CEO រំដួល៖ ការ​មើល​ងាយ​របស់​អ្នក ធ្វើ​ឱ្យ​ខ្ញុំ​កាន់​តែ​រឹងមាំ

“ការ​មើល​ងាយ​របស់​អ្នក ធ្វើ​ឱ្យ​ខ្ញុំ​កាន់​តែ​រឹងមាំ” នេះ​ជា​ទស្សនៈ​របស់​ នុត រត្ថា នាយក​ប្រតិបត្តិ​ក្រុមហ៊ុនរំដួល (ROMDOUL)។ បើ​តាម​ការបញ្ជាក់​របស់យុវតី​ ទស្សនៈ​នេះ​​កើត​ឡើង​ ក្រោយបុគ្គល​មួយ​ចំនួន​មិន​ជឿ​ថា ក្រុមការងារ​របស់​​​កញ្ញាមាន​សមត្ថភាព ​បើក​ក្រុមហ៊ុន​មួយ​បាន។

 

CEO រំដួល៖ ការ​មើល​ងាយ​របស់​អ្នក ធ្វើ​ឱ្យ​ខ្ញុំ​កាន់​តែ​រឹងមាំ រូបភាព​ផ្ដល់​ដោយ​កញ្ញា នុត រត្ថា

“មាន​គេ​​​យល់​ថា ក្រុម​របស់​ខ្ញុំ​​​ក្មេងៗ​មិន​អាច​ទៅ​រួច គេ​អត់​ឱ្យ​តម្លៃ​លើ​សមត្ថភាព និង​ស្នាដៃ​របស់​យើង ដូច្នេះ​ហើយ យើង​​ចង់​ជម្នះ​លើ​ទស្សនៈ​នេះ​។ មនុស្ស​មួយ​ចំនួន​ទៀត​យល់​ថា ទាល់តែ​មាន​ខ្នង​ធំ​ជួយ​ជ្រោមជ្រែង ឬ​ឈរ​ឈ្មោះ​ទើប​ក្រុមហ៊ុន​អាច​ដំណើរការ​ទៅ​បាន…តែ​សម្រាប់​រំដួល គឺ​យើង​ឲ្យ​តម្លៃ​លើ​ទេពកោសល្យ​របស់​បុគ្គល​ម្នាក់ៗ ហើយ​យើង​រួម​ដៃ​គ្នា​បង្កើត​ឲ្យ​មាន​ជា​លទ្ធផល​ល្អ​មួយ​ពិត​ប្រាកដ​”។

 

នាយក​ប្រតិបត្តិ នៃ​ក្រុមហ៊ុន​​ដែល​ទើប​តែ​ចាប់​កំណើត​ក្នុង​ឆ្នាំ ​២០១៦​ បាន​បង្ហើប​ឱ្យ​ដឹង​ទៀត​ថា ក្រុម​របស់​កញ្ញា​ចូលចិត្ត​ធ្វើ​អ្វី​​ប្លែកៗ​ ថ្មីមិន​ចម្លង​គេ ហើយ​ចំណុច​នេះ​ក៏​ធ្វើ​ឱ្យ​មាន​ការ​រិះគន់​ថា មិន​អាច​ទៅ​រួច​ផង​ដែរ។

 

“អ្វី​ថ្មី​ប្លែក យើង​ចង់​ធ្វើ​អា​ហ្នឹង! ក៏​មាន​អ្នក​រិះគន់​​ថា គេ​ធ្វើ​តែ​អ៊ីចេះ​​មិនដែល​​​ធ្វើ​អ៊ីចឹង​ទេ តែ​យើង​ចង់​ជម្នះ​ឱ្យ​បាន ព្រោះ​យើង​គិត​ថា អ្វី​ដែល​គេ​អត់​ធ្លាប់​ជួប​​នឹង​​មាន​ការ​គាំទ្រ​ច្រើន”។

 

ទោះបីជា​យ៉ាងណា ក៏​​​យុវតី​រូប​នេះ​នៅ​មាន​ការ​បារម្ភ​ខ្លះ​ដែរ ព្រោះ​ថា​អ្វីថ្មី​អាច​នាំ​មក​នូវ​ភាព​វិជ្ជមាន និង​អវិជ្ជមាន​ ប៉ុន្តែ​​​​នារី​វ័យ ២៧ ឆ្នាំ បាន​ត្រៀម​ខ្លួន​រួចរាល់​ហើយ​ថា ធ្វើ​យ៉ាងណា​ឲ្យ​ភាព​អវិជ្ជមាន​នោះ​មាន​តិច​បំផុត។

 

ក្រុមហ៊ុន​ថ្មីថ្មោង​ដែល​មាន​សហស្ថាបនិកបី​នាក់ ROMDOUL ជា​ក្រុមហ៊ុន​​ផ្ដោត​លើ​ការ​ធ្វើ  TV Commercial កម្មវិធី​ទូរទស្សន៍ និង​ការ​រៀបចំ​កម្មវិធី​ផ្សេងៗ​ជាដើម៕

 

ស្មោះត្រង់​នឹង​អតិថិជន ប្រាក់​ចំណូល​នឹង​កើន​ឡើង

CEO វ័យក្មេង សេង ពិសិដ្ឋ ប្រាប់​ពី​យុទ្ធសាស្ត្រ រក្សា​បុគ្គលិក​ល្អ​ឱ្យ​នៅ​ធ្វើការ​បាន​យូរ ​

 

អត្ថបទ៖ អ៊ុំ សុភក្តិ