ស្ត្រី​ដំបូង​គេ ​វះកាត់​ប្ដូរ​ស្បូន​បាន​ជោគជ័យ​នៅ​អាមេរិក

​​​​​ក្រុម​​គ្រូពេទ្យ​វះកាត់ នៅ​មន្ទីរពេទ្យ Cleveland ​និយាយ​ថា​​​ ខ្លួន​​បាន​វះកាត់​​​ប្ដូរ​ស្បូន​​​​​​​​​​លើក​ទី​​មួយ​​​ដល់​ស្ត្រី​​អាមេរិក​ម្នាក់ ​និង​ជា​ដំណាក់​កាល​ថ្មី​មួយ​​​​​សម្រាប់​ជួយ​ស្ត្រី​​​នានា​ទៀត​ ដែល​ខ្វះ​ស្បូន​ពេល​មាន​ផ្ទៃ​ពោះ។

 

ស្ត្រី​ដំបូង​គេ ​វះកាត់​ប្ដូរ​ស្បូន​បាន​ជោគជ័យ​នៅ​អាមេរិក

ក្នុង​សេចក្ដីថ្លែង​ការ​ណ៍​​​មួយ​​​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​​ម្សិលមិញ ​​មន្ទីរ​ពេទ្យ ​Cleveland និយាយ​ថា​​ពួកគេ​បាន​ចំណាយ​ពេល​​វះកាត់​ជាង​​​​ ៩ម៉ោង​​​​ ​​ចំពោះ​​ស្ត្រី​វ័យ ២៦​ឆ្នាំ ដោយ​​ជំនួស​​ស្បូន​​​​ របស់​ស្ត្រី​បរិច្ចាគ​​​​ដែល​ស្លាប់​ទៅ​ហើយ​ម្នាក់។

មន្ទីរ​ពេទ្យ​ខាង​លើ​ ​​​មាន​គម្រោង​​​វះកាត់​បែប​នេះ​ជា​យូរ​មក​ហើយ​ ​​ដោយ​ប្រកាស​​​តាំង​ពី​ឆ្នាំ​មុន​ ​​​ថា​នឹង​វះកាត់​ប្ដូរ​​ស្បូន​​​ឲ្យ​បាន​ ១០នាក់។ ​ពេល​នេះ​ខាង​​មន្ទីរ​ពេទ្យ​ ​មិន​បាន​​​​​​ចេញ​ព័ត៌មាន​លម្អិត​ឡើយ ​រហូត​​​​ដល់​​​​ធ្វើ​សន្និសីទ​កាសែត​នៅ​សប្ដាហ៍​ក្រោយ ​​តែ​ប្រាប់​ថា​ “ស្ថាន​ភាព​​របស់​ស្ត្រី​​ខាង​លើ​​គឺ​ធម្មតា​”។

 

​ប្រទេស​​ផ្សេង​​​​ៗ​​ទៀត​​ ​បាន​ព្យាយាម​​​វះកាត់​ប្ដូរ​​​​ស្បូន​​​ជាច្រើន​ដែរ ​ដូច​ជា​ស៊ុយអែត​​​​​​ត្រូវ​គេ​រាយការណ៍​ថា ​ស្ត្រី​បាន​សម្រាលកូន​​​​ក្នុង​ស្បូន​ដែល​ប្ដូរ​​ បាន​ទារកសរុប​ចំនួន​​ ៤នាក់​ហើយ​​​​ ថែម​ទាំង​មាន​សុខភាព​ល្អ​​ទៀត ​ចាប់​តាំង​ពី​ឆ្នាំ ២០១៤​មក​។ ​ក្រុម​វេជ្ជ​បណ្ឌិត​ស៊ុយអែត និយាយ​ថា​​​ខ្លួន​​នៅ​​តែ​បន្ត​ព្យាបាល​ និង​វះកាត់​​ស្ត្រី​រាប់​ពាន់​នាក់​ទៀត​ ​ដែល​មិន​អាច​មាន​កូន​ ដោយ​សារ​​​​ពួកគេ​មិន​​មាន​ស្បូន​ពី​កំណើត ឬ​​បាត់​បង់​​ដោយ​សារ​ជំងឺ​ណា​មួយ​។

 

ចំណែក​ ការ​វះកាត់​​ប្ដូរស្បូន​​របស់​​ស្ត្រី​អាមេរិក​នេះ​វិញ​ ​ក្រុម​គ្រូពេទ្យ ​​បាន​​យក​ចេញ​ពី​ស្ត្រី​បរិច្ចាគ​​​​ដែល​ស្លាប់​​ និង​​ស្បូនមាន​​​សុខភាព​ល្អ ​ហើយ​សរសៃ​​អាទែរ​សំខាន់ៗ​​​ត្រូវ​​ផ្ដាច់​​ចេញ។ ​ឯ​ ស្បូន​ និង​សរសៃ​ឈាម​​​​ ​ត្រូវ​គ្រូពេទ្យ​ដេរ​ភ្ជាប់​​​ខាង​ក្នុង​​ត្រគាក​​អ្នក​ជំងឺ។ ​​មុន​ពេល​​ដេរ​ភ្ជិត​​ពោះ​អ្នក​ជំងឺ ​​គ្រូពេទ្យ​​បាន​​​​​តេស្ដ​លើ​​លំហូរ​ឈាម​​​ ​​និង​ការ​ភ្ជាប់​​នោះ​​រឹង​មាំ​បាន​ប៉ុណ្ណា​ ​​ដើម្បី​ឲ្យ​អ្នក​ជំងឺ​​​​អាច​មាន​​កូន​បាន។

 

​​វេជ្ជ​បណ្ឌិត​ដឹក​នាំ​ការ​វះកាត់​​នៃ​មន្ទីរពេទ្យ​ Cleveland លោក Dr. Andreas Tzakis ​និយាយ​ថា ហានិភ័យ​​​​នៃ​​ការវះកាត់​​នេះ​មិន​មាន​ច្រើន​​ដូច​​​ការ​វះកាត់​​​​ប្ដូរ​​មុខ ឬ​ដៃ​ឡើយ។ ​មន្ទីរ​ពេទ្យ​លោក​ ​​ធ្លាប់​វះកាត់​ប្ដូរ​​​​តម្រង់​នោម ​ថ្លើម​ ​​និង​​សរីរាង្គ​ខាង​ក្នុង​​ពី ៤០០០ ទៅ ៥០០០​នាក់​ហើយ។ ​​​​មុន​វះកាត់​​​ស្បូន​នេះ​បាន​ជោគជ័យ ​លោក​​វេជ្ជបណ្ឌិត​​បាន​ធ្វើ​ដំណើរ​​ទៅកាន់​ប្រទេស​ស៊ុយអែត និង​ធ្វើ​ការ​​ជា​មួយ​ក្រុម​​វេជ្ជបណ្ឌិត​​នៃ​សាកលវិទ្យាល័យ Gothenburg ​ដែល​​ជា​មន្ទីរ​ពេទ្យ​​​​​តែ​មួយ​គត់​​ក្នុង​លោក​ ​ធ្លាប់​វះកាត់​ប្ដូរ​ស្បូន​​បាន​ជោគ​ជ័យ​មក​ទល់​ពេល​នេះ។

 

ចំណែក​ ​ស្ត្រី​អាមេរិក​​​ប្រមាណ ៥០ ០០០នាក់​ទៀត​ ​​​កំពុង​រង់​ចាំ​​វះកាត់​ប្ដូរ​ស្បូន​​បែប​នេះ​​ផងដែរ​​៕

 

 ស្បូន​អ្នក​បរិច្ចាគ  និង​​អ្នក​ប្ដូរស្បូនស្ត្រី​ដំបូង​គេ ​វះកាត់​ប្ដូរ​ស្បូន​បាន​ជោគជ័យ​នៅ​អាមេរិក

ចុចអាន៖ គ្រូពេទ្យ​ចិត្ត​ធម៌ ព្យាបាល​អ្នក​ជំងឺ​ក្រី​ក្រ​១០ម៉ឺន​នាក់ មិន​យក​ប្រាក់

ចុចអាន៖ គ្រូពេទ្យ​វះកាត់​យក​កូន ភ្លេច​ទូរសព្ទ​ក្នុង​ពោះ​ម្ដាយ

ចុចអាន៖ ​ដេក​ពេទ្យ​ ១៦​ឆ្នាំ ទើប​រក​ឃើញ​សាច់​ញាតិ

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖​ The New York Times