ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តបាត់ដំបង ៖ តាម​ប្រភព​ព័​ត៌​មានបានឱ្យដឹង​ថា នារី​បម្រើ​ការ​ខារ៉ាអូខេ​ម្នាក់ ​ត្រូវ​អ​តី​ត​សង្សា​​ស្ទាក់​វាយ​ស្ទើរ​ស្លាប់​​ស្ទើរ​រស់ នៅ​​មុខ​ក្លិប​​ហាង​ខារ៉ាអូខេ​ «​អូ​មេ​ហ្គា​» ​ស្ថិត​ក្នុង​សង្កាត់​ស្វាយ​​ប៉ោង ក្រុង​បាត់ដំបង កាលពី​វេលា​រំលង​អ​​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៣ កុម្ភៈ កន្លងមក ខណៈ​​ដែល​​ចប់​ម៉ោង​ការងារ ​នាង​​ដើរ​ចេញ​មក​ដល់​ខាង​​មុខ ហើយ​​​ជន​ដៃដល់​រង់​​ចាំ​​នៅខាងមុខនោះ។ ​

ប៉ុន្តែ​គិត​​រហូត​ដល់​ថ្ងៃ​ទី​២៦ កុម្ភៈ​ នេះ គេ​មិន​ទាន់​ឃើញ​​មាន​អ្នក​ជួយ​រក​យុ​ត្តិ​ធ​ម៌​ឱ្យនារី​រងគ្រោះ​នោះ​​ទេ បើ​​ទោះជា​​នាង​បាន​ដាក់​ទៅ​ពាក្យ​បណ្ដឹង​​ទៅ​សមត្ថកិច្ច​គ្រប់​ស្ថាប័ន​​រួចរាល់​ហើយ​ក្ដី​ ។ ប្រភព​ដដែល​បន្ត​​ថា នារី​រង​គ្រោះ​​ឈ្មោះ​​លួ​ម សុ​ជាតិ អាយុ​១៨​ឆ្នាំ បម្រើ​​ការ​នៅ​ក្លិប​ខារ៉ាអូខេ​«​អូ​មេ​ហ្គា​» មានទីលំ​នៅ​ក្នុងភូមិ​អូរ​តា​គាំ​​១ សង្កាត់​ទូល​តា​ឯក ក្រុង​បាត់ដំបង ។ រីឯ​ជន​ដៃដល់​ត្រូវ​គេ​ស្គាល់​ថា ឈ្មោះ​វ៉ា ជា​អ​តី​ត​សង្សា​របស់​​នាង ​។

បើ​តាម​ការ​ឱ្យ​ដឹង​ពី​​​នារី​រង​គ្រោះ​​​ថា ជន​ដៃដល់​ឈ្មោះ​វ៉ា ​ពិតជា​អ​តី​ត​សង្សា​នាង​មែន តែ​បាន​បែក​គ្នា​យូរហើយ​ ។ នាង​​និយាយ​ទៀត​ថា ក្រោយ​ពី​បែក​គ្នា នាង​ក៏​​មាន​ស្វាមី និង​មានកូន​មួយ​ផងដែរ តែ​ពេល​នេះ​ស្វាមី​នាង​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ ហើយ​នាង​ក៏​ចូល​ធ្វើការ​នៅ​ក្លិប​ខារ៉ាអូខេ ដើម្បី​រក​ប្រាក់​ចិញ្ចឹម​កូន​ ។  នាង​សុ​ជាតិ​​បន្ត​ថា ឈ្មោះ​វ៉ា នេះ​ បាន​ព្យាយាម​តាម​ស្រា​ឡាញ់​នាង​វិញ តែ​នាង​មិន​ព្រម​ ទើប​ជន​នេះ​ តាម​ស្ទាក់​វាយ​ធ្វើបាប​នាង​បែប​នេះ​ ។

នារី​រង​គ្រោះ​​បញ្ជាក់បន្ថែម​​ថា នៅ​យប់​កើតហេតុ​នោះ ជន​ដៃដល់​ និងបក្ស​​​ពួក​​ម្នាក់​​ទៀត បាន​ជិះរថយន្ត​​ទៅ​ចាំ​នាង​នៅ​ខាង​មុខ​​​​ខារ៉ា​អូខេ លុះ​នៅ​វេលា​រំលង​អ​ធ្រា​ត្រ ពេល​នាង​បណ្ដើរ​ភ្ញៀវ​ចេញពី​ក្លិប​ដល់​ខាង​មុខ ស្រាប់តែ​អ​តី​ត​​សង្សា​នាង​រូប​នេះ ​ស្ទុះ​ចេញ​​ពី​​ក្នុង​រថយន្ត​​​មក​វាយដំ​នាង​យ៉ាង​ចាស់ដៃ ​រហូត​ដល់​នាង​សន្លប់​នៅ​ខាង​មុខ​ក្លិប ដោយ​គ្នាន​អ្នក​ណា​ហ៊ាន​ចូល​ជួយ​ឡើយ​ ។ នាង​​មាន​ស្នាម​​របួស​ពេញ​​រាង​កាយ និង​លើ​ផ្ទៃមុខ​ ។ ​

ក្រោយ​ពី​នាង​បាន​​ធូរស្រាល មួយ​ថ្ងៃ​ក្រោយមក​ នាង​ក៏​បាន​ដាក់​ពាក្យបណ្ដឹង​នៅ​កន្លែង​ប៉េ​អឹ​ម និង​ប៉ូលិស​ក្រុង តែ​រហូត​មក​ដល់​ពេល​នេះ សមត្ថកិច្ច​នៅ​មិន​ទាន់​មាន​ចំណាត់ការ​ទៅ​លើ​ជន​ដៃដល់​នោះ​ទេ ដែល​ធ្វើ​ឲ្យ​នាងព្រួយបារម្ភ​យ៉ាង​ខ្លាំង​ពី​​សុវត្ថិភាព ខណៈ​ស្នាម​របួស​​នៅ​លើ​ផ្ទៃមុខ និង​លើ​ដងខ្លួន​នាង​នៅ​តែ​មាន​សភាព​ធ្ងន់ធ្ងរ​នៅឡើយ​ ។ នារី​​​​រងគ្រោះ​រូប​នេះ​បាន​សំណូមពរ​ដល់​សមត្ថ​កិច្ច​គ្រប់​ស្ថាប័ន​ ដែល​ទ​ទូល​ពាក្យបណ្ដឹង​​នាង​រួច​​ហើយ មេ​ត្តា​ជួយ​អន្តរា​គម​ន៍​​ចាត់វិធាន​ការ និង​រក​យុ​ត្តិ​ធ​ម៌​​ឱ្យ​​នាង​​ផង ព្រោះ​នាង​គ្មាន​ប្រាក់​គ្មាន​ខ្សែ ​ដែល​ត្រូវ​ពឹងពាក់​ទេ​ ។