បន្ទាប់ពី​ចាប់​រថយន្ត​ដឹកឈើ​ល្មើសច្បាប់​ពីរ​គ្រឿង​នៅ​ស្រុក​កែវ​សីមា​ពលរដ្ឋ​ទម្លាយ​ឈ្មោះ​រឿង​មន្ត្រី​កងរាជអាវុធហត្ថ​ស្រុក​កែវ​ស៉​មា និង​ខេត្ត​ពាក់ព័ន្ធ​ការ​ជូ​ញ​ដូរ​ឈើ​និង​រាប់​ក្បាល​ឡាន​ឈើ​យកលុយ​

ខេត្តមណ្ឌលគិរី​៖ បើទោះជា​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​ដឹកនាំ​ដោយ​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា ជា​ប្រធាន​នោះ​កំពុងតែបន្ត​បង្ក្រាប​បទល្មើស​ព្រៃឈើ​នៅ​បណ្តា​ខេត្ត​ក្នុង​ភូមិភាគ​ឦសាន​ជាប់​ជាមួយ​ព្រំដែន​វៀតណាម​នោះ ហើយ​មកទល់ពេលនេះ​បទល្មើស​ព្រៃឈើ​នៅតែ​កើតមាន​ដដែល​ដោយ​ពួក​ឈ្មួញ​មិន​ក្រែង​ញញើត​អ្វី​ឡើយ​។ ជាក់ស្តែង​កាលពី​យប់​ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ​២០១៦ កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​សហការ​ណ៍​ជាមួយ​កម្លាំង​កង​រាជ​អាវុធ​ស្រុក​អូររាំង និង​ស្រុក​កែវ​សីមា បង្ក្រាបបាន​រថយន្ត​ដឹកឈើ​ខុសច្បាប់​ចំនួន​២​គ្រឿង នៅ​ចំណុច​ភូមិ​ឆ្នែង ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី ។​

មន្ត្រី​អាវុធហត្ថ​ខេត្តមណ្ឌលគិរី​បាន​ឲ្យ​ដឹងថា ការបង្ក្រាប​រថយន្ត​ទី​១ ចាប់បាន​នៅវេលា​ម៉ោង​៩ និង​០០​នាទី យប់​ស្ថិតនៅ​ភូមិ​ឆ្នែង ឃុំ​ស្រែ​ខ្ទុ​ម ស្រុក កែវ​សី​ម៉ា ខេត្តមណ្ឌលគិរី រថយន្ត​នោះ​ម៉ាក Toyota 4renner ពណ៌​ស្ករ ស្លាក​លេខ 2F-1828 ដឹកឈើ​ខុសច្បាប់​ប្រភេទ​ធ្នង់ ចំនួន​១០​ដុំ និង​បាន​ឃាត់ខ្លួន​អ្នកបើកបរ ១​នាក់ ឈ្មោះ ញឹម រឿង ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​អ្នកបើកបរ​រថយន្ត រស់នៅ​ភូមិ​ឃុំ​ខាងលើ ។ រថយន្ត​ទី​២ ចាប់បាន​នៅវេលា​ម៉ោង​៦ និង​៣០​នាទី​ព្រឹក ស្ថិតនៅ​ភូមិ​ឆ្នែង ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សី​ម៉ា ខេត្តមណ្ឌលគិរី រថយន្ត​ម៉ាក Camary ឆ្នាំ​២០០២ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ 2 J-3487 ដឹកឈើ​ខុស​ប្រភេទ​ធ្នង់​ចំនួន​៦​ដុំ រថយន្ត និង​ឈើ​ទាំងអស់​រួមទាំង​បើកបរ នឹងត្រូវ ប្រគល់​ឲ្យ​ខាង​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ ស្នាក់ការ​អភិរក្ស​ជីវៈចម្រុះ​ស្រុក​កែ​សីមា នៅ​រសៀល​ថ្ងៃទី​២៤​។​

ទាក់ទិន​ករណី​បង្ក្រាប​ខាងលើនេះ​ប្រភព​ប្រជាពលរដ្ឋ​ដែល​បាន​តាមដាន​សកម្មភាព​ចាប់​បង្ក្រាប​បទល្មើស​ព្រៃឈើ​ខាងលើ​បាន​និយាយថា មុនពេល​ក្រុម​កម្លាំង​កងរាជអាវុធហត្ថ​ចាប់​ឡាន​ដឹកឈើ​ទាំងពីរ​គ្រឿង​នោះ គឺ​មុន​ម៉ោង​៩​យប់​ក្រុម​អាវុធហត្ថ​ដែល​ដឹកនាំ​ដោយ​លោក រុន ឌឿ​ន នាយការិយាល័យ​បច្ចេកទេស នៃ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត បាន​ចាប់​ឃាត់​រថយន្ត​ម៉ាក​កាមរី​ស្វិត​ពីរ​គ្រឿង របស់​ឈ្មោះ រ័ត្ន ជា​មន្ត្រី​អាវុធហត្ថ​ដែល​កំពុងមាន​វត្តមាន​ក្នុង​ប្រតិបត្តិការ​នោះ​ចាប់​ឡាន​ដឹកឈើ​ខាងលើ​នេះដែរ​។

ប្រភព​ដដែល​បន្តថា ក្រោយពី​ការដោះលែង​ឲ្យ​ឡាន​កាមរី​ស្វិត​ដែល​ដឹកឈើ​ពេញៗ​នោះ​ទៅ​បាត់ នៅវេលា​ម៉ោង​ប្រមាណ​ជា​៩​យប់​ដដែល ក្រុម​អាវុធហត្ថ​ដែល​បាន​ដោះលែង​រថយន្ត​កាមរី​ស្វិត របស់​មន្ត្រី​អាវុធហត្ថ ឈ្មោះ រ័ត្ន ក៏​ចាប់បាន​ឡាន​ដឹកឈើ​ពីរ​គ្រឿង​ទៀត​គឺ មួយគ្រឿង​ម៉ាក​4runner និង​កាមរី​បា​ឡែ​ន​របស់​ឈ្មួញ​គ្មាន​សែស្រឡាយ រួច​យកមក​រក្សាទុក​នៅ​ស្នាក់ការ​សន្តិសុខ​លេខ​៧៦១ ដើម្បី​យក​ស្នាដៃ​ជូន​ថ្នាក់លើ​មើល​លេង ក្រោម​ការរិះគន់​យ៉ាង​ចាស់ដៃ​របស់​ប្រជាពលរដ្ឋ ព្រោះតែ​ឡាន​ដឹកឈើ​របស់​បក្ខ​ពួកខ្លួន គេ​ចាប់បាន​ហើយ​ដោះលែង​វិញ​។ ចំណែក​ឡាន​គេ​អ្នកផ្សេង​ចាប់បាន​ហើយ​អូ​សកាត់ផ្លូវ ប្រកូក​ប្រកាស​ឲ្យ​ប្រជាពលរដ្ឋ​មើលថា ក្រុម​ខ្លួន​បាន​ចេញមុខ​សស្រាក់សស្រាំ​ក្នុងការ​ប​ង្ក្រា​ម​បទល្មើស​ព្រៃឈើ​ជូន នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា​។​

​ជាមួយគ្នានេះ​មានមតិ​លើកឡើងថា កងរាជអាវុធហត្ថ​ខេត្តមណ្ឌលគិរី ក្នុង​ខែកុម្ភៈ​នេះ​ត្រូវគេ​មើលឃើញថា កំពុង​យីអ៊ុន​ដាក់​អារក្ស​ជាន់​យ៉ាងខ្លាំង​តាំងពី លោក សាក់ សា​រ៉ាង មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តមណ្ឌលគិរី រហូតដល់​មន្ត្រីក្រោមឱវាទ​មួយចំនួន ព្រោះតែ​ជាប់ចោទ​ពាក់ព័ន្ធ​ជាមួយ​បទល្មើស​ព្រៃឈើ ។ ស្របពេល​ដែល​នាយ​ឧ​ត្ត​ម សេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ថ្លែង​ក្នុង​អង្គប្រជុំ​លើក​ទី​២​របស់​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ នៅ​ថ្ងៃទី​២២​កុម្ភៈ​ឆ្នាំ​២០១៦ បាន​ព្រមាន​ពី​ការប្តឹង​អ្នកកាសែត​ទៅ​ស្ថា​ប័​ន័​ប្រឆាំង​អំពើរ​ពុករលួយ​ទៅវិញ​ប្រសិនបើ​ក្នុង​បេសកកម្ម​ស្រាវជ្រាវ​បង្ក្រាប​របស់លោក​រកឃើញ​ថា​អ្នកកាសែត​ឃុបឃិត​ពុករលួយ​ជាមួយ​មន្ត្រី​នៅក្នុង​បទល្មើស​ព្រៃឈើ​នោះ អាច​នឹង​ជាប់​ទោសទណ្ឌ​ក្នុង​បទល្មើស​ព្រៃឈើ តែបើ​គេ​ក្រឡេក​មើលទៅ​កូនចៅ​របស់លោក នាយ​ឧ​ត្ត​ម​សេនីយ៍​វិញ អាច​ហ្នឹង​ក្លាយទៅជា​សម្លម្ជូរ​កំពឹស​ផង​ក៏​មិនដឹង ព្រោះ​បើ​ក្រឡេកមើល​តែ​ក្នុង​ខេត្តមណ្ឌលគិរី​តែ​ខ្លះ រកស៊ី​ដោយផ្ទាល់ នឹង​ខ្លះទៀត ជា​អ្នកដើរ​កត់​ក្បាល​ឡាន​ដឹកឈើ​យកលុយ​រាល់​ថ្ងៃខែ​កាលពី​រយៈពេល​កន្លងទៅ​។​

​ប្រភព​ដដែល​បាន​រៀបរាប់​ឲ្យ​ដឹងថា ជាក់ស្តែង​នៅ​ស្រុក​កែវ​សីមា មន្ត្រី​កងរាជអាវុធហត្ថ​មួយចំនួន​បានជា​ប់​ពាក់ព័ន្ធ​ជាមួយ​បទល្មើស​ព្រៃឈើ ដែល​រកស៊ី​ផ្ទាល់​មានឈ្មោះ​ដូចជា លោក ស៊ូ សុវណ្ណ​ធី មេបញ្ជាការរង​កងរាជអាវុធហត្ថ​ស្រុក​កែវ​សីមា លោក ញឹក សុវណ្ណ​រ័ត្ន មន្ត្រី​អាវុធហត្ថ​ខេត្ត លោក ស្នា មេបញ្ជាការរង​អាវុធហត្ថ​ស្នាក់ការ​៧៦១ ប្រចាំ​ស្រុក​កែវ​សីមា លោក ជា វណ្ណ​ណាក់ មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​ទទួល​ទិស​ស្រុក​កែវ​សីមា​។ ចំណែក​មន្ត្រី​កងរាជអាវុធហត្ថ​ដែលមាន​ឈ្មោះ​ជាប់​ក្នុងការ​រាប់​ក្បាល​ឡាន​ដឹកឈើ​ដាក់​ខែ គឺ​ឈ្មោះ ប៉ៃ លិ​ន មេបញ្ជាការរង​កងរាជអាវុធហត្ថ​ស្រុក​កែវ​សីមា ទទួល​ប្រមូល​លុយ​ឲ្យ​លោក សាក់ សារុន មេបញ្ជាការ​អាវុធហត្ថ​ស្រុក​កែវ​សីមា ឈ្មោះ ស្នា មេបញ្ជាការរង​អាវុធហត្ថ​ស្នាក់ការ​៧៦១ ទទួល​រក​ចំណូល​ឲ្យ​លោក សាក់ សា​គុណ មេ​ស្នាក់ការ​សន្តិសុខ​លេខ​៧៦១ ចំណែក​លោក តុ​ប វ៉ាត មន្ត្រី​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ប្រចាំ​នៅ​អភិរក្ស​ជីវចម្រុះ​សីមា ក៏​ជា​អ្នកមាន​ឥទ្ធិពល ក្នុងការ​ប្រមូល​លុយ​បទល្មើស​ព្រៃឈើ​ក្នុង​ដែន​អភិរក្ស​ឲ្យ​ទៅ​លោក មាគ វុ​ឌ្ធី ដែលជា​ប្រធាន​គម្រោង​អភិរក្ស​ជីវចម្រុះ​កែវ​សីមា​។ ការលើកឡើង​ខាងលើនេះ​កា​សែក​ខ្មែរ​អង្គរ​ស្វែងរក​ការបំភ្លឺ​ពី​មន្ត្រី​រង​ការប្រកាន់​តាំង​នេះ​នៅឡើយ​។​

​ប្រភព​បាន​អំពាវនាវ​ថា លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង ជា​ប្រធាន​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​គួរ​ចាត់ការ​ស៊ើបអង្កេត​ករ​ណី​មន្ត្រី​កងរាជអាវុធហត្ថ​ដែល​ពាក់ព័ន្ធ និង​បទល្មើស​ព្រៃឈើ​ខាងលើ ដើម្បី​លប់បំបាត់​ការ​ចរាចរណ៍ និង​ការជួញដូរ​ឈើ​ឲ្យ​មាន​ប្រសិទ្ធភាព​៕ ឦសាន​២

KA-24-02-2016-01 KA-24-02-2016-02 KA-24-02-2016-03 KA-24-02-2016-04 KA-24-02-2016-05 KA-24-02-2016-06 KA-24-02-2016-07