ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានី​ភ្នំពេញ ៖ មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​ប្រុស​ស្រី​យ៉ាង​សកម្ម​២​នាក់ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារ​អំពៅ សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​រដ្ឋបាល​ព្រែក​ប្រា ធ្វើការ​បង្ក្រាប​នៅ​ចំណុច​ខ្ទម​ក្នុង​ដី​ឡូត៍​គ្មាន​លេខ ភូមិ​អូរ​អណ្តូង​១ សង្កាត់​ព្រែក​ប្រា ខណ្ឌ​ច្បារ​អំពៅ កាលពី​វេលា​ម៉ោង​១០​និង​៤៥​នាទី​ព្រឹក ថ្ងៃ​ទី​២៦ កុម្ភៈ ២០១៦ ។

មុខសញ្ញា​ទាំង​២​នាក់ ១-​ឈ្មោះ​សូ សឿ​ត ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ក្នុង​ខ្ទម​ដី​ឡូត៍​គ្មាន​លេខ ភូមិ​អូរ​អណ្តូង​1 សង្កាត់​ព្រែក​ប្រា ខណ្ឌ​ច្បារ​អំពៅ ។ ២-​ឈ្មោះ​ម៉ាត់ ហ្វា​រី​តាស់ ភេទ​ស្រី អាយុ​២៤​ឆ្នាំ ជនជាតិ​ខ្មែរ​អ៊ិ​ស្លា​ម មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ខ្ទម​ខាងលើ​ជាមួយ​គ្នា​។

មន្ត្រី​នគរបាល​ឱ្យ​ដឹង​ថា មុន​ឈាន​ដល់​ការ​ចុះ​បង្ក្រាប គឺ​កម្លាំង​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​ខណ្ឌ​ច្បារ​អំពៅ បាន​បើក​ការ​ស្រាវជ្រាវ​តាមដាន​មុខសញ្ញា​ខាងលើ​អស់​រយៈពេល​ជា​យូរ ។ រហូត​មក​ទល់​នឹង​វេលា​កើតហេតុ ដោយ​ទទួល​បាន​ប្រភព​ច្បាស់​ការណ៍​ពី​ទីតាំង​លាក់ខ្លួន​របស់​ជនសង្ស័យ ទើប​ធ្វើការ​សហការ​ជាមួយ​កម្លាំង​នគរបាល​មូលដ្ឋាន​បើក​ប្រតិបត្តិការ​ចុះ​មក​ធ្វើការ​បង្ក្រាប​បាន​ជាក់ស្តែង​តែ​ម្តង ដោយ​ឃាត់ខ្លួន​មុខសញ្ញា​គ្រឿងញៀន​ចំនួន​០២​នាក់​។

ក្នុង​ការ​ឃាត់ខ្លួន​នោះ សមត្ថកិច្ច​បាន​ដកហូត​ម្សៅ​ក្រាម​ពណ៌​ស ថ្លា​១០​កញ្ចប់​ថង់​តូច ដែកកេះ​៧ និង​ឧបករណ៍ ក៏​ដូច​ជា​សម្ភារ​មួយ​ចំនួន​ធំ ។ បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុ​តាង​ត្រូវ​បញ្ជូន​ទៅ​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារ​អំពៅ រង់ចាំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​ទៅ​តាម​នីតិវិធី​ច្បាប់​៕