សម្តេច​វិបុល​សេនា​ភក្ដី ប្រាប់​បងប្អូន​ខ្មែរ នៅ​ប្រទេស​ជប៉ុន រាជរដ្ឋាភិបាល បាននិងកំពុង​ជម្រុញ​យ៉ាងខ្លាំង លើ​ការងារ​អភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម​

ភ្នំពេញ: ​រាត្រី​ថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅ​ស្ថាន​ឯកអគ្គរាជទូត នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​ប្រទេស​ជប៉ុន សម្ដេច​វិបុល​សេនា​ភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា ដែល​កំពុង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​ព្រឹទ្ធសភា​កម្ពុជា​បំពេញ​ទស្ស​កិច្ច​ផ្លូវការ​នៅ​ប្រទេស​ជប៉ុន បាន​អញ្ជើញ​ជួប​សំណេះសំណាល សួរសុខទុក្ខ​បងប្អូន​ប្រជាពលរដ្ឋ និង​នី​ស្សិត​ខ្មែរ ដែល​កំពុង​រស់នៅ​ធ្វើ​ការងារ និង​បំពេញ​ការសិក្សា នៅ​ប្រទេស​ជប៉ុន ។​

​បន្ទាប់ពី​បាន​ស្ដាប់ លោកស្រី ជា គឹម​ថា ឯកអគ្គរាជទូត​កម្ពុ​ជា រាយការណ៍​អំពី​ស្ថានភាព​ជីវភាព​រស់នៅរ​បស់បង​ប្អូន​ប្រជាពលរដ្ឋ និង​និស្សិត​ខ្មែរ ដែល​កំពុង​រស់នៅ ធ្វើ​ការងារ និង​រៀនសូត្រ​នៅ​ប្រទេស​ជប៉ុន​រួចមក សម្ដេច​ប្រធានព្រឹទ្ធសភា បាន​ជម្រាបជូន​អំពី​គោលបំណង និង​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​គណៈប្រតិភូ​ព្រឹទ្ធសភា​កម្ពុជា​នៅ​ប្រទេស​ជប៉ុន ដែល​ទើបនឹង​បញ្ចប់​ហើយ​ទទួលបាន​ជោគជ័យ និង​លទ្ធផល​ផ្លែផ្កា​ល្អ ។​

​សម្ដេច​ភក្ដី មានប្រសាសន៍ថា " ដំណើរ​បំពេញ​ទស្សនកិច្ច​របស់​គណៈប្រតិភូ​យើង​នាពេលនេះ គឺ​បានរួម​ចំណែក​ដល់​ការលើកកម្ពស់​ចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​ឲ្យ​កាន់តែ​ស៊ីជម្រៅ​ថែមទៀត ជា​គុណប្រយោជន៍​សម្រាប់​ប្រជាជន និង​ប្រទេស​ទាំង​២​ផង ទាំង​ពេលបច្ចុប្បន្ន និង​ពេលអនាគត ។​
​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ គណៈប្រតិភូ​យើង​បាន​ជួបពិភាក្សា​ទ្វេរ​ភាគី​ជាមួយ លោក ម៉ាសា​អាគី យ៉ាម៉ា​ហ្សា​គី ប្រធានព្រឹទ្ធសភា​ជប៉ុន , ជួប​សម្ដែង​ការគួរសម និង​សវន​ការ ជាមួយ លោក តា​ដា​មូ​រី អូ​ស៊ី​ម៉ា (Tadamori Oshima) ប្រធានរដ្ឋសភា និង​ជាមួយ​លោក Shinzo ABE នាយករដ្ឋមន្ត្រី នៃ​ប្រទេស​ជប៉ុន ។​
​គ្រប់​ជំនួប​ទាំងអស់​ភាគី​ទាំងពីរ​បាន​ជូន​ព័ត៌មាន​ទៅវិញទៅមក​អំពី​សភាព​ការណ៍​នៃ​ប្រទេស​នីមួយៗ និង​ផ្លាស់ប្ដូរ​យោបល់​គ្នា អំពី​សភាពការណ៍​អន្តរជាតិ ដែល​ភាគី​ទាំង​ពីរបាន​យកចិត្តទុកដាក់ ពិសេស​អំពី​បញ្ហា​ប្រឈម​នានា​ដែល​ប៉ះពាល់​ដល់​ស្ថេរភាព សន្តិសុខ និង​សន្តិភាព ក្នុង​តំបន់ ។ ភាគី​ទាំងពីរ​បាន​សម្ដែង​ការអបអរសាទរ និង​វាយតម្លៃ​ខ្ពស់​អំពី​លទ្ធផល​ដ៏​ល្អប្រសើរ​នៃ​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​កម្ពុជា​ជប៉ុន ។ ភាគី​ទាំងពីរ​ក៏បាន​ឯកភាពគ្នា​បន្ត​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​រវាង​ស្ថាប័ន​នីតិប្បញ្ញតិ​កម្ពុជា​-​ជប៉ុន និង​បន្ត​គាំទ្រ​គ្នា​ទៅវិញទៅមក ក្នុង​ក្របខណ្ឌ​សហភាព​អន្តរ​សភា ។​

​សម្តេច​ភក្តី ក៏បាន​ជម្រាបជូន បងប្អូន​ខ្មែរ ដែល​កំពុង​រស់នៅ ប្រក​បរបរ និង​សិក្សា​នៅ​ប្រទេស​ជប៉ុន អំពី​សភាពការណ៍ និង​ស្ថានភាព​នយោបាយ​របស់​ប្រទេស​កម្ពុជា បច្ចុប្បន្ន " រាជរដ្ឋាភិបាល​បាននិងកំពុង​ជម្រុញ​យ៉ាងខ្លាំង​លើ​ការងារ​អភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម លើកកម្ពស់​ជីវភាពរ​ស់​នៅ និង​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាជន លើ​មូលដ្ឋាន​កំណែទម្រង់​ទូលំទូលាយ និង​ស៊ីជម្រៅ ដោយ​ចាត់ទុក​កំណែទម្រង់​គឺជា​អាយុជីវិត​របស់​ប្រទេសជាតិ " ។ ជា​លទ្ធផល​កម្ពុជា​សម្រេច​បាន​កំណើនសេដ្ឋកិច្ច​ជា​មធ្យម ៧% អតិផរណា​ស្ថិតក្រោម ៥%, GDP សម្រាប់​ប្រជាជន​ម្នាក់ៗ បាន ១.៣២៥ ដុល្លារ តម្លៃ​ប្រាក់រៀល​មាន​ស្ថេរភាព ភាពក្រីក្រ​របស់​ប្រជាជន​បាន​ត្រូវ​កាត់បន្ថយ​មក​នៅត្រឹម ១៣,៥% ។ កម្ពុជា​ត្រូវបាន​ចាត់ទុកថា កំពុង​ឈាន​ពី​ប្រទេស​ដែលមាន​ចំណូល​ទាប​ទៅជា​ប្រទេស​ដែលមាន​ចំណូល​មធ្យ​មក​ម្រឹត​ទាប ក្នុង​ឆ្នាំ​២០១៦ នេះ ។​

​រាជរដ្ឋាភិបាល និង​ប្រជាជន​យើង​បាន​ខិតខំ​ច្រើនណាស់ ក្នុងការ​ការពារ កសាង និង​អភិវឌ្ឍ​ប្រទេសជាតិ​។ យើង​ទទួលបាន​លទ្ធផល​គួរ​ជាទី​មោទនៈ ប៉ុន្ដែ​យើង​ក៏​នៅមាន​ចំនុច​សេសសល់​មួយចំនួន​ដែល​រាជរដ្ឋាភិបាល​កំពុងតែ​បន្ត​ដោះស្រាយ​យ៉ាងសកម្ម​ដើម្បី​ជា​គុណប្រយោជន៍​នៃ​ការ​ជម្រុញ​ប្រទេសជាតិ​យើង​ឲ្យ​មានការ​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​ស្របតាម​គន្លង​នៃ​លទ្ធិប្រជាធិបតេយ្យ ដែលជា​បំណងប្រាថ្នា​ដ៏​ពិសិដ្ឋ​របស់​ប្រជាជន​កម្ពុជា​យើង ក៏ដូចជា​សហគមន៍​អន្តរជាតិ​ផងដែរ ។​
​សមិទ្ធផល​ដែល​កម្ពុជា​យើង​សម្រេចបាន​កន្លងមក​មាន​លក្ខណៈ​ធំធេង ដែលជា​មូលដ្ឋាន​ឲ្យ​យើង​ឈោង​ឈានទៅ​សម្រេចបាន​នូវ​សមិទ្ធផល​ធំៗ​និង​ថ្មីៗ​ជាង​ទៀត​នៅពេល​អនាគត​ដើម្បី​ឲ្យ​ប្រទេសជាតិ​យើង​ក្លាយជា​ប្រទេស​ជឿនលឿន​មួយ​នៅក្នុង​តំបន់ ប្រកបដោយ​អារ្យធម៌ មាន​សេចក្ដីស្រលាញ់ គ្មាន​ការកើត​ឡើងវិញ​នូវ​សង្គ្រាម អំពើ​ប្រល័យពូជសាសន៍ និង​ការបែកបាក់​ផ្ទៃក្នុង​ជាតិ​ដូចពេលមុន​ទៀត ។​
​ការរីកចម្រើន​របស់​ប្រទេសជាតិ​យើង​កន្លងមក សុទ្ធតែ​មានការ​ចូលរួម​ពី​ជនរួមជាតិ​យើង​នៅក្រៅ​ប្រទេស ។ បងប្អូន​យើង​បានរួម​ចំណែក​ទាក់ទាញ​សមានចិត្ត ឲ្យ​ប្រទេស​ដែល​បងប្អូន​កំពុង​រស់នៅ​ស្គាល់ និង​យល់​ការពិត​អំពី​ប្រទេស​កម្ពុជា​យើង ដែលជា​អំណោយផល​ល្អ​ដល់​ទំនាក់ទំនង​ការទូត ការផ្លាស់ប្ដូរ​ពាណិជ្ជក​ម្ម និង​លំហូរ​វិនិយោគ ទេសចរណ៍​យ៉ាងច្រើន​ទៅកាន់​កម្ពុជា​យើង ។​

​មុន​បញ្ចប់ សម្ដេច​ប្រធាន​បានផ្ដល់​អនុសាសន៍​ដល់​លោកជំទាវ​ឯកអគ្គរាជទូត និង​មន្ត្រី​ទូត​ទាំងអស់ ត្រូវ​បន្ត​យកចិត្តទុកដាក់​ខ្ពស់​ក្នុងការ​ការពារ​ផលប្រយោជន៍​បងប្អូន​ជនរួមជាតិ និង​និស្សិត​យើង​​ដែល​កំពុង​រស់នៅ ធ្វើ​ការងារ និង​សិក្សា នៅ​ប្រទេស​ជប៉ុន ស្របតាម​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ច្បាប់​របស់​ម្ចាស់​ប្រទេស ដើម្បី​លើ​កម្ពស់​កិត្តិយស សេចក្ដីថ្លៃថ្នូរ កិត្យានុភាព​របស់​កម្ពុ​ជា​យើង​នៅលើ​ឆាក​អន្តរជាតិ ៕

សម្តេច​វិបុល​សេនា​ភក្ដី ប្រាប់​បងប្អូន​ខ្មែរ នៅ​ប្រទេស​ជប៉ុន រាជរដ្ឋាភិបាល បាននិងកំពុង​ជម្រុញ​យ៉ាងខ្លាំង លើ​ការងារ​អភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម​

សម្តេច​វិបុល​សេនា​ភក្ដី ប្រាប់​បងប្អូន​ខ្មែរ នៅ​ប្រទេស​ជប៉ុន រាជរដ្ឋាភិបាល បាននិងកំពុង​ជម្រុញ​យ៉ាងខ្លាំង លើ​ការងារ​អភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម​

សម្តេច​វិបុល​សេនា​ភក្ដី ប្រាប់​បងប្អូន​ខ្មែរ នៅ​ប្រទេស​ជប៉ុន រាជរដ្ឋាភិបាល បាននិងកំពុង​ជម្រុញ​យ៉ាងខ្លាំង លើ​ការងារ​អភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម​