អាជ្ញាធរ​ខេត្ត​កំពង់ធំ​នឹង​ចាត់​វិធានការ​ផ្សព្វផ្សាយ​អំពី​សុវត្ថិភាព​នៃ​ការ​ប្រើប្រាស់​អណ្ដូងទឹក

អាជ្ញាធរ​ខេត្ត​កំពង់ធំ នឹង​អប់រំ​ប្រជាពលរដ្ឋ​អំពី​ការ​ប្រើប្រាស់​អណ្ដូងទឹក​ឱ្យ​បាន​ត្រឹមត្រូវ ជៀសវាង​មាន​គ្រោះថ្នាក់​កើត​ឡើង។ ការ​លើក​ឡើង​បែប​នេះ ក្រោយ​ពេល​ពលរដ្ឋ​ពីរ​នាក់​នៅ​ស្រុក​កំពង់ស្វាយ បាន​ស្លាប់​ភ្លាមៗ ដោយ​ថប់ដង្ហើម​កាល​ពី​រសៀល​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ នៅ​ពេល​ពួកគេ​ចុះ​ស្ដារ​អណ្ដូង។

ក្រោយ​ពេល​មាន​ហេតុការណ៍​អាក្រក់​កើត​ឡើង​ចំពោះ​ប្រជាពលរដ្ឋ​ពីរ​នាក់​នោះ ស្នងការ​នគរបាល​ខេត្ត​កំពង់ធំ លោក ជូ សំអាន បញ្ជាក់​ថា លោក​នឹង​ពង្រឹង​ការ​ផ្សព្វផ្សាយ​ប្រាប់​ប្រជាពលរដ្ឋ​អំពី​បញ្ហា​នានា ជុំវិញ​ការ​ប្រើប្រាស់​អណ្ដូងទឹក​ប្រភេទ​អណ្ដូង​ខ្នោះ ឬ​អណ្ដូង​លូ ឱ្យ​បាន​ត្រឹមត្រូវ។

​លោក​មាន​ប្រសាសន៍​បន្ត​ថា ដោយសារ​ប្រជាពលរដ្ឋ​មួយ​ចំនួន​មិន​សូវ​យល់​ដឹង​អំពី​បញ្ហា​ទាំង​នេះ ទើប​បណ្ដាល​ឱ្យ​ពួកគេ​ងាយ​រងគ្រោះ៖ «ឥឡូវ​នេះ យើង​គ្រាន់​តែ​មាន​គោលការណ៍​ដើម្បី​ផ្សព្វផ្សាយ​ប្រាប់​ប្រជាពលរដ្ឋ​ឱ្យ​គាត់​ដឹង​ពី​ការងារ​ចុះ​ស្តា​ទឹក​អណ្ដូង ឬ​ចុះ​អី​ហ្នឹង»

​កាល​ពី​រសៀល​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ បុរស​ពីរ​នាក់​នៅ​ភូមិ​ថ្នល់​បំបែក ឃុំ​ត្រពាំងឫស្សី ស្រុក​កំពង់ស្វាយ បាន​ស្លាប់​នៅ​ក្នុង​អណ្ដូងទឹក។ អ្នក​ដឹង​ហេតុការណ៍​អោយ​ដឹង​ថា បុរស​ម្នាក់​បាន​ចុះទៅ​ស្ដារ​អណ្ដូង​ទឹក​របស់​ខ្លួន​នៅ​ពេល​ថប់ដង្ហើម បុរស​រូប​នោះ​ក៏​ស្រែក​ឱ្យ​អ្នក​ជិត​ខាង​ជួយ។ បន្ទាប់​ពី​ឮ​សំឡេង​ស្រែក​អោយ​ជួយ បុរស​ម្នាក់​ទៀត​បាន​ចុះទៅ​ជួយ ហើយ​បណ្ដាល​ឱ្យ​ស្លាប់​ទាំង​ពីរ​នាក់​តែម្ដង។

អធិការ​នគរបាល​ស្រុក​កំពង់ស្វាយ លោក ផេង ឈុនគ័រ ឱ្យ​ដឹង​ថា ក្រោយ​ពេល​កើត​ហេតុ​សមត្ថកិច្ច​រួម​នឹង​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​សាកសព​ពលរដ្ឋ​ទាំង​ពីរ​នាក់ គឺ​សន្និដ្ឋាន​ថា មូលហេតុ​បណ្ដាល​ឱ្យ​ពួកគេ​ស្លាប់ ដោយសារ​នៅ​ក្នុង​អណ្ដូង​ទឹក​ដែល​មាន​ជម្រៅ​ប្រមាណ ១០​ម៉ែត្រ​នោះ មិន​មាន​ខ្យល់​អុកស៊ីហ្សែន​សម្រាប់​ដក​ដង្ហើម៖ «ខាង​សមត្ថកិច្ច​យើង​តែ​មាន​ការ​ផ្សព្វផ្សាយ​រហូត​អំពី​ការ​ចុះ​ស្ដារ​អណ្ដូង​អី​ហ្នឹង ក៏​មាន​និយាយ​ដែរ»

​លោក​បន្ត​ថា នេះ​ជា​លើក​ទី​១ សម្រាប់​ប្រជាពលរដ្ឋ​នៅ​ស្រុក​កំពង់ស្វាយ។ យ៉ាង​ណា​សមត្ថកិច្ច​មូលដ្ឋាន​នឹង​យក​ចិត្ត​ទុក​ដាក់​អប់រំ​ដល់​ប្រជាពលរដ្ឋ​បន្ថែម​ទៀត។

នៅ​ប្រទេស​កម្ពុជា ករណី​ពលរដ្ឋ​ស្លាប់​នៅ​ក្នុង​អណ្ដូងទឹក មិន​មែន​ជា​រឿង​ថ្មី​នោះ​ឡើយ ពីព្រោះ​ហេតុការណ៍​គ្រោះថ្នាក់​នេះ បាន​កើត​ឡើង​នៅ​ខេត្ត​មួយ​ចំនួន​ដូចជា​ខេត្ត​សៀមរាប ខេត្ត​ក្រចេះ ជាដើម។ មូលហេតុ​ដូចៗ​គ្នា​ដែល​បណ្ដាល​ឱ្យ​ពលរដ្ឋ​ទាំង​នោះ​ស្លាប់ គឺ​ដោយសារតែ​នៅ​ក្នុង​អណ្ដូង​មិន​មាន​ខ្យល់​ដក​ដង្ហើម។

ទាក់ទង​បញ្ហា​នេះ ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​ការ​អភិវឌ្ឍ និង​សន្តិភាព លោក យង់ គិមអេង មាន​ប្រសាសន៍​ថា អាជ្ញាធរ​នៅ​មិន​ទាន់​មាន​ដំណោះស្រាយ​ប្រសើរ​ណា​មួយ​ចំពោះ​បញ្ហា​នេះ​នៅ​ឡើយ។ ពោល គឺ​ការ​អប់រំ​ប្រជាពលរដ្ឋ​នៅ​តាម​ជនបទ​ពី​វិធី​ការពារ ឬ​របៀប​ប្រើប្រាស់​អណ្ដូងទឹក​នៅ​មិន​ទាន់​បាន​គ្រប់គ្រាន់។ បន្ថែម​ពី​នេះ សូម្បីតែ​ជួយ​ឱ្យ​ពលរដ្ឋ​មាន​ទឹក​ស្អាត​ប្រើប្រាស់​គ្រប់គ្រាន់ ក៏​មិន​ទាន់​មាន​ដែរ។ បញ្ហា​នេះ ទើប​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​នៅ​តែ​ជា​អ្នក​រង​គ្រោះថ្នាក់​ដដែល។

លោក យង់ គិមអេង៖ «មិន​គ្រប់គ្រាន់​ទេ ការ​ផ្សព្វផ្សាយ​កន្លង​មក គ្រាន់តែ​ផ្សព្វផ្សាយ​ថា គ្រោះថ្នាក់ ប៉ុន្តែ​អ្វី​ដែល​ជា​ដំណោះស្រាយ​ដែល​អាជ្ញាធរ​អាច​ជួយ​ពួកគាត់​អត់​មាន»

​លោក​បន្ត​ថា ប្រសិនបើ​រាជរដ្ឋាភិបាល​ប្រាប់​ពី​វិធី​ការពារ រួម​នឹង​ដំណោះស្រាយ​ជូន​ពលរដ្ឋ​ឱ្យ​បាន​ទូលំទូលាយ គឺ​អាច​បញ្ចៀស​មិន​ឱ្យ​មាន​ជនរងគ្រោះ​បន្ត​ទៀត ហើយ​ក៏​បង្ហាញ​ថា អាជ្ញាធរ​បាន​ទទួល​ខុស​ត្រូវ ឬ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​សុវត្ថិភាព​របស់​ប្រជាជន​បាន​ពេញលេញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។