ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានី​ភ្នំពេញ ៖ លោក​គង់  វិបុល ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​ចូលរួម​ជា​គណៈអធិបតី​ក្នុង​ពិធី​បើក​សិក្ខាសាលា​ស្តី​ពី​ពន្ធលើប្រាក់ចំណេញ​ប្រចាំឆ្នាំ របៀប​បំពេញ​លិខិត​ប្រកាស​ពន្ធលើប្រាក់ចំណេញ និង​ការ​ប្រើប្រាស់​វិក្កយបត្រ​សម្រាប់​អ្នក​ជាប់ពន្ធ​តាម​របប​ស្វ័​យ​ប្រកាស ដែល​រៀបចំ​នៅ​សាល​ប្រជុំ​សាលា​ជាតិ​ពន្ធដារ ព្រឹក​ថ្ងៃ​ទី​២៦ កុម្ភៈ ២០១៦ ដោយ​មានការ​ចូលរួម​ពី​សំណាក់​លោក​ឧក​ញ៉ា លោក​ជំទាវ លោក លោកស្រី អ្នក​នាង កញ្ញា ជានា​យក​តំណាង​រោងចក្រ សហគ្រាស​ចំនួន​៣០០ ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​នាយកដ្ឋាន​គ្រប់គ្រង​អ្នក​ជាប់ពន្ធ​ធំ​។

ក្នុង​ពិធី​បើក​សិក្ខាសាលា​នោះ លោក​ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​មាន​ប្រសាសន៍​ថា សិក្ខាសាលា​ថ្ងៃនេះ រៀបចំ​ធ្វើ​ឡើង​ក្នុង​គោលបំណង​ផ្សព្វផ្សាយ​ឲ្យ​បាន​កាន់តែ​ទូលំទូលាយ​ថែម​ទៀត និង​ឲ្យ​បាន​ជ្រួតជ្រាប​ដល់​គ្រប់​មជ្ឈដ្ឋាន​អ្នក​ជាប់ពន្ធ ជា​ពិសេស​គឺ​ដើម្បី​ស្វែង​យល់​ឲ្យ​បាន​កាន់តែ​ស៊ីជម្រៅ​ថែម​ទៀត សំដៅ​ធ្វើ​យ៉ា​ង​ណា​ឲ្យ​អ្នក​ជាប់ពន្ធ​គោរព​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​ការ​អនុវត្ត​ច្បាប់​ស្តី​ពី​សារពើពន្ធ និង​វៀសវាង​បាន​នូវ​កំហុស​ខុសឆ្គង ដោយ​ប្រការ​ណាមួយ​ដែល​អាច​នាំ​ទៅ​ដល់​ការ​ទទួល​រង​នូវ​ការ​ផាកពិន័យ និង​ទោសទណ្ឌ​ផ្សេង​ៗ​ពី​សំណាក់​រដ្ឋបាល​សារពើពន្ធ​។