គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​ប្រជុំ​សម្រេច​ផ្តល់​ថវិកា​៧២០​លាន​រៀល​ដល់​ក្រុម​មតិ​ភាគច្រើន​និង​មតិ​ភាគតិច​នៅ​ថ្ងៃទី​១១​មីនា​

ភ្នំពេញ: សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា នឹង​ដឹកនាំ​កិច្ចប្រជុំ​គណៈ ក​ម្មា​ធិ​ការ​អចិន្ត្រៃយ៍​រដ្ឋសភា នៅ​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០១៦ ខាងមុខនេះ ដើម្បី​ពិភាក្សា លើ ថវិកា​ចំនួន​៧២០​លាន​រៀល (​ប្រហាក់​ប្រហែង​ល​ជាង​១៧​ម៉ឺន​ដុល្លារ​) សម្រាប់​ផ្តល់ជូន​ក្រុម ការងារ​សម្លេង​មតិ​ភាគច្រើន និង​ក្រុមការងារ​សម្លេង​មតិ​ភាគតិច នៃ​រដ្ឋសភា យកទៅ​ប្រើ ប្រាស់ នៅក្នុង​កិច្ចការងារ​របស់ខ្លួន សម្រាប់​រយៈពេល​មួយឆ្នាំ​។ នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី​មន្ត្រីជាន់ខ្ពស់​រដ្ឋសភា​។​

សម្តេច​ក្រឡាហោម ស ខេង ប្រធាន​ក្រុមតំណាងរាស្ត្រ​សម្លេង​ភាគច្រើន និង​លោក​កឹម សុខា ប្រធានស្តីទី​ក្រុមតំណាងរាស្ត្រ​សម្លេង​ភាគតិច​នៃ​សភា នឹង​ទទួលបាន​រថយន្ត​លុច​ស៊ី​ស ៥៧០ ម្នាក់​មួយគ្រឿង ពីលើ​ថវិកា​ដែល​រដ្ឋសភា​បាន​ផ្តល់ជូន​។ ប៉ុន្តែ​រថយន្ត​ទាំងពីរ​គ្រឿង​សម្រាប់​សម្តេច​ក្រឡាហោម ស ខេង និង​លោក​កឹម សុខា គឺ​រដ្ឋសភា នឹងធ្វើ​សុំ​ទៅ​រាជរដ្ឋាភិបាល​។ លើសពីនេះ ប្រធាន​ក្រុមតំណាងរាស្ត្រ នៃ​គណបក្ស​ទាំងពីរ ក៏​នឹង​ទទួលបាន​ទីប្រឹក្សា​និង​ការិយាល័យ​ធ្វើការ​ផង​ង​ដែរ​។​

លោក​ឡេង ប៉េងឡុង អគ្គលេខាធិការ និង​ជា​អ្នកនាំពាក្យ​រដ្ឋសភា បាន​មានប្រសាសន៍ ឲ្យ​ដឹងថា គណៈកម្មាធិការ​អចិន្ត្រៃយ៍ នៃ​រដ្ឋសភា គ្រោង​នឹងធ្វើ​ការប្រជុំ​នៅ​ថ្ងៃទី​១១ ខែមីនា ខាងមុខនេះ ដើម្បី​ពិភាក្សា​លើ​ថវិកា​ដែល​សម្រេច​ផ្តល់ជូន​ក្រុមការងារ​តំណាងរាស្ត្រ​សម្លេង​មតិ​ភាគច្រើន និង​សម្លេង​មតិ​ភាគតិច​។ ចំពោះ​ថវិកា​ចំនួន ៧២០​លាន​រៀល គឺ​ចែក​ទៅតាម​ចំនួន​សមា​មាត្រា​នៃ​ចំនួន​អ្នកតំណាងរាស្ត្រ​ដោយ​តំណាងរាស្ត្រ​ខាង​គណបក្ស​ប្រជាជន​កម្ពុជា មាន​ចំនួន​៦៨​រូប និង​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ចំនួណ​៥៥​រូប​។ ហើយ​ចំពោះ​រថយន្ត​ចំនួន​ពីរ​គ្រឿង សម្រាប់​ប្រធាន​ក្រុមតំណាងរាស្ត្រ​សម្លេង​ភាគច្រើន និង​សម្លេង​ភាគតិច គឺ​ស្នើសុំរ​ទៅ​រាជរដ្ឋាភិបាល​។​

​លោក​បាន​បញ្ជាក់ថា “​ចំពោះ​ថវិកា​នេះ គឺមាន​ដំណើរការ​ពីរ ទី​១.​គឺ​បង់ប្រាក់​បៀវត្ស​ជូន​ជំនួយការ និង​ទីប្រឹក្សា​របស់​ថ្នាក់ដឹកនាំ ចំនួន​១៨​រូប (​ប្រធាន​ក្រុមតំណាងរាស្ត្រ​សម្លេង​ភាគច្រើន និង​ប្រធាន​ក្រុមតំណាងរាស្ត្រ​សម្លេង​ភាគតិច​) អស់​ប្រហែល​ជាង ៣០០​លាន​រៀល​ទី​២.​គឺ​ដំណើរការ នៅសល់​ប៉ុន្មាន​ចែកគ្នា​ទៅប្រើ​សម្រាប់​មួយឆ្នាំ​”​។ ថវិកា​នេះ ត្រូវបាន​ផ្តល់ជូន​ក្រុមការងារ​មតិ​ភាគច្រើន និង​ក្រុមការងារ​មតិ​ភាគតិច​នៅ​រដ្ឋសភា ចាប់តាំងពី​ខែមករា ឆ្នាំ​២០១៦​។​

​សូមជម្រាបថា នេះ​គឺជា​អ្វីដែល​បាន​ផ្តើមចេញពី​វប្បធម៌​សន្ទនា​រវាង​គណបក្ស​ប្រជាជន​កម្ពុជា ជាមួយនឹង​គណបក្ស​ស​ង្គ្រោះ​ជាតិ ដើម្បី​លើ​កម្ពស់​វប្បធម៌​សន្ទនា​ឲ្យ​កាន់តែ​រឹងមាំ​បន្ថែមទៀត ក្នុងការ​ដោះស្រាយ​បញ្ហា​ជាតិ និង​ប្រជាពលរដ្ឋ​ដែលជា​ម្ចាស់ឆ្នោត​។​
​សម្តេច​ក្រឡាហោម ស ខេង ប្រធាន​ក្រុមតំណាងរាស្ត្រ​សម្លេង​ភាគច្រើន និង​លោក កឹម សុខា ប្រធានស្តីទី​ក្រុមតំណាងរាស្ត្រ​សម្លេង​ភាគតិច នៅក្នុង​រដ្ឋសភា បាន​ជួបគ្នា នៅ​វិមាន​រដ្ឋសភា កាលពី​រសៀល​ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ​២០១៦ ដើម្បី​បន្ត​ពិភាក្សា​បញ្ហា​ដែល​នៅ​សេសសល់​ដែល​មិនទាន់បាន​ដោះស្រាយ និង​ស្ថានការណ៍​នយោបាយ​នាពេល​បច្ចុប្បន្ន​៕​