លោក Conte ស្ថិត​យ៉ាង​ប្រកៀកក្នុង​ការ​ទទួល​បាន​ការ​ងារ​នៅ Chelsea ក្រោយ​ពីកិច្ច​ពិភាក្សា​ផ្សេង​ៗ

លោក Antonio Conte បាន​ស្ថិត​យ៉ាង​ប្រកៀកក្នុង​ការក្លាយ​ជា​អ្នក​ចាត់​ការ​ទូទៅ​បន្ទាប់​របស់​ក្រុម Chelsea ក្រោយ​ពីការ​​ពិភាក្សា​ជា​វិជ្ជ​មាន​មួយ​​រវាង​​​អ្នក​តំណាង​របស់​លោក និងក្លិប​​ស្ថិតក្នុង​ក្រប​ខ័ណ្ឌ Premier League មួយនេះ កាល​ពីថ្ងៃ​ព្រហស្បតិ៍​ ម្សិល​មិញ​។

antonio-conteអ្នក​ចាត់​ការ​ទូទៅ​​របស់​ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​អ៊ី​តាលី​រូប​នេះ ពិត​ជា​ចង់​ចូល​កាន់​តំណែង​ជំនួស​លោក Guus Hiddink នា​រដូវ​ក្តៅ​ខាង​មុខ​នេះ ហើយ​បច្ចុប្បន្ន កំពុង​តែ​សង្ឃឹម​ថា នឹង​ទទួល​បាន​ការ​ផ្តល់​ជូន​នូវ​កិច្ច​សន្យា​មួយ​ក្នុង​រយៈ​ពេល​១០​ថ្ងៃ​ទៀត​។ អតីត​អ្នក​ចាត់​ការ​ទូទៅ​របស់​ក្រុម Juventus វ័យ​៤៦​ឆ្នាំ​រូប​នេះ បានក្លាយ​ជា​​គ្រូ​បង្វឹក​ម្នាក់​ក្នុង​ចំណោម​គ្រូ​បង្វឹក​បីនាក់​ដែល​ស្ថិ​ត​ក្នុង​បញ្ជី​ឈ្មោះ​របស់​ក្លិប Chelsea ប៉ុន្តែ បានក្លាយ​ជា​​បេក្ខ​​ភាព​នាំ​មុខ​គេ​លើ​​គូ​ប្រជែង​ពីរនាក់​ទៀត​គឺលោក Massimiliano Allegri ដែល​ជា​គ្រូ​បង្វឹក​របស់​ក្លិប Juventus នា​ពេល​បច្ចុបន្ន និងគ្រូ​បង្វឹក​របស់​ក្រុម Atlético Madrid លោក Diego Simeone ក្នុង​ប៉ុន្មាន​សប្តាហ៍ថ្មី​ៗនេះ​។

លោក Allegri អាច​នឹង​ត្រូវ​បាន​បញ្ចុះ​បញ្ចូល​ឲ្យ​បាន​បន្ត​នៅក្នុង​ក្លិប Juventus ខណៈ​ដែល​លោក Simeone កំពុង​តែ​បង្ហាញ​ពីភាពលំ​បាក​ក្នុង​ការ​ចាក​ចេញពី​ការ​ងារ​នា​ពេល​បច្ចុប្បន្ន​របស់​លោក​។ ទាំង​ក្លិប Atlético និង Juventus នៅ​តែ​ស្ថិតក្នុង​ការ​ប្រជែង​ដណ្តើម​ពាន​​ក្នុងស្រុក និង​​នៅអឺ​រ៉ុប ខណៈ​ដែល Juventus បាន​បញ្ចប់​ក្នុង​លទ្ធផល​ស្មើ ២-២ ជា​មួយ​នឹងក្រុម Bayern Munich ក្នុង​ការ​ប្រកួត​ជើង​ទី​មួយ​នៃក្រប​ខ័ណ្ឌ Champions League វគ្គ​១៦ក្រុម​ចុង​ក្រោយ​របស់​​ពួក​គេ កាល​ពី​ថ្ងៃ​អង្គារ ស្រប​ពេលក្រុម​ Atletico របស់​អេ​ស្ប៉ាញ បាន​បញ្ចប់ក្នុង​លទ្ធផល​ស្មើ ០-០ នៅ​លើ​ទឹក​ដីក្រុម PSV Eindhoven​។ លោក Conte នឹង​ចប់​កិច្ច​សន្យា​​របស់​លោកនៅ​​រដូវ​ក្តៅនេះ និង​បាន​ធ្វើ​​ឲ្យ Chelsea មានការ​ចាប់​អារម្មណ៍ អំឡុង​ការ​ពិភាក្សា​គ្នា​​ជា​ច្រើនលើកកាល​ពី​ខែ​មុន​។ កិច្ច​ប្រជុំ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ត្រូវ​បាន​ចាត់​ទុក​ថា «ជា​ជំហាន​វិជ្ជ​មាន»។ នេះ​បើ​យោង​ទៅ​តាម​ប្រភព​ជិត​ដិត​ទៅនឹង​ការ​ចរ​​ចា​គ្នា​នេះ​៕

ប្រភព​ព័ត៌​មាន​៖ The Guardian