CR7៖ យើង​ត្រូវ​តែ​ឈ្នះ​ Atletico និង​ប្រយុទ្ធ​ដល់​ទី​បំផុត​នៅ​ La Liga

Cristiano Ronaldo ​ខ្សែ​បម្រើ​ប្រយុទ្ធ​ឆ្នើម​ក្រុម​ Real Madrid បាន​លើក​ឡើង​ថា ក្រុម​ស្ដេច​ស​ត្រូវ​តែ​យក​ឈ្នះ​លើ​ Atletico Madrid ​ឲ្យ​បាន​នៅ​កីឡដ្ឋាន​ Santiago Bernabéu ​​ថ្ងៃ​សៅរ៍​ស្អែក​នេះ ​ដើម្បី​បន្ត​សង្ឃឹម​ឈ្នះ​ពាន​ La Liga។

 

CR7៖ យើង​ត្រូវ​តែ​ឈ្នះ​ Atletico និង​ប្រយុទ្ធ​ដល់​ទី​បំផុត​នៅ​ La Liga CR7៖ យើង​ត្រូវ​តែ​ឈ្នះ​ Atletico និង​ប្រយុទ្ធ​ដល់​ទី​បំផុត​នៅ​ La Liga

 

Ronaldo ​ដែល​​បង្ហាញ​ខ្លួន​រដូវ​កាល​ទី​៧​ជាមួយ​ Real រដូវ​កាល​នេះ បាន​ប្រាប់​ដល់​វិបសាយ​ក្លឹប​ថា៖ “វា​ជា​ការ​ប្រកួត​ដ៏​សំខាន់​ នៅ​ក្នុង​ទឹក​ដី​ខ្លួន​ឯង​ មុខ​​អ្នកគាំទ្រ​ និង​ប៉ះ​ជាមួយ​ដៃ​គូ​ដ៏​តានតឹង ដែល​មាន​ប្រព័ន្ធ​ការពារ​ល្អ។ វា​ជា​ការ​ប្រកួត ដែល​ពួក​យើង​​ត្រូវ​តែ​ឈ្នះ​ និង​ត្រូវ​តែ​ខ្លាំង​ឡើង”។

 

“យើង​ដឹង​ថា ចង់​ឈ្នះ​ La Liga វា​ជា​ការ​​ពិបាក ប៉ុន្តែ​យើង​ត្រូវ​តែ​ប្រយុទ្ធ​ដល់​ទី​បំផុត។ បាល់ទាត់ ពេល​ខ្លះ​ក៏​ភ្ញាក់​ផ្អើល​ខ្លាំង​ដែរ ព្រោះ​អ្វីៗ​ក៏​អាច​កើត​ឡើង​បាន។ ខ្ញុំ​សង្ឃឹម​ថា ​វា​នឹង​ក្លាយ​ជា​​ការ​ប្រកួត​ដ៏​អស្ចារ្យ​នៅ​ថ្ងៃ​សៅរ៍ ដែល​ Real Madrid អាច​ឈ្នះ”។ កីឡាករ​វ័យ​៣១​ឆ្នាំ បន្ថែម។

 

Ronaldo ​ស៊ុត​បាន​២២​គ្រាប់​ ក្នុង​ការ​បង្ហាញ​ខ្លួន​២៥​ប្រកួត​នៅ​ La Liga រដូវ​កាល​នេះ ​ដោយ​​តាម​ពី​ក្រោយ​អ្នក​ស៊ុត​បញ្ចូល​ទី​ច្រើន​ជាង​គេ (Top Scorer)​ Luis Suarez ​​របស់​ក្រុម​ Barcelona​ (ស៊ុត​បាន​២៥​គ្រាប់) ចំនួន​៣​គ្រាប់។

 

Real នឹង​ប៉ះ​ Atletico នៅ​ថ្ងៃ​សៅរ៍ ម៉ោង​១០:០០​នាទី​យប់ សម្រាប់​​ការ​ប្រកួត​ La Liga សប្តាហ៍​ទី​២៦ ខណៈ​ដែល​កាល​ប៉ះ​គ្នា​ជើង​ទី​១ នៅ​​ទឹក​ដី​ Atletico កាល​ដើម​ខែ​តុលា ក្រុម​ទាំង​២​នេះ​ បញ្ចប់​លទ្ធផល​ស្មើ​គ្នា ១-១៕

 

-ចុចអាន៖ MSN ​ត្រៀម​ជួយ​ Barca តាម​ស្មើ​កំណត់ត្រា​ Real ​ថ្ងៃ​អាទិត្យ​នេះ

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
​ប្រភព៖ realmadrid