ព័ត៌មាន​ជាតិ &raquo ព័ត៌មាន​​សេដ្ឋកិច្ច

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន​ទទួល​បាន​អាជ្ញាប័ណ្ណ​ធ្វើ​ប្រតិបត្តិការ​ជា​អ្នក​ដំណើរការ ត​តិ​យ​ភាគី (​ផ្ទេរ​ប្រាក់ និង​ទូទាត់​ប្រាក់​) នៅ​ក្នុង​ឆ្នាំ​២០១០ មាន​តែ​មួយ​គត់ តែ​រហូត​មក​ដល់​ដំណាច់ឆ្នាំ​២០១៥ ក្រុមហ៊ុន​ដែល​ទទួល​បាន​អាជ្ញាប័ណ្ណ​ធ្វើ​ប្រតិបត្តិការ​ផ្ទេរ​ប្រាក់ និង​ទូទាត់​ប្រាក់ បាន​កើនឡើង​ដល់​៩​ក្រុមហ៊ុន​។ នៅ​ដើមឆ្នាំ​២០១៦​នេះ ក្រុមហ៊ុន​លី​ហួរ​វេរ​លុយ ក៏​ទទួល​បាន​អាជ្ញាប័ណ្ណ​ធ្វើ​ប្រតិបត្តិការ​ជា​អ្នកដំណើរ​កា​រត​តិ​យ​ភាគី​មួយ​បន្ថែម​ទៀត ។ ដូចនេះ ក្រុមហ៊ុន​លី​ហួរ​វេរ​លុយ គឺជា​ក្រុមហ៊ុន​ទី​១០ ដែល​ទទួល​បាន​អាជ្ញាប័ណ្ណ​ក្នុង​ការ​ធ្វើ​អាជីវកម្ម ។ នេះ​ជា​ប្រសាសន៍​របស់​លោក គិ​ម វ៉ា​ដា អគ្គនាយក​ត្រួតពិនិត្យ​នៃ​ធនាគារជាតិ​នៃ​កម្ពុជា ថ្លែង​ក្នុង​ពិធី​ប្រគល់​អាជ្ញាប័ណ្ណ​ធ្វើ​អាជីវកម្ម​ផ្ទេរ​ប្រាក់ និង​ទូទាត់​ប្រាក់ ទៅ​ឱ្យ​ក្រុមហ៊ុន​លី​ហួរ​វេរ​លុយ កាលពី​ល្ងាច​ថ្ងៃ​ទី​២៤ កុម្ភៈ នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ ។

លោក គិ​ម វ៉ា​ដា បន្ត​ថា ៖ « បច្ចុប្បន្ន​នេះ ប្រជាជន​ពេញវ័យ​របស់​កម្ពុជា​បាន​និង​កំពុង​ប្រើប្រាស់​សេវាកម្ម​ផ្ទេរ​ប្រាក់ និង​ទូទាត់​ប្រាក់​យ៉ាងច្រើន ដែល​មាន​បរិមាណ​ស្មើនឹង​ពាក់កណ្ដាល​នៃ​ចំនួន​ប្រជាជន​ពេញវ័យ​សរុប បើ​ធៀប​នឹង​មួយ​ទសវត្សរ៍​កន្លង​ទៅ​មាន​មិន​ដល់​១០% នោះ​ទេ ។ កា​រវិ​វត្ត​យ៉ាង​ឆាប់រហ័ស​នេះ បាន​ផ្ដល់​អត្ថប្រយោជន៍​ជា​ច្រើន​ដល់​អ្នក​ប្រើប្រាស់​ដូច​ជា កាត់​បន្ថយ​រយៈពេល និង​ថ្លៃ​ចំណាយ​ក្នុង​ការ​ផ្ទេរ​ប្រាក់​, កាត់​បន្ថយ​ហានិភ័យ​ក្នុង​ការ​បាត់បង់​សាច់ប្រាក់ បើ​ធៀប​នឹង​មធ្យោបាយ​ផ្ទេរ​ប្រាក់​មិន​ផ្លូវការ​នានា ដែល​ប្រជាជន​យើង​បាន​ធ្វើ​កន្លង​មក » ។

លោក​ឧកញ៉ា លី​ហួរ អគ្គនាយក​ក្រុមហ៊ុន​លី​ហួរ​គ្រុប បាន​មាន​ប្រសាសន៍​ថា ៖ « ក្រុមហ៊ុន​លី​ហួរ​វេរ​លុយ​ដែល​បង្កើត​ឡើង​នៅ​ពេល​នេះ គឺ​មាន​ទំនាក់ទំនង​យ៉ាង​ល្អ​ជាមួយ​នឹង​លី​ហួរ​ប្តូរ​ប្រាក់​ដែល​មាន​ស្រាប់ និង​មាន​អតិថិជន​គ្រប់​ខេត្ត​-​ក្រុង​ទូ​ទាំង​ប្រទេស​កម្ពុជា ហើយ​ការ​បង្កើត​លី​ហួរ​វេរ​លុយ​នេះ​ដែរ ត្រូវ​បាន​រៀបចំ​សម្រាប់​អតិថិជន​គ្រប់​លំដាប់​ថ្នាក់ ជា​ពិសេស អតិថិជន​កម្រិត​ទាប ក៏​កាន់តែ​ងាយស្រួល ។ កាលពីមុន​លី​ហួរ​ប្តូរ​ប្រាក់​បាន​រៀបចំ​ការ​ផ្ទេរ​ជា​លក្ខណៈ​ធំ​ៗ​ប៉ុណ្ណោះ តែ​ពេល​នេះ​យើង​អាច​ធ្វើ​បាន​គ្រប់​កម្រិត​ទាំងអស់ ។ អតិថិជន​អាច​ធ្វើ​បាន​ពីរ​ផ្នែក​ក្នុង​ពេល​តែ​មួយ​បាន គឺ​វេរ​លុយ​ផង និង​ប្តូរ​ប្រាក់​ផង ដោយ​ភ្ជាប់​ជាមួយ​ហាងឆេង​រូបិយប័ណ្ណ » ។

លោក​ឧកញ៉ា​បន្ត​ថា ៖ « កេរ្តិ៍ឈ្មោះ​របស់​ក្រុមហ៊ុន​លី​ហួរ​គ្រុប បាន​មក​ដល់​សព្វ​ថ្ងៃនេះ គឺ​ដោយសារ​តែ​ភាព​ស្មោះត្រង់ តម្លាភាព មិន​កេងប្រវ័ញ្ច និង​ចាត់​ទុក​អតិថិជន​ជា​ដៃគូ​អាជីវកម្ម​ដ៏​ល្អ ។ ក្នុង​ឆ្នាំ​១៩៨៦ លី​ហួរ​ប្តូរ​ប្រាក់​បាន​បើក​ឡើង​ដោយ​មាន​លក្ខណៈ​ទ្រង់ទ្រាយ​តូច និង​ជា​លក្ខណៈ​ជា​គ្រួសារ​ប៉ុណ្ណោះ តែ​ក្រោយមក​ដោយសារ​តែ​ភាព​ស្មោះត្រង់ តម្លាភាព និង​មិន​កេងប្រវ័ញ្ច​នេះ​ហើយ ទើប​ធ្វើ​ឱ្យ​អគារ​ប្តូរ​ប្រាក់​លី​ហួរ ចាប់ផ្ដើម​បោះ​សំឡេង​បន្តិច​ម្ដង​ៗ​នៅ​លើ​ទីផ្សារ​កម្ពុជា និង​ឈាន​ទៅ​រក​ទីផ្សារ​អន្តរជាតិ ។

ដោយ​ផ្ដើម​ចេញពី​អគារ​ប្តូរ​ប្រាក់​លី​ហួរ​នេះ យើង​បាន​បង្កើត​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​មួយ​ចំនួន​ទៀត​ដូច​ជា ក្រុមហ៊ុន​រតនៈ​អលង្ការ​, លី​ហួរ​ហាង​បញ្ចាំ​, បុរី​វិមាន​ភ្នំពេញ​, គ្រឹះស្ថាន​​មីក្រូហិរញ្ញវត្ថុ​លី​ហួរ ភី​អិ​ល​ស៊ី​, លី​ហួរ​លី​ស៊ី​ង ភី​អិ​ល​ស៊ី និង​លី​ហួរ​ផេ​ប្រ៉ូ ភី​អិ​ល​ស៊ី ជា​សេវាកម្ម​ផ្ទេរ​ប្រាក់ និង​ទូទាត់​ប្រាក់ » ។

លោក​ឧ​ញ៉ាប​ញ្ជា​ក់ថា ៖ « ក្រុមហ៊ុន​លី​ហួរ​ផេ​ប្រ៉ូ ភី​អិ​ល​ស៊ី ក្រោម​ស្លាក​សញ្ញា​ពាណិជ្ជកម្ម​លី​ហួរ​វេរ​លុយ បាន​ទទួល​អាជ្ញាប័ណ្ណ​ពី​ធនាគារជាតិ​នៃ​កម្ពុជា លេខ ត​ត​គ ២០-០១-២០១៦ ដែល​ផ្ដល់​សេវាកម្ម​ផ្ទេរ​ប្រាក់ និង​ទូទាត់​ប្រាក់​ដូច​ជា សេវាកម្ម​ផ្ទេរ​ប្រាក់​ក្នុងស្រុក ចេញ​ប័ណ្ណសមាជិក សេវាល​ក់កាត​ទូរស័ព្ទ និង​សេវា​ទូទាត់​សង​ប្រាក់ (​ទូទាត់​វិក្កយបត្រ​ទឹក ភ្លើង បើក​ប្រាក់ខែ​) និង​ទូទាត់​ប្រាក់​ក្នុង​បរិមាណ​ច្រើន » ។

លោក​ឧកញ៉ា​បញ្ជាក់​បន្ថែម​ថា ៖ « បច្ចុប្បន្ន​នេះ លី​ហួរ​វេរ​លុយ មាន​ភ្នាក់ងារ​ជាង​១.៥០០​កន្លែង​ទូ​ទាំង​ប្រទេស និង​កំពុង​ទទួល​ភ្នាក់ងារ​បន្ថែម​ទៀត​សម្រាប់​ត្រៀម​ដំណើរការ​នៅ​ចុងខែ​ឧសភា​ខាង​មុខ​នេះ » ៕