រុក​ស្អាង និង​ក្រុង​តាខ្មៅ​យ៉ាង​ងងើល​ដដែល ហើយ​ការឆ្លង​ចូលមក​កម្ពុជា គឺ​ភាគច្រើន​នៅពេល​យប់​។​

​ប្រជាពលរដ្ឋ​បានដាក់​ការសង្ស័យថា ទំនងជា​ត្រូវរ៉ូវ​ជាមួយ​ប៉ូលីស​ច្រក​ទ្ធា​រ​ព្រុំដែន​ជ្រៃ​ធំ​ហើយ ទើប​ជនជាតិ​វៀតណាម​ទាំងនោះ អាច​ឆ្លង​ចូលមក​កម្ពុជា​ដោយ​រលូន​បែប​នេះនោះ​។​

​ពាក់ព័ន្ធ​និង​ការរិះគន់​ចោទប្រកាន់​នេះ អ្នកយកព័ត៌មាន​គេហទំព័រ C.E.N  យើង​មិនអាច​សុំ​ការពន្យល់​ពី​លោក ខឹម វិ​ចិ​ត្រា នាយប៉ុស្តិ​នគរបាល​អ​ន្តោ​ប្រវេ​ស​ប្រចាំ​ច្រក​ទ្ធា​រ​ជ្រៃ​ធំ​បានទេ ដោយសារ​ទូរស័ព្ទ​រប​ស់លោក​ទាក់ទង​ចូល​តែ​ពុំមាន​អ្នក​លើក​ទទួល​។​

​ទោះជា​យ៉ាងណាក៏ដោយ បញ្ហា​ទាក់ទង និង​ជនជាតិ​វៀតណាម​ដែល​បាន​ឆ្លង​ចូលមក​កម្ពុជា​មុខ​ដដែលៗ ហើយ​បានធ្វើ​សកម្មភាព ល្មើសច្បាប់ ដដែលៗ​នេះ ប្រជាពលរដ្ឋ​និយាយថា វា​ជាការ​អាម៉ាស់​ខ្លាំងណាស់​សម្រាប់​ប្រទេស​កម្ពុជា​យើង ពិសេស គឺ​បាន​ប៉ះពាល់​សតិអារម្មណ៍ របស់​កងកម្លាំង​សមត្ថកិច្ច​ដែល​បាន​ខិតខំ​ប្រឹងប្រែង​ធ្វើការ​បង្ក្រាប​ទប់ស្កាត់ នូវ​ជនបរទេស ដែល​ឆ្លង​ចូលមក ប្រទេស​កម្ពុជា​យើង ដោយ​ខុសច្បាប់ ហើយ​ថែមទាំង​ដើរ​បង្ក​ប្រព្រឹត្ត​បទល្មើស​បាន​ស្រេច​តែ​អំពើ​ចិត្ត​ដូច្នេះ​នោះ​៕​