ក្រសួងមហាផ្ទៃ ទទួលយកសំណើ លោក ញឹក ប៊ុនឆៃ រំលាយលទ្ធផល សមាជគណបក្ស ហ៊្វុនស៊ិនប៉ិច ដើមឆ្នាំ២០១៥

ភ្នំពេញ៖ ក្រសួងមហាផ្ទៃ បានទទួលយល់ ព្រមរំលាយលទ្ធផល សមាជរបស់គណបក្ស ហ៊្វុនស៊ិនប៉ិច កាលពី ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៥ តបតាមសំណើ របស់លោកញឹក ប៊ុនឆៃ ដែលទើបតែក្លាយ ជាប្រធានគណបក្ស ខ្មែររួបរួមជាតិ បន្ទាប់ពីប្រធានគណបក្សថ្មីថ្មោងរូបនេះ បានស្នើសុំកាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៦កន្លងទៅ។

  ថ្លែងក្នុងសមាជិកលើកដំបូង នៃការប្រកាសជាផ្លូវការនូវការបង្កើតគណបក្សថ្មីរបស់ខ្លួន នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦ នាទីស្នាក់ការក្នុងសង្កាត់ជ្រោយចង្វារ លោក ញឹក ប៊ុនឆៃ បានលើកឡើងថា អង្គសមាជ កាលពីថ្ងៃទី១៩ មករា ដែលបាន ជ្រើសរើសសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ធ្វើជាព្រះប្រធានគណបក្ស ហ៊្វុនស៊ិនប៉ិច គឺបានផ្ទុយទៅនឹងច្បាប់លក្ខន្តិក បទបញ្ជាផ្ទៃក្នុង។

 លោកបានបន្តនៅ ចំពោះមុខអ្នកគាំទ្រ របស់ខ្លួនប្រមាណជា ៣០០០នាក់ថា “អំបាញ់មិញនេះ ខ្ញុំបានទទួល លិខិតឆ្លើយ តបពីក្រសួងមហាផ្ទៃ គាំទ្រដល់ការស្នើសុំ ដែលយើងបានដាក់ស្នើ សុំមោឃភាពលទ្ធផល សមាជនេះហើយ ។ ដូច្នេះខ្ញុំសុំឆ្លៀតក្នុងឱកាសនេះ ជម្រាបដល់សហជីវិន សហជីវនីទាំងអស់មេត្តាជ្រាបថា ទី១. ដែលពាក់ព័ន្ធនឹងបញ្ហា ស្នាក់ការគណបក្សនៅទូទាំងប្រទេស ដែលមាននៅ២១ខេត្ត លើ២៥ខេត្ត សូមសហជីវិន សហជីវនីមេត្តាគ្រប់គ្រង មិនអាចអនុញ្ញាតិឲ្យអ្នកណា មករំលោភបំពានស្នាក់ការនេះបានទេ”។

 ដោយឡែកទិសដៅ សម្រាប់គណបក្សថ្មីថ្មោង របស់ខ្លួន លោក ញឹក ប៊ុនឆៃ មានប្រសាសន៍ថា វ័យកាន់តែ ចាស់ទៅមុខ ហើយ ដូច្នេះប្រហែលធ្វើជាប្រធានគណបក្សនេះត្រឹមតែមួយ ១អាណត្តិប៉ុណ្ណោះ។លោកបន្តថា  “អីចឹងហើយយើងខ្ ញុំនឹងខិតខំប្រមែប្រមូល ជាពិសេសបងប្អូនដែលធ្លាប់ដង្ហែសម្តេចឪ ក្នុងទស្សវត្ស ៨០ហ្នឹង ដើម្បីប្រមូលគ្នាឡើងវិញ រួមសាមគ្គីគ្នាឡើងវិញ ដើម្បីគាំទ្រគណបក្សខ្មែររួបរួមជាតិ”។

 អតីតមន្ត្រីជាន់ខ្ពស់គណបក្សហ៊្វុនស៊ិនប៉ិចរូបនេះ បានបញ្ជាក់ដោយអួតអាងថា ចំណុចខ្លាំងរបស់ គណបក្ស ខ្មែររួបរួមជាតិ គឺបានចងក្រងសរសេរលក្ខន្តិក និងបទបញ្ជាផ្ទៃក្នុងតាមបែបប្រជាធិបតេយ្យ ដោយអំណាច មិនស្ថិតនៅលើប្រធានគណបក្ស គឺអំណាចធ្លាក់ទៅលើគណៈអចិន្ត្រៃយ៍ គណៈនាយក ដូចជាសភារបស់បក្ស ដូច្នេះកិច្ចការធំៗ ត្រូវលើកដាក់ក្នុងសភា ដើម្បីជជែកពិភាក្សាគ្នាអនុម័ត។

 សូមបញ្ជាក់ថា លោក ញឹក ប៊ុនឆៃ បានប្រមូលគៀគរមន្ត្រីជាន់ខ្ពស់គណបក្សហ៊្វុនស៊ិនប៉ិចមួយចំនួន មកបង្កើត គណបក្សថ្មី មួយទៀត បន្ទាប់ពីលោកមិនពេញចិត្តនឹងការដឹកនាំរបស់សម្តេចក្រុមព្រះ អស់រយៈពេលជាង ១ឆ្នាំមកនេះ។ នេះក៏ជាលើក ទី១ផងដែរ ដែលអតីតមន្ត្រីជើងចាស់របស់ហ៊្វុនស៊ិនប៉ិចរូបនេះ សម្រេចចាកចេញពី គណបក្សរាជានិយមនេះ ព្រោះសព្វដង មានតែសម្តេចក្រុមព្រះទេ ដែលបានចាកចេញពីបក្ស ហើយទៅបង្កើត គណបក្សថ្មីចំនួនពីរទៀតនោះ៕

ក្រសួងមហាផ្ទៃ ទទួលយកសំណើ លោក ញឹក ប៊ុនឆៃ រំលាយលទ្ធផល សមាជគណបក្ស ហ៊្វុនស៊ិនប៉ិច ដើមឆ្នាំ២០១៥