ក្រសួងព័ត៌មាន គ្មានគម្រោងបង្កើត អគ្គស្នងការ ព័ត៌មានឯករាជ្យ ដោះស្រាយបញ្ហា ច្បាប់សិទ្ធិទទួលព័ត៌មាន

ភ្នំពេញ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌មាន បានអះអាងថា ក្រសួងមិនមាន គម្រោង បង្កើតស្ថាប័ន អគ្គស្នងការព័ត៌មាន ឯករាជ្យសម្រាប់ ដោះស្រាយបញ្ហានានា ពាក់ព័ន្ធនឹងច្បាប់ ស្ដីពីសិទ្ធិទទួលព័ត៌មាននោះទេ។ យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានកម្ពុជា(AKP)។

ការថ្លែងអះអាង របស់លោក ខៀវ កាញារីទ្ធ បែបនេះ បានធ្វើឡើង បន្ទាប់ពីមានការស្នើពី អង្គការសង្គមស៊ីវិល ឱ្យក្រសួងព័ត៌មាន រៀបចំបង្កើត ស្ថាប័នអគ្គស្នងការ ព័ត៌មានឯករាជ្យ សម្រាប់ដោះស្រាយ ពាក្យបណ្ដឹង ពាក់ព័ន្ធនឹងការអនុវត្ដ ច្បាប់ស្ដីពីសិទ្ធិ ទទួលព័ត៌មាន កាលពីពេលថ្មីៗនេះ។

លោករដ្ឋមន្រ្តីបានថ្លែង ក្នុងកិច្ចប្រជុំពិភាក្សាស្ដីពី សេចក្ដីព្រាងច្បាប់ ស្ដីពីសិទ្ធិទទួលព័ត៌មាន កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦ នាទីស្ដីការក្រសួងថា ការដោះស្រាយ រឿងក្ដីពាក់ព័ន្ធនឹង ស្ថាប័នសាធារណៈ ឬមន្រ្ដីទទួលបន្ទុកព័ត៌មាន ដែលមិនបានឆ្លើយតប ឬបញ្ជាក់ឱ្យបាន ច្បាស់លាស់ តាមការស្នើសុំ របស់ប្រជាពលរដ្ឋ ឬសាធារណជន សំណុំរឿងនេះ ត្រូវអនុវត្ដន៍ តាមប្រព័ន្ធតុលាការ។

លោកបានបន្ថែមថា " ការបង្កើតអគ្គស្នងការ ព័ត៌មានឯករាជ្យ សម្រាប់ដោះស្រាយ ពាក្យ បណ្ដឹងដែល ប្រជាពលរដ្ឋ ឬសាធារណជន បានប្ដឹងទាក់ទង នឹងការស្នើសុំ ព័ត៌មាននៅតាម ស្ថាប័នសាធារណៈនោះ អង្គការសង្គមស៊ីវិល អាចប្រមូលផ្ដុំ បង្កើតឡើង ដើម្បីតាមដាន ត្រួតពិនិត្យ និងឃ្លាំមើលលើ ការងារនេះ ។ ប៉ុន្ដែរាជរដ្ឋាភិបាល នឹងមិនបង្កើតឱ្យ មានស្ថាប័ននេះទេ ប្រសិនបើមានរឿងក្ដី ទាក់ទងនឹងច្បាប់ស្ដី ពីសិទ្ធិ ទទួលព័ត៌មាន ឬការស្នើសុំព័ត៌មាន ទៅស្ថាប័នសាធារណៈ ឬមន្រ្ដីព័ត៌មាន មិនបានផ្ដល់ព័ត៌មាន និង បញ្ជាក់អំពីហេតុផល ឱ្យបានច្បាស់លាស់ សាធារណជន ឬអ្នកស្នើសុំអាច ប្ដឹងទៅតុលាការ "។

ក្នុងជំពូកទី៦ មាត្រា២៣ បានលើកឡើងថា ចំពោះការប្ដឹងស្ថាប័ន សាធារណៈ ឬមន្រ្ដី ទទួលបន្ទុកព័ត៌មាន ដែលមិនបានផ្ដល់ព័ត៌មាន ឬត្រូវបានបដិសេធ ដោយពុំបានបញ្ជាក់ មូលហេតុ ឱ្យបាន ច្បាស់លាស់ ដល់សាធារណជន ឬប្រជាពលរដ្ឋ ក្នុងការស្នើសុំព័ត៌មាន អ្នកស្នើសុំ អាចប្ដឹងទៅកាន់ តុលាការ៕

ក្រសួងព័ត៌មាន គ្មានគម្រោងបង្កើត អគ្គស្នងការ ព័ត៌មានឯករាជ្យ ដោះស្រាយបញ្ហា ច្បាប់សិទ្ធិទទួលព័ត៌មាន