ជនជាតិ​យួន​នៅតែ​លួច​ឆ្លងដែន​ចូលមក​កាប់​ឈើ​នៅក្នុង​ខេត្តមណ្ឌលគិរី

កាលពី​រសៀល​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០១៦ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនជាតិ​យួន​ចំនួន​៩​នាក់​ដែល​ចូលមក​កាប់​ឈើ​ខុសច្បាប់​នៅតាម​តំបន់​ព្រំដែន​ក្នុងស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី​។ ប្រភពពី​សមត្ថកិច្ច​បា​ន​ឲ្យ​ដឹងថា ជនជាតិ​យួន​ទាំង​៩​នាក់​នោះបាន​ជិះ​ម៉ូតូ​៧​គ្រឿង ព្រមទាំង​មាន​រណារយន្ត​៣​គ្រឿង ហើយ​ត្រូវ​ឃាត់ខ្លួន​នៅ​ខាងក្រោយ​ប៉ុស្តិ៍​របៀង​ការពារ​ព្រំដែន​ប៉ុស្តិ៍​៥ ក្នុង​ឃុំក្រង់​តេះ ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី​។ ប្រជា​សហគមន៍​ក្នុង​ឃុំក្រង់​តេះ បាន​អំពាវនាវ​ឲ្យ​សមត្ថកិច្ច​និង​តុលាការ​ចាត់វិធានការ​លើ​ជនជាតិ​យួន​ទាំងនោះ​តាមច្បាប់​។

តាម​ការអះអាង​របស់​ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​ក្នុង​ឃុំក្រង់​តេះ ក៏បាន​ឲ្យ​ដឹង​ដែរ​ថា ជនជាតិ​យួន​ទាំងនោះ​ចូលមក​អារឈើ​ខុសច្បាប់​លើ​ទឹកដី​ខ្មែរ​កាលពី​រសៀល​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០១៦ ហើយ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​នៅ​ច្រករបៀង​ប៉ុស្តិ៍​៥​។ ក្រោយពេល​ឃាត់ខ្លួន​សមត្ថកិច្ច​កំពុង​សុំ​គោលការណ៍​ពី​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តមណ្ឌលគិរី ដើម្បី​ចាត់វិធានការ​តាមច្បាប់​ទៅលើ​ជនជាតិ​យួន​ទាំងនោះ កុំ​ឲ្យ​ចូលមក​ទឹកដី​ខ្មែរ​តទៅទៀត​។ មេបញ្ជាការ​វរ​សេនា​តូច​ការពារ​ព្រំដែន​លេខ​១០៣ លោក យិន ចាន់ទី ក៏បាន​ឲ្យ​ដឹង​ដែរ​ថា​ពិតជា​មានការ​ឃាត់ខ្លួន​ជនជាតិ​យួន​៩​នាក់​ដែល​ចូលមក​កាប់​ឈើ​លើ​ទឹកដី​ខ្មែរ​មែន​។

ក្រុមមន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​បាន​ឲ្យ​ដឹងថា ដោយសារ​មានការ​បើកដៃ​ពី​សមត្ថ​កិច្ចការពារ​ព្រំដែន​ទើប​ជនជាតិ​យួន​ហ៊ាន​ឆ្លងដែន​ខុសច្បាប់​ចូលមក​កាប់​ឈើ​លើ​ទឹកដី​ខ្មែរ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ក្នុងនោះ​ច្រករបៀង​ប៉ុស្តិ៍​៥​មាន​មន្ត្រី​ឈ្មោះ សំណាង ជា​អ្នកទទួលខុសត្រូវ​ដូច្នេះ​មេបញ្ជាការ​វរ​សេនា​តូច​ការពារ​ព្រំដែន​លេខ​១០៣ គួរ​ចាត់វិធានការ​ទៅលើ​ឈ្មោះ សំណាង ដើម្បី​កុំ​ឲ្យ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​របស់ខ្លួន​បន្តទៀត​។ មានការ​កត់សម្គាល់​ដែរ​ថា ប្រតិបត្តិ​ការទប់ស្កាត់​បទល្មើស​បំផ្លាញ​ព្រៃឈើ​របស់​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ព្រៃឈើ ពុំមាន​ប្រសិទ្ធភាព​នោះទេ​ព្រោះ​បច្ចុប្បន្ន​សកម្មភាព​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ក្នុង​ខេត្តមណ្ឌលគិរី នៅតែ​កើតឡើង​យ៉ាង​ពេញបន្ទុក​។ ជាក់ស្តែង​សូម្បីតែ​ជនជាតិ​យួន​ក៏​បន្ត​ឆ្លងដែន​ខុសច្បាប់​ចូលមក​កាប់​ឈើ​ក្នុង​ទឹកដី​ខ្មែរ​យ៉ាង​គឃ្លើន​ផងដែរ បើទោះបី​មានការ​បង្ក្រាប​ជា​បន្តបន្ទាប់​ក៏ដោយ​៕

vn-mondul-500x280