ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានី​ភ្នំពេញ ៖ ភ្លើង​ឆេះ​ព្រៃ​ក្នុង​ដី​ឡូត៍​មួយ​កន្លែង​ផ្អើល​រថយន្ត​ពន្លត់​អគ្គិភ័យ​ទៅ​បាញ់​ទឹក​ពន្លត់ ទើប​រលត់​អស់ទាំង​ស្រុង កាលពី​វេលា​ម៉ោង​៨​និង​៤៥​យប់ ថ្ងៃ​ទី​២៥ កុម្ភៈ ២០១៦ ក្នុង​ដី​ឡូត៍​ដែល​មាន​ម្ចាស់​ឈ្មោះ​ម៉ែ​ន សុផល ផ្លូវ​ច្រកចូល​កា​រ៉ា​ស​រថយន្ត​ស៊ិ​ន​ទ្រី ភូមិ​ម័​ល សង្កាត់​ដង្កោ ខណ្ឌដង្កោ ។

តាម​សម្ដី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​នោះ​បាន​និយាយ​ថា មុន​ពេល​កើតហេតុ​ពួក​គាត់​កំពុង​តែ​អង្គុយ​លេង​នៅ​ក្នុងផ្ទះ ស្រាប់តែ​ពួក​គាត់​ដើរ​ចេញ​មក​ក្រៅ​ផ្ទះ​ឃើញ​មាន​ផ្សែង និង​អណ្តាតភ្លើង​ឆេះ​ចេញពី​ក្នុង​ដី​ឡូត៍​សន្ធោសន្ធៅ​លាយឡំ​នឹង​ខ្យល់​បក់​ផង ធ្វើ​ឱ្យ​ភ្លើង​ឆេះ​រាលដាល​កាន់តែ​ខ្លាំង​ឡើង​ៗ រហូត​ប្រជាពលរដ្ឋ​ភ័យ​ខ្លាច​រាលដាល​ដល់​ផ្ទះ​ពួក​គាត់  ក៏​រាយការណ៍​ទៅ​ដល់​សមត្ថកិច្ច​មូលដ្ឋាន និង​រថយន្ត​ពន្លត់​អគ្គិភ័យ​បាន​ចេញ​ទៅ​ជួយ​ពន្លត់​ផង​ដែរ ទើប​រលត់​អស់ទាំង​ស្រុង ។

ភ្លើង​ឆេះ​ព្រៃ​ខាងលើ​នេះ ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​អស់​ចំនួន​៣​គ្រឿង ទើប​រលត់​អស់ ទាំងស្រុង ក្នុង​នោះ​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការ​រាជធានី​ភ្នំពេញ​២​គ្រឿង និង​រថយន្ត​ស្រា​បៀរ​កម្ពុជា​ចំនួន​១​គ្រឿង ទើប​រលត់​ទៅ​វិញ​នៅ​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃ​ដដែល ។ ចំពោះ​អគ្គិភ័យ​ខាងលើ​នេះ មិន​បណ្ដាល​ឲ្យ​មាន​អ្នក​រង​របួស និង​ខួច​ខាត​ដល់​ផ្ទះសម្បែង​ប្រជាពលរដ្ឋ​នោះ​ទេ ហើយ​ក៏​ទាន់​ដឹង​ថា ការ​ឆាបឆេះ​មក​ពី​មូលហេតុ​អ្វី​ពិតប្រាកដ ព្រោះ​ដី​ឡូត៍​ខាងលើ​នេះ​មាន​របង​បិទ​ជិត ។

គួរ​កត់សម្គាល់​ផង​ដែរ​ថា ជា​រៀងរាល់ថ្ងៃ​មិន​ថា យប់ ឬ​ថ្ងៃ​ទេ តែងតែមាន​ភ្លើង​ឆេះ​ព្រៃ​កើតឡើង​ជាប់​ជា​ប្រចាំ ហើយ​មូលហេតុ​នៃ​ការ​ឆេះ​ទាំង​សមត្ថកិច្ច និង​ប្រជាពលរដ្ឋ​រក​មិនឃើញ ថា បណ្តាល​មក​ពី​មូលហេតុ​អ្វី​បានជា​មាន​ភ្លើង​ឆេះ​ព្រៃ​កើត​ឡើងជា​ញឹកញាប់​បែប​នេះ ?