យុវជនប្រកាស ធ្វើបដិវត្តន៍ពណ៌ ទទួលស្គាល់កំហុស ហើយស្នើ បន្ថូបន្ថយទោស

ភ្នំពេញ: សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ បានសម្រេចពន្យារ ពេលប្រកាសសាលក្រម ចំពោះសំណុំរឿងប្រកាស ធ្វើបដិវត្តន៍ពណ៌ ប្រឆាំងរាជរដ្ឋាភិបាល ដែលប្រព្រឹត្តិដោយយុវជន ម្នាក់វ័យ ២៦ឆ្នាំ។

ក្រោយការសួរដេញដោល លោកចៅក្រម ហេង សុខណា ប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចលើកពេល ប្រកាសសាលក្រម ទៅរសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦ ខាងមុខនេះវិញ។

ក្នុងសវនាការនិស្សិតឆ្នាំទី១ ផ្នែកវិទ្យាសាស្ត្រនយោបាយ នៃសាកលវិទ្យាល័យខេមរៈ បានទទួលស្គាល់កំហុសដែលបាន អំពាវនាវធ្វើបដិវត្តន៍ពណ៌ប្រឆាំង រាជរដ្ឋាភិបាល នៅលើបណ្តាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក ។ និស្សិតរូបនេះបានស្នើសុំឱ្យតុលា ការបន្ធូរបន្ថយទោស ការសារភាពនេះ បានធ្វើឡើងក្នុងសវនាការ ជំនុំជម្រះ នា សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦ ។

យុវជនរូបនេះឈ្មោះ  គង់ រ៉ៃយ៉ា អាយុ២៦ឆ្នាំ រហស្សនាមនៅក្នុងហ្វេសប៊ុក soriya koko ត្រូវបានតុលាការឃុំខ្លួនដាក់ពន្ធនាគារ កាលពីល្ងាចថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៥ កន្លងទៅ ក្រោមការចោទប្រកាន់ពីបទ ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ ជាអាទិ៍ តាមមាត្រា៤៩៤ និង ៤៩៥ នៃក្រមព្រហ្មទណ្ឌ ។  បទល្មើសនេះកំណត់ការ ផ្តន្ទាទោសពី៦ខែទៅ២ឆ្នាំ និង ពិន័យជាប្រាក់ពី១លានរៀល ទៅ៤លានរៀល ។

យុវជនរូបនេះ បានសរសេរលើបណ្ដាញ ទំនាក់ទំនងសង្គមហ្វេសប៊ុកថា " តើមានអ្នកណាហ៊ានធ្វើបដិវត្តពណ៌ជាមួយខ្ញុំទេ? ថ្ងៃណាមួយនៅពេលខាងមុខនេះ ខ្ញុំនឹងធ្វើបដិវត្តពណ៌ដើម្បី ផ្លាស់ប្តូររបបមួយនេះចេញពីសង្គមខ្មែរ ទោះបីជាត្រូវជាប់គុក ឬស្លាប់ ក៏ដោយ ក៏ខ្ញុំត្រូវតែធ្វើដែរ " ។

ក្រោយការប្រកាសនេះ សមត្ថកិច្ចអគ្គស្នងការ នគរបាលជាតិ បានឃាត់ខ្លួនយុវជនរូបនេះ ដោយចាត់ទុក ការប្រកាសនេះ ធ្វើឱ្យមានភាពអសន្តិសុខក្នុងសង្គម ៕

យុវជនប្រកាស ធ្វើបដិវត្តន៍ពណ៌ ទទួលស្គាល់កំហុស ហើយស្នើ បន្ថូបន្ថយទោស