(UPDATE) មូលហេតុ​ដែល​ បុគ្គលិក​ស្ថានីយទូរទស្សន៍ CTN&My TV ផ្នែក​កាមេរ៉ា​ ស្លាប់​ដោយ​ជំងឺ H1N1

រាជធានី​ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​៤​ទៀប​ភ្លឺ ថ្ងៃ​ទី​២៤ កុម្ភៈ លោក ឃុន ណូ ជា​បុគ្គលិក​បម្រើ​ការ​នៅ​ស្ថានីយ៍ទូរទស្សន៍ CTN&​My TV ផ្នែក​កាមេរ៉ា ដែល​កើត​​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ក្រោយ​ពី​ទទួល​ការ​ព្យាបាល​អស់​ជា​ច្រើន​ថ្ងៃ ។ បញ្ហា​នេះ​កំពុង​តែ​បង្ក​ឲ្យ​មានការ​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង​សម្រាប់​ប្រជាជន​កម្ពុជា ពិសេស​សហសេវិក​ដែល​ធ្វើការ​ជាមួយ​គ្នា​កន្លង​មក ។

ជួប​ជាមួយ​លោក​វេជ្ជបណ្ឌិត លី សូ​វ៉ា​ន់ ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង និង​ជា​អ្នកនាំពាក្យ​របស់​ក្រសួងសុខាភិបាល បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ជំងឺ​ផ្តាសាយ H1N1 មិនមែន​ជា​ជំងឺ​ផ្តា​យ​សាយ​ជ្រូក​ទេ នេះ​ជា​ពាក្យ​គេ​ហៅ​ត​ៗ​គ្នា ហើយ​ជំងឺ​នេះ​ក៏​មិន​មែន​ឆ្លង​ពី​សត្វ​ជ្រូក​មក​មនុស្ស​ដែរ គឺ​ឆ្លង​ពី​មនុស្ស​មក​មនុស្ស ។ តាម​ពិត​ជំងឺ​ផ្តាសាយ H1N1 នេះ ជា​ជំងឺ​ផ្តាសាយ​ប្រភេទ​ថ្មី ដែល​ប្រទេស​កម្ពុជា​យើង​ធ្លាប់​បាន​ផ្ទុះ​វីរុស​នេះ​ឡើង​តាំងពី​ឆ្នាំ​២០០៩ និង​បាន​សម្លាប់​មនុស្ស​អស់​៦​នាក់ ហើយ​មាន​អ្នក​កើត​ជំងឺ​នេះ​ប្រមាណ​ជាង​៦០០​នាក់ ។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​មន្ទីរពិសោធន៍​នៅ​កម្ពុជា ។

លោក​វេជ្ជបណ្ឌិត​បាន​បន្ត​ទៀត​ថា ចាប់តាំងពី​ឆ្នាំ​២០១២​មក ជំងឺ​នេះ​មិនសូវ​ជា​ឃើញ​កើត​មាន​ច្រើន​ដូច​ជា​ឆ្នាំ​២០០៩​ទេ ហើយ​មេ​រោគ​ផ្តាសាយ​នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​ជំងឺ​ផ្តាសាយធំ​ធម្មតា ដោយសារ​តែ​ប្រជាជន​យើង​ធ្លាប់​កើត​មាន​ជំងឺ​នេះ និង​មាន​ភាព​ស៊ាំនៅ​ក្នុង​ខ្លួន​ស្រាប់ ។ ដោយឡែក សម្រាប់​បុរស​ដែល​បាន​ស្លាប់​ដោយសារ​ជំងឺ​នេះ គឺ​ដោយសារ​តែ​ជន​រង​គ្រោះ​មាន​ជំងឺ​សួត​ធ្ងន់ធ្ងរ ហើយ​នៅ​ពេល​ដែល​មេរោគ​ផ្តាសាយ H1N1 ចូល​ទៅ​ក្នុង​ខ្លួន ទើប​បណ្តាល​ឲ្យ​បាត់បង់​ជីវិត​បែប​នេះ ។ 

លោក​វេជ្ជបណ្ឌិត​បាន​បន្ត​ទៀត​ថា ជន​រង​គ្រោះ​ដែល​បាន​ស្លាប់​នេះ បាន​ចូល​មក​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត គឺ​អ្នកជំងឺ​មាន​សភាព​ធ្ងន់ធ្ងរ​ស្រាប់​ទៅ​ហើយ ក្នុង​ពេល​នោះ​ទាំង​គ្រូពេទ្យ​ជាតិ និង​គ្រូពេទ្យ​អន្តរជាតិ បាន​ខិតខំ​ព្យាបាល និង​យក​ចិត្តទុកដាក់​យ៉ាង​ខ្លាំង ព្រមទាំង​បាន​ដាក់​អុក​ស៊ី​សែន និង​ផ្តល់​ថ្នាំ​សម្លាប់​មេរោគ​ផ្តាសាយ H1N1 ភ្លាម តែ​លទ្ធផល​គួរ​ឲ្យ​សោក​ស្តាយ ព្រោះ​ជំងឺ​របស់​ជន​រង​គ្រោះ​មាន​សភាព​ធ្ងន់ធ្ងរ ដែល​មិន​អាច​ធ្វើការ​ព្យាបាល​បាន​ឡើយ ។

សូម​បញ្ជាក់​ថា តាម​ប្រព័ន្ធ​ឃ្លាំមើល​របស់​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​របស់​ក្រសួងសុខាភិបាល បាន​រក​ឃើញ​ថា មេរោគ H1N1 កើត​មាន​ជា​រៀង​រាល់​ឆ្នាំ ដោយ​ក្នុង​មួយ​ឆ្នាំ​មាន​អ្នក​កើត​ជំងឺ​នេះ​ប្រមាណ​ជាង​១០០​ករណី ហើយ​ក្នុង​ឆ្នាំ​២០១៦​នេះ គឺ​មាន​មួយ​ករណី​ហើយ​ដែល​បុរស​ម្នាក់​បាន​ស្លាប់​ដោយសារ​ជំងឺ H1N1 នេះ​បើ​តាម​ការ​បញ្ជាក់​ពី​មន្ទីរពិសោធន៍ ។

(UPDATE) មូលហេតុ​ដែល​ បុគ្គលិក​ស្ថានីយទូរទស្សន៍ CTN&My TV ផ្នែក​កាមេរ៉ា​ ស្លាប់​ដោយ​ជំងឺ H1N1

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត