លោក អេង ឆៃអ៊ាង បញ្ជាក់​ពី​ទំនាស់​ដីធ្លី​នៅ​តំបន់ភ្នំ​ព្រះ ក្នុងស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ​

ក្នុង​ដំណើរ​ចុះ​ដោះស្រាយ​ទំនាស់​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​នៅតាម​បណ្តា​ខេត្ត​ជាប់​ព្រំដែន​សៀម​នៅក្នុង​សប្តាហ៍​នេះ លោក អេង ឆៃអ៊ាង តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌលកណ្តាល និង​ជា​ប្រធាន​គណៈកម្មការ​ទី​១​នៃ​រដ្ឋសភា បានបញ្ជាក់​ពី​ទំនាស់​ដីធ្លី នៅ​តំបន់ភ្នំ​ព្រះ ស្ថិតនៅក្នុង​ឃុំ​ថ្មពួក ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ។ មុន​ឆ្នាំ ២០០០ តំបន់​នេះ ជា​តំបន់​ព្រៃស្រោង បច្ចុប្បន្ន​បានក្លាយ​ជា​ដី​វាល មិនមាន​ព្រៃ​ទៀត​ទេ ហើយ​ឥឡូវនេះ មនុស្ស​ពីរ​ក្រុម​កំពុងដណ្តើម​គ្នាយ​កដី​នោះ​ទៅគ្រប់​គ្រង​អាស្រ័យ​ផល​រៀងៗ​ខ្លួន ដែលមាន​ទំហំ​ជាង ២៩៣ ហិកតា ។​

ជុំវិញ​បញ្ហា​ខាងលើនេះ លោក អេង ឆៃអ៊ាង ប្រធាន​គណៈកម្មការ​សិទ្ធិមនុស្ស ទទួល​ពាក្យបណ្តឹង អង្កេត និង​ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា​នៃ​រដ្ឋសភា បាន​ពន្យល់ថា មនុស្ស​ទាំងពីរ​ក្រុម​ខាងលើនេះ​មាន​៖ ក្រុមទី​១-​ជា​អ្នក​ឃុំ​ថ្មពួក មាន​គ្នា​ជាង ១៩០ គ្រួសារ ជា​ម្ចាស់​ទឹក ម្ចាស់​ដី ធ្លាប់​ចេញចូល​ប្រមូល​អនុផល​ព្រៃឈើ កាល​នៅមាន​ព្រៃឈើ  ។ ទីតាំង​ដី​នោះ ស្ថិតនៅ​ចម្ងាយ​ប្រមាណ ៣​ទៅ​៤ គីឡូ​មែត្រ​ពី​ភូមិ​របស់​ពួកគាត់ ។ ក្រុមទី​២-​ជា​មនុស្ស​ពី​ចម្ងាយ មាន​គ្នា ១៤ គ្រួសារ បាន​អះអាងថា បាន​ទិញដូរ​ដី​នោះ ពី​អ្នកភូមិ​នៅ​ថ្មពួក តែ​អ្នកភូមិ​បាន​បដិសេធ ថា ពួកគាត់​មិនបាន​លក់​ដី​នោះ​ឲ្យ​ទៅ​អ្នកណា​ឡើយ ។ កាលពី ខែវិច្ឆិកា ឆ្នាំ ២០១៣ លោក ទ្រី ណារិន អតីត​អភិបាលខេត្ត​បន្ទាយមានជ័យ បាន​សុំ​គោលការណ៍​ពី​រាជរដ្ឋាភិបាល ដើម្បី​បែងចែក​ដី​នេះ ជូន​ប្រជាពលរដ្ឋ ១៩០ គ្រួសារ តែ​ត្រូវ​អាក់ខាន ដោយសារ​លោក​ទទួលមរណភាព​ដោយ​គ្រោះថ្នាក់​ចរាចរណ៍ ។ បន្ទាប់មក​នៅ​ចុងឆ្នាំ ២០១៥ អាជ្ញាធរខេត្ត​បន្ទាយមានជ័យ​ក្រោម​ការដឹកនាំ​របស់លោក គោ​ស៊ុំ សារឿ​ត បាន​សុំ​គោលការណ៍​ពី​រាជរដ្ឋាភិបាល ធ្វើ​ប្លង់​កម្មសិទ្ធិ ឲ្យ​មនុស្ស ១៤ គ្រួសារ លើ​ផ្ទៃដី ២៩៣,១៤ ហិកតា ដែល​ផ្ទុយ​ពី​ជំហរ​របស់​អតីត អភិបាលខេត្ត ទ្រី ណារិន ។​

ទាក់ទង​នឹង​ទំនាស់​ដីធ្លី​នេះ គណៈប្រតិភូ​គណៈកម្មការ​ទី ១ នៃ​រដ្ឋសភា​ដឹកនាំ​ដោយ​លោក អេង ឆៃអ៊ាង ដែល​បាន​ទៅដល់​ទីតាំង​ដី​ទំនាស់ និង​បាន​ជួប​ជាមួយ​ប្រជាពលរដ្ឋ​នៅ​ទីនោះ យល់ឃើញថា ការដែល​អាជ្ញា​ខេត្ត ស​ម្រ​ច​ផ្តល់​ដី​ទំនាស់​ទំហំ ជាង​២៩៣ ហិកតា​នេះ ទៅ​ឲ្យ​មនុស្ស​ចំនួន ១៤​គ្រួសារ  គឺ​អយុត្តិធម៌​ជាទីបំផុត​ចំពោះ​ប្រជាពលរដ្ឋ​ជាង ១៩០ គ្រួសារ​រស់នៅ​ឃុំ​ថ្មពួក ដែលជា​ម្ចាស់​ទឹក ម្ចាស់​ដី ហើយ​គ្មាន​ដី​អាស្រ័យ​ផល ។ ករណី​ខាងលើនេះ លោក អេង ឆៃអ៊ាង ក្នុងនាម​ជា​ប្រធាន​គណៈកម្មការ​ទី ១ នៃ​រដ្ឋសភា បាន​សង្កត់ធ្ងន់ថា លោក​នឹង​សុំ​ឲ្យ​រាជរដ្ឋាភិបាល និរាករណ៍​សេចក្តីជូនដំណឹង​លេខ ១៣៨៥ សជណ ចុះ​ថ្ងៃទី ០២ ខែធ្នូ ឆ្នាំ ២០១៥ ដែល​អនុញ្ញាត​ឲ្យ​គណៈកម្មការ​គ្រប់គ្រង​ដី​រដ្ឋ​ខេត្តបន្ទាយមានជ័យ ផ្តល់​សិទ្ធិ​ជា​កម្មសិទ្ធិ​ឲ្យ​មនុស្ស ១៤ គ្រួសារ ៕

12745453_755610621207569_4720752071696523465_n 12794514_757541357681162_881115771680598683_n 12734119_757540991014532_1117504085038463096_n