យោធា​៧​នាក់​ក្នុង​វរ​ការពារ​ព្រំដែន​លេខ​៣០១​កំពុង​ធ្វើទុក្ខបុកម្នេញ​កសិករ​ស្រុក​បុរី​ជលសា ខេត្តតាកែវ

កសិករ​នៅ​ស្រុក​បុរី​ជលសា ខេត្តតាកែវ បាន​អំពាវនាវ​ឲ្យ​លោក ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​លោក ប៉ុល សារឿន អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ ចាត់វិធានការ​លើ​ទាហាន​ខិលខូច​៧​នាក់​ក្នុង​វរ​ការពារ​ព្រំដែន​លេខ​៣០១ នៅ​ស្រុក​បុរី​ជលសា ខេត្តតាកែវ ជាបន្ទាន់​។ ដោយហេតុថា ទាហាន​ទាំង​៧​នាក់​នោះបាន​ស្លៀកពាក់​ឯកសណ្ឋាន ហើយ​នាំគ្នា​ដើរ​សម្លុត​ជំរិត​ទារលុយ​ពី​ប្រជាកសិករ​ដែល​ធ្វើស្រែ​ប្រាំង​ក្នុងស្រុក​បុរី​ជលសា ក្នុង​១​ហិកតា​៩០​ម៉ឺន​ដុង​។ កសិករ​រងគ្រោះ​បាន​ឲ្យ​ដឹង​ទៀតថា ពួកគាត់​បាន​ប្ដឹងទៅ​លោក អេង ឃាង មេបញ្ជាការ​វរ​ការពារ​ព្រំដែន​លេខ​៣០១​ផងដែរ ឲ្យ​ជួយ​ដោះស្រាយ​ប៉ុន្តែ​លោក អេង ឃាង ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​និង​មិន​ជួយ​ដោះស្រាយ​ពួកគាត់​ឡើយ​។

កសិករ​ជាច្រើន​នាក់​ដែលមាន​ដី​ធ្វើស្រែ​ប្រាំង​នៅ​ខាងក្រោយ​សាលាស្រុក​បុរី​ជលសា បាន​ឲ្យ​ដឹងថា រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងទៅនេះ​មាន​ទាហាន​៧​នាក់​បាន​ដើរ​សម្លុត​យកលុយ​ពី​ពួកគាត់​ក្នុង​ស្រែប្រាំង​១​ហិកតា​៩០​ម៉ឺន​ដុង​។ ប្រភព​បាន​ឲ្យ​ដឹងថា ក្នុងចំណោម​ទាហាន​ទាំងនោះ​មាន​ម្នាក់​ឈ្មោះ ធូ ដ​យ បាន​អះអាងថា​ពួកគេ​ទទួលបញ្ជា​ពី​មេ​របស់ខ្លួន​ឈ្មោះ ឡេះ សូ​នី ជា​នាយទាហាន​វរ​ការ​ពារ​ព្រំដែន​លេខ​៣០១​។ នៅពេលដែល​កសិករ​មិន​ព្រម​បង់លុយ​តាម​ការកំណត់ គឺ​ទាហាន​ទាំង​នោះបាន​វាយកម្ទេច​រោង​ចាំ​ស្រូវ​និង​វាយកម្ទេច​សម្ភារៈ​មួយចំនួន ហើយ​យក​ធុង​បាញ់ថ្នាំ​ស្រូវ​របស់​កសិករ​មួយចំនួន​ទៀតផង​។ ដោយសារ​មេបញ្ជាការ​វរ​ការពារ​ព្រំដែន​លេខ​៣០១​ធ្វើ​មិនដឹងមិនឮ​ចំពោះ​អំពើអាក្រក់​របស់​កូនចៅ​ខ្លួន ទើប​កសិករ​ដាក់ពាក្យ​បណ្ដឹង​ទៅ​តុលាការ​ខេត្តតាកែវ ឲ្យ​ជួយ​រក​ដំណោះស្រាយ​។

បញ្ហា​ខាងលើនេះ​លោក ស៊ុត ខុន អភិបាលស្រុក​បុរី​ជលសា បាន​ទទួលស្គាល់ថា លោក​ក៏បាន​ទទួល​ព័ត៌មាន​នេះដែរ ហើយ​កំពុង​ចុះ​ពិនិត្យ​ប្រសិនបើ​មាន​ករណីនេះ​កើតឡើង​មែន អាជ្ញាធរ​នឹង​រាជការ​ទៅ​អង្គភាព​របស់​ទាហាន​ទាំងនោះ​។ ជាមួយគ្នានេះ​ប្រជាកសិករ​រងគ្រោះ​បាន​អំពាវនាវ​ឲ្យ​ថ្នាក់ដឹកនាំ​ក្រសួងការពារជាតិ ពិនិត្យ​ទង្វើ​មិន​ប្រក្រតី​របស់​ទាហាន​ក្នុង​វរ​ការពារ​ព្រំដែន​លេខ​៣០១​ជាបន្ទាន់ ព្រោះ​ពួកគេ​កំពុង​ប្រព្រឹត្ត​ខុសច្បាប់​ដោយ​ជំរិត​យកលុយ​ពី​ប្រជាពលរដ្ឋ​យ៉ាង​គឃ្លើន​។ ជាពិសេស​លោក ប៉ុល សារឿន អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ គួរ​ចាត់វិធានការ​នៅ​លោក អេង ឃាង មេ​បញ្ជា​វរ​ការពារ​ព្រំដែន​លេខ​៣០១ ដែល​បណ្ដោយ​ឲ្យ​កូនចៅ​ក្រោម​ឱវាទ​ធ្វើ​អ្វី​តាម​អំពើ​ចិត្ត​ផងដែរ​។ ក្នុងនោះ​ករណី​លោក អេង ឃាង ល្បីល្បាញ​ខាង​ប្រព្រឹត្ត​អំពើពុករលួយ ល្មម​ដល់​ពេលដែល​ក្រសួងការពារជាតិ ចាត់វិធានការ​តាមច្បាប់​ហើយ​៕

12745933_1562393374075028_7042640886217848873_n 12744283_1562393434075022_2744943458012311308_n 12743675_1562393440741688_2338234794229108684_n