លោក ម៉ម ប៊ុនហេង និង​លោក មិន ឃិន គួរតែ​ជា​គោលដៅ​នៃ​ការផ្លាស់ប្ដូរ​រដ្ឋមន្ត្រី​

មជ្ឈដ្ឋាន​ជាច្រើន​មានការ​ចាប់អារម្មណ៍​យ៉ាងខ្លាំង​ទៅលើ​គម្រោង​របស់​លោកនាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការ​ពិចារណា​ផ្លាស់ប្ដូរ​រដ្ឋមន្ត្រី​មួយចំនួន​នៅក្នុង​ឆ្នាំ​២០១៦​នេះ ហើយ​មហាជន​ក៏បានផ្ដល់​អនុសាសន៍​មួយចំនួន​ដល់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ផងដែរ​។ នៅក្នុង​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ក្រសួងមហាផ្ទៃ កាលពី​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៦ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើង​ពី​ការផ្លាស់ប្ដូរ​រដ្ឋមន្ត្រី​ខ្លះ និង​បាន​រិះគន់​ខ្លាំងៗ​ទៅលើ​លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន និង​លោក អ៊ុក រ៉ាប៊ុន ដែលជា​រដ្ឋមន្ត្រីក្រសួង​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​។ ទាក់ទង​នឹង​បញ្ហា​នេះ​មជ្ឈដ្ឋាន​នានា​ចង់ឃើញ​មានការ​ផ្លាស់ប្ដូរ​រដ្ឋមន្ត្រី​អសកម្ម​មួយចំនួន ដើម្បី​ឲ្យ​ប្រសិទ្ធភាព​ការងារ​របស់​រាជរដ្ឋាភិបាល​កាន់តែ​ប្រសើរ​។

មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​បាន​លើកឡើងថា បើ​មានការ​ផ្លាស់ប្ដូរ​រដ្ឋមន្ត្រី​នៅក្នុង​ឆ្នាំ​២០១៦​នេះ​មែន គឺ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន មិនគួរ​ទុក​ឲ្យ​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល នៅ​កាន់តំណែង​តទៅទៀត​ទេ ព្រោះ​ក្រសួងសុខាភិបាល​បច្ចុប្បន្ន​កំពុង​ប្រឈម​នឹង​ការរិះគន់​យ៉ាងខ្លាំង​ជុំវិញ​រឿងអាស្រូវ​ពុករលួយ​ដែល​ធ្វើ​ឲ្យ​វិស័យ​សុខាភិបាល​កាន់​តែមាន​ភាពទន់ខ្សោយ​។ ទន្ទឹមនឹងនេះ​លោក មិន ឃិន រដ្ឋមន្ត្រីក្រសួង​ធម្មការ​និង​សាសនា ក៏​គួរ​មានការ​ផ្លាស់ប្ដូរ​ចេញ​ផងដែរ ព្រោះ​បច្ចុប្បន្ន​ក្រសួង​នេះ​កំពុង​ល្បីល្បាញ​ខាង​ពុករលួយ ហើយ​ករណី​លក់​ដី​វត្ត​ធ្វើ​ឲ្យ​មានការ​រិះគន់​យ៉ាងខ្លាំង​។ ដោយឡែក​លោក ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួងការបរទេស​និង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ គួរតែ​ជា​គោលដៅ​ដែល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ត្រូវ​ពិចារណា​អំពី​ការផ្លាស់ប្ដូរ ដើម្បី​ឲ្យ​មនុស្ស​ជំនាន់​ក្រោយ​មានលទ្ធភាព​ធ្វើ​ការងារ​បម្រើ​ប្រទេសជាតិ​ខ្លះ​ផង​។

​អ្នកតាមដាន​ស្ថានភាព​ការងារ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​បច្ចុប្បន្ន​បាន​ទទួលស្គាល់ថា ការផ្លាស់ប្ដូរ​រដ្ឋមន្ត្រី​មួយចំនួន​នៅក្នុង​ឆ្នាំ​២០១៦​នេះ គឺជា​រឿង​ស្របទៅតាម​ស្ថានភាព​ជាក់ស្តែង ព្រោះ​រដ្ឋមន្ត្រី​ខ្លះ​អសមត្ថភាព​ធ្វើ​ការងារ ហើយ​រដ្ឋមន្ត្រី​ខ្លះ​មាន​វ័យ​ចំណាស់​ដើរ​ស្ទើរតែ​លែងរួច​ទៅហើយ​។ លោក អ៊ូ វីរៈ ដែលជា​អ្នកវិភាគ​ឯករាជ្យ​បានស្នើ​ឲ្យ​មានការ​ពិនិត្យមើល​រដ្ឋ​មន្ត្រី​មួយចំនួន​ដែល​លោក​ថា មាន​វ័យ​ចំណាស់​និង​មិនមាន​គម្រោង​កែទម្រង់​អ្វី​ទាំងអស់​ដូចជា ក្រសួង​មួយចំនួន​រួមមាន ក្រសួងយុត្តិធម៌ ក្រសួងការបរទេស និង​គណៈរដ្ឋមន្ត្រី​ជាដើម​។ ចំណែក​មជ្ឈដ្ឋាន​ជាច្រើន​បាន​ជំរុញ​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ពិនិត្យ​ទៅលើ​ភាព​អសកម្ម​របស់​រដ្ឋមន្ត្រី​២​រូប គឺ​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល និង​លោក មិន ឃិន រដ្ឋ​ម​ន្ត្រី្ក​ក្រសួង​ធម្មការ​។ ប្រសិនបើ​ទុក​ឲ្យ​រដ្ឋមន្ត្រី​អសមត្ថភាព​នៅ​បន្តការងារ​ដូច​សព្វថ្ងៃនេះ អំពើពុករលួយ​នៅតែ​បន្ត​រាលដាល ហើយ​ប្រជាពលរដ្ឋ​នៅតែ​ប្រឈម​នឹង​ទុក្ខលំបាក​គ្មាន​ទីបញ្ចប់​៕

Mam-Bun-01លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល 1f737445-1210-43b0-bea0-8a10e998fe66លោក មិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា