តុលាការកំពូល នឹងប្រកាស សាលដីកាករណី ហុង សុខហួរ នៅថ្ងៃ៤មីនា ខណៈរូបលោក ស្នើសុំនៅក្រៅឃុំ

ភ្នំពេញ: តុលាការកំពូល នឹងប្រកាសសាលដីកា ករណីអតីតសមាជិក ព្រឹទ្ធសភា គណបក្ស សម រង្ស៊ី លោក ហុង សុខហួរនៅថ្ងៃទី ៤មីនាឆ្នាំ២០១៦ខាងមុខនេះ នៅគ្រាដែលលោកស្នើសុំនៅក្រៅឃុំ។

តុលាការកំពូល នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានបន្ត សវនាការជំនុំជម្រះ ដោយកំបាំងមុខ លោក ហុង សុខហួរ អតីតសមាជិក ព្រឹទ្ធសភា គណបក្សសម រង្ស៊ី ហើយរូបលោកបានស្នើដល់តុលាការ ក្នុងពេលជំនុំជម្រះស្នើសុំនៅក្រៅឃុំបណ្តោះអាសន្ន ដោយសារមានបញ្ហាសុខភាព ហើយលោកព្រមដាក់លិខិតឆ្លងដែន របស់លោកចំនួន២ទាំងបារាំងនិងខ្មែរ និងប្រាក់ចំនួន ២០លានរៀលសម្រាប់នៅក្រៅឃុំ។ ប៉ុន្តែលោក មេធាវី ជួង ជូងី បានឲ្យដឹងពេលចេញពីសាលសវនាការថា តុលាការបានបដិសេធ។ សូមជម្រាបថា សវនាការនេះ ធ្វើឡើងចំពោះមុខ មេធាវីការពារក្តី លោក ហុង សុខហួរ។ សវនាការជំនុំជម្រះនៃ តុលាការកំពូលនៅព្រឹកនេះ ដឹកនាំដោយ លោកចៅក្រម ឃឹម ប៉ុណ្ណ អនុប្រធាន តុលាការកំពូល និង លោក នៅ មុនីជោត ជាតំណាង មហាអយ្យការ ។

លោក ហុង សុខហួរ ជាប់ចោទពីបទក្លែងបន្លំ ឯកសារសាធារណៈ បទប្រើប្រាស់ឯកសារ សាធារណៈក្លែង និង បទញុះញង់ បង្កឲ្យមានភាពវឹកវរ ធ្ងន់ធ្ងរដល់ សន្តិសុខ សង្គម ដែលចែងឲ្យផ្តន្ទាទោស តាមមាត្រា ៦២៩ មាត្រា ៦៣០ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធការក្លែង សន្ធិសញ្ញា ព្រំដែនកម្ពុជា វៀតណាម ឆ្នាំ១៩៧៩ ត្រង់មាត្រា៤  រួចយកឯកសារក្លែងនេះ ទៅបង្ហោះក្នុងផេកហ្វេសប៊ុក របស់លោក សម រង្ស៊ី ដែលជាដើមចម នាំឲ្យតុលាការចោទប្រកាន់ លោក សម រង្ស៊ី ពីបទ សមគំនិត ក្នុងបទល្មើសនេះ ។ បទចោទប្រកាន់ទាំងនោះ នឹងត្រូវផ្តន្ទាទោសដាក់ ពន្ធនាគារ ចន្លោះពី ៥ ទៅ ១០ ឆ្នាំ ៕

តុលាការកំពូល នឹងប្រកាស សាលដីកាករណី ហុង សុខហួរ នៅថ្ងៃ៤មីនា ខណៈរូបលោក ស្នើសុំនៅក្រៅឃុំ