ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តកំពង់ចាម ៖ ​​​ប្រជាពលរដ្ឋ​ប្រមាណ​​២.៧០០​គ្រួសារ​ ស្ថិត​ក្នុង​ឃុំ​រាយ​ប៉ាយ ស្រុក​កងមាស​ ខេត្តកំពង់ចាម កំពុង​ជួប​បញ្ហា​ប្រឈម​​​ដោយសារ​កង្វះខាត​ទឹក​ប្រើប្រាស់​ជា​ប្រចាំ​ថ្ងៃ ។

លោក​ភោគ សា​វុ​ធ អភិបាលរង​ស្រុក​កងមាស​បានឱ្យ​ដឹង​ថា  ក្នុងស្រុក​កងមាស​ ឃុំ​រាយ​ប៉ាយ ​ប្រជាពលរដ្ឋ​ត្រូវ​បាន​ប្រឈម​ខ្លាំង​ដោយស្ថានភាព​ទឹក​ព្រែក​បាន​រីងស្ងួត​អស់​ ម្យ៉ាង​ទឹកទន្លេ​ឡើង​តូច ​មិន​បាន​ហូរ​ចូល​បឹង​ព្រែក ​ដែល​ជា​អាង​ស្ដុក​ទឹក​ទុក​បាន​គ្រប់​គ្រាន់​ជាមួយ​អាកាសធាតុ​ក្ដៅ​ និង​គ្មាន​ភ្លៀងធ្លាក់​ផង​នោះ​ ធ្វើ​ឱ្យ​ទឹកក្នុង​ព្រែក​បឹង​ឆាប់​រីងស្ងួត​​ជាង​បណ្ដា​ឆ្នាំ​មុន​ៗ ។​    ​    ​    ​    ​  

លោក នួន ណុ​យ នាយក​ទីចាត់ការ​រដ្ឋបាល​សាលាខេត្ត​កំពង់ចាមបានឱ្យ​ដឹង​ថា ដោយសារ​ប្រជាពលរដ្ឋ​នៅ​ក្នុង​ឃុំ​រាយ​ប៉ាយ ប្រមាណ​ជាង​២៧០០​គ្រួសារ​ដែល​កំពុង​ប្រឈម​នឹង​កង្វះខាត​ទឹក​ប្រើប្រាស់​ អាជ្ញាធរ​ខេត្ត​បាន​ចាត់តាំង​ឱ្យ​មន្ត្រី​ជំនាញ​របស់​មន្ទីរ​ធនធានទឹក​ និង​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ឱ្យ​ទៅ​ជួយ​ជីក​ស្រះ​ទឹក​ នៅ​តាម​បាត​ព្រែក ​ប៉ុន្តែ​បាត​ព្រែក​មាន​ភក់ល្បាប់​ទឹក​ចេញ​មិនល្អ​អាជ្ញាធរ​​ខេត្ត​បាន​បង្វែ​រពី​ការ​ជីក​ស្រះ​តាម​បាត​ព្រែក ​មក​ជីក​អណ្តូង​ខ្នោះ​​ជូន​ប្រជាពលរដ្ឋ​វិញ​ ព្រោះ​អណ្តូង​អាច​ធានា​បាន​ទឹក​ប្រើប្រាស់​យូរអង្វែង ​និង​មាន​លក្ខណៈ​អនាម័យ​ទៀត​ផង​ ។