រថយន្តបុក​គោយន្ត​កន្ត្រៃ ពីក្រោយ​ស្លាប់​ម្នាក់ នៅ​ស្រុក​ក្រគរ​

ពោធិ៍សាត់:  បុរស​ម្នាក់​បាន​ស្លាប់ ពេល​បញ្ជូន​ទៅដល់​មន្ទី​រ​ពេទ្យ បន្ទាប់ពី​ជួប​គ្រោះថ្នាក់​រវាង​រថយន្តនិង​គោយន្ត​កន្ត្រៃ បុក​គ្នា​កាលពី​​វេលា​ម៉ោង​៥​ទាបភ្លឺ ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៦នៅ​ចំណុច​ភូមិ​ក្បែ​ង​ជ្រុំ ឃុំ​ត្នោតជុំ ស្រុក​ក្រគរ ខេត្តពោធិសាត់​។​

​ជនរងគ្រោះ​ជា​អ្នកបើក​គោយន្ត ដែល​ស្លាប់​ត្រូវបាន​គេ​ស្គាល់​ថា សេម សារិទ្ធ អាយុ២៧​ឆ្នាំ ។​ចំណែក​អ្នកបើករថយន្ត​បង្ក មិន​ស្គាល់​អត្ត​​សញ្ញាណ បានគេច​ខ្លួន​។​

​មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​១​គ្រឿង​ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌​ស ពាក់​ស្លាកលេខ 3A.2301 បើក​យ៉ាង​លឿន ស្រាប់តែ​មកដល់​ចំណុច​ខាងលើ បាន​បុកគោយន្ត​ពីក្រោយ​ពេញទំហឹង បណ្តាល​ឲ្យ​អ្នកបើក​គោយន្ត រងរបួស​ធ្ងន់ ហើយ​បានស្លាប់​ពេល​បញ្ជូន​ទៅដល់​​មន្ទីរពេទ្យ​។​

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​ជំនាញ បាន​ចុះទៅ​ធ្វើការ​វាស់វែង និង​បាន​យ​កមធ្យោ​យ​ទាំង​២​គ្រឿង ទៅ​រក្សាទុក​បណ្តោះអាសន្ន រង់ចាំ​ដោះស្រាយ​ពេល​ក្រោយ​។

ដោយឡែក​សាកសព​ជនរងគ្រោះ ត្រូវបាន​ប្រគល់ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យតាម​ប្រពៃណី​៕​