​សមត្ថកិច្ច​ជំនាញ ស្រុក​កោះធំ ខេត្តកណ្តាល មិន​បង្ក្រាប ឈ្មោះ យូ មេ​ឈ្មួញ​នាំ​ត្រី​ឆ្ដោ​ឆ្លងដែន​

ថ្មីៗ​នេះ នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តកណ្ដាល លោក ឃ្លាំង វណ្ណ​ធុល បាន​ទទូច​កុំ​ឲ្យ​អ្នកសារព័ត៌មាន លើកយក​ការនាំ​ចូល​ត្រី​ពី​ប្រទេស​យួន​ដោយ​ឈ្មួញ ឈ្មោះ យូ មក​ធ្វើជា​ប្រធានបទ​សួរ​លោក​តទៅទៀត​។ តែ​ប្រជាពលរដ្ឋ​ស្រុក​កោះធំ ខេត្តកណ្តាល បាន​រិះគន់ថា មន្ត្រី​ជំនាញ​មិន​ត្រឹមតែ​មិន​បង្ក្រាប​ឈ្មួញ​នាំចូល​ត្រី​ឆ្តោ​ខុសច្បាប់​នោះទេ តែ​ថែមទាំង​ឆ្លើយ​ការពារ​ឈ្មួញ និង​រុញ​បញ្ហា​នាំចូល​ត្រី​ឆ្តោ និង​ការប្រព្រឹត្ត​បទល្មើស​សេដ្ឋកិច្ច​ផ្សេងៗ​ទៀត​ដាក់គ្នា​ទៅវិញ​។​

ប្រជាពលរដ្ឋ​ស្រុ​កោះធំ ខេត្តកណ្តាល បាន​រាយការណ៍​មក​ថា បុរស​ម្នាក់​ដែល​គេ​ស្គាល់​ជាទូទៅ​ឈ្មោះ យូ គឺជា​ឈ្មួញ​នាំចូល​ត្រី​ដ៏​ធំ​ពី​ប្រទេស​យួន តាម​ច្រក​ព្រែក​ស្បូវ  ក្នុងស្រុក​កោះធំ ខេត្តកណ្ដាល ។ ប្រភព​ដដែល​បាន​បញ្ជាក់ថា ក្នុង​មួយ​យប់ៗ ឈ្មួញ​ខាងលើនេះ​បាន​នាំចូល​ត្រី​ឆ្តោ​ដែល​ច្បាប់​ហាមឃាត់​មក​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា យ៉ាងហោចណាស់​ក៏​១២០​តោន​ដែរ ហើយ​ទន្ទឹមនឹងនេះ​ក្នុងស្រុក​កោះធំ ខេត្តកណ្តាល​ក៏មាន​បទ​ល្មើ​សេដ្ឋកិច្ច​ឆ្លងដែន​ផងដែរ​។​

​លោក លី សុជាតិ អនុប្រធាន​ការិយាល័យ​បង្ក្រាប​បទល្មើស​សេ​ដ្ធ​កិច្ច នៃ​ស្នងការ​នគរបាល​ខេត្តកណ្ដាល លោក មួង ដា​រ៉ា ប្រធាន​ស្នាក់ការ​គយ និង រដ្ឋាករ​ច្រក​ជ្រៃ​ធំ និង លោក ឃ្លាំង វណ្ណ​ធុល នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តកណ្ដាល  សុទ្ធតែ​បាន​ឆ្លើយ​ការពារ​ខ្លួន​ថា​មិនបាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​បទល្មើស​នាំចូល​ត្រី​ឆ្តោ​ខុសច្បាប់ និង​បទល្មើស​សេដ្ឋកិច្ច​ឆ្លងដែន​នៅក្នុង​ភូមិសាស្ត្រ ស្រុក​កោះធំ ខេត្តកណ្តាល​នោះទេ ហើយ​ថែមទាំង​រុញ​បញ្ហា​ខាងលើនេះ​ដោយ​ទម្លាក់កំហុស​ដាក់គ្នា​ទៅវិញទៅមក​យករួចខ្លួន​ដោយ​គ្មាន​ការទទួលខុសត្រូវ​ទៅវិញ​។​

ជុំវិញ​បញ្ហា​ខាងលើនេះ ប្រជាពលរដ្ឋ​ស្រុក​កោះធំ ខេត្តកណ្តាល បាន​រិះគន់ថា បើ​មន្ត្រី​ជំនាញ​មាន​ភាព​ស្អាតស្អំ មិនមែន​ត្រី​ឆ្តោ​ខុសច្បាប់ និង​បទល្មើស​សេដ្ឋកិច្ច​ផ្សេងៗ​ទៀត​អាច​កើតមានឡើង​នៅក្នុង​ភូមិសាស្ត្រ​ដែល​មន្ត្រី​ជំនាញ​ខាងលើ​មាន​កាតព្វកិច្ច​គ្រប់គ្រង​នោះទេ​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា មន្ត្រី​ខិលខូច​តែងតែ​ព្យាយាម​ឆ្លើយ​ការពារ​ខ្លួន​តាម​គ្រប់​រូបភាព តែ​ការពិត​ពួកគេ​គ្មាន​សមត្ថភាព​បង្ក្រាប​ទ​ល្មើស ហើយ​ករណីខ្លះ​ពាក់ព័ន្ធ​ជាមួយ​បទល្មើស​ទៀតផង​៕

AgV8zpkd3rNAq2lyG6xA14siKg1t86wBIBhMIRN8XZzC Lay-0445images