ក្រុមអភិរក្សព្រៃឈើ ប្រាសាទកោះកេរ ផ្តើមយុទ្ធនាការ ផ្សព្វផ្សាយអំពីការងារ អភិរក្សដល់ប្រជា ពលរដ្ឋ

ភ្នំពេញ ៖ ក្រុមការងារផ្សព្វផ្សាយ អប់រំអំពីការងារអភិរក្សព្រៃ ឈើនៅតំបន់ប្រាសាទ កោះកេរ បានចុះជួបប្រជាពលរដ្ឋ ជាង២០០នាក់ នៅវត្តស្រយ៉ង់ ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ ដើម្បីផ្សព្វផ្សាយ និងអប់រំប្រជាពលរដ្ឋឲ្យយល់ដឹង អំពីតម្លៃនៃការងារអភិរក្ស និងគោលការណ៍ សំខាន់ៗដែលត្រូវអនុវត្តក្នុងតំបន់អភិរក្សនៃប្រាសាទកោះកេរ។

លោក ឈរ ថាណាត អគ្គនាយករងអាជ្ញាធរជាតិអប្សរា និងជាប្រធានគណៈកម្មការ ចម្រុះគ្រប់គ្រង អភិរក្ស ព្រៃឈើតំបន់ប្រាសាទកោះកេរ បានថ្លែងថា "ព្រៃឈើនិងបេតិកភណ្ឌគឺ ជារបស់យើង ទាំងអស់គ្នា បើប្រជាពលរដ្ឋយើងចូលរួម គឺមិនត្រឹមតែឈប់កាប់បំផ្លាញ ព្រៃឈើប៉ុណ្ណោះទេ តែក៏អាច ជួយ ពន្យល់ណែនាំឲ្យអ្នកផ្សេងទៀតចូលរួមដែរ។ មិនត្រឹមប៉ុណ្ណោះ ប្រជាពលរដ្ឋក៏មិនត្រូវឈរ មើលអ្នកណាមកបំផ្លាញព្រៃឈើ និងបេតិកភណ្ឌរបស់យើងដែរ"។

លោក និន ចាន់សាមៀន ប្រធាននាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាននៃ អាជ្ញាធរជាតិអប្សរាបាន ថ្លែងថា "ព្រៃឈើមានប្រយោជន៍៤ យ៉ាងចំពោះប្រាសាទគឺ ព្រៃឈើជារបាំង ខ្យល់មិនឲ្យបក់បោកខ្លាំងមកប៉ះប្រាសាទ ព្រៃឈើការពារចម្រោះទឹក ដែលហូរបុកខ្លាំងមកលើ ប្រាសាទ ព្រៃឈើជារក្សាសំណើមជាប្រចាំចំពោះប្រាសាទ និងជាចុងក្រោយ ព្រៃឈើបានផ្តល់ សោភណភាព ដ៏ស្រស់ស្អាតដល់ប្រាសាទ។ លោករៀបរាប់ថា ប្រាសាទដែលអាចតាំងនៅរាប់ពាន់ឆ្នាំ កន្លងមកនេះ ក៏ដោយសារមានគម្របព្រៃឈើនេះហើយ "។

លោក អ៊ិត ភូម្រា នាយករដ្ឋបាលព្រៃឈើខេត្តព្រះវិហារលើកឡើងថា "ប្រជាពលរដ្ឋទាំងអស់ ត្រូវផ្លាស់ ប្តូរគំនិតពីការកាប់បំផ្លាញ មកជាការចូលរួមថែរក្សាព្រៃឈើវិញ និងបានអំពាវនាវ ឲ្យប្រជាពលរដ្ឋចូល រួមក្នុងការអភិរក្សនេះដែរ តាមរយៈការមិនកាប់បំផ្លាញ ឬរុករានដីធ្វើកម្មសិទ្ធិ និងចូលរួមរាយការណ៍ រាល់ពេលប្រទះបទល្មើសព្រៃឈើផ្សេងៗ ដល់សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ "។

សូមបញ្ជាក់ថា ដើម្បីទប់ស្កាត់បទល្មើសព្រៃឈើនៅតំបន់កោះកេរ ដែលគ្រប់គ្រងដោយអាជ្ញាធរជាតិ អប្សរា រាជរដ្ឋាភិបាលបានបង្កើត គណៈកម្មការចម្រុះមួយ ដែលមានឈ្មោះថា គណៈកម្មការចម្រុះ គ្រប់គ្រង អភិរក្ស និងការពារព្រៃឈើនៅតំបន់ប្រាសាទកោះកេរ កាលពីដើមខែមករាកន្លងទៅនេះ។ ក្រុមការងារនេះមានបេសកកម្មសំខាន់ៗដូចជា ការផ្សព្វផ្សាយអប់រំប្រជាពលរដ្ឋ ឲ្យយល់ដឹងអំពី ការងារអភិរក្សព្រៃឈើ ការងារទប់ស្កាត់បទល្មើសព្រៃឈើជាដើម៕

ក្រុមអភិរក្សព្រៃឈើ ប្រាសាទកោះកេរ ផ្តើមយុទ្ធនាការ ផ្សព្វផ្សាយអំពីការងារ អភិរក្សដល់ប្រជា ពលរដ្ឋ

ក្រុមអភិរក្សព្រៃឈើ ប្រាសាទកោះកេរ ផ្តើមយុទ្ធនាការ ផ្សព្វផ្សាយអំពីការងារ អភិរក្សដល់ប្រជា ពលរដ្ឋ