បទល្មើស​ឈើ​តូចតាច​២៦​ករណី ត្រូវ​បញ្ជូនទៅ​តុលាការ បទល្មើស​ធំៗ​(​ប្រព្រឹត្ត​ដោយ​ក្រុម​ឧកញ៉ា​)​កំពុង​បន្ត​ស៊ើបអង្កេត ហើយ​អ្នកកាសែត​បានក្លាយ​ជា​គោលដៅ​គម្រាម​ប្តឹង​

​ភ្នំពេញ​៖ លោកនាយ​ឧ​ត្ត​ម​សេនីយ សៅ សុខា អគ្គ​មេបញ្ជាការរង នៃ កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​ប្រធាន​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ បាន​ថ្លែង​ក្រោយពី​មាន​កិច្ចប្រជុំ​បិទទ្វារ​ជាង​២​ម៉ោង​ព្រឹក ថ្ងៃ​ច័ន្ទ​ទី​២២ ខែកុម្ភៈ ឆ្នាំ​២០១៦ របស់​គណៈកម្មការ​ជាតិ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ នៅ​ទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ដោយ​អះអាងថា ពេលនេះ​គ្មានទេ​បទល្មើស​ព្រៃឈើ ទាំង​ការ​ចរាចរណ៍​ឆ្លងដែន និង​ការកាប់បំផ្លាញ​ព្រៃឈើ​។ ទោះយ៉ាងណា​ការប្រជុំ​នេះ​ដោយ​សម្ងាត់​មិន​ឲ្យ​កាសែត​ដឹង​ខ្លឹមសា​ភ្លាមៗ​នោះទេ​ព្រោះ​វា​ជា​រឿង​រសើប​។ តែ​អ្នកកាសែត​គេ​ឲ្យ​ដឹង​ត្រឹមតែ​ប្រជុំ​ក្នុង​គោល​បំណណ​ង​ត្រួតពិនិត្យ​លទ្ធផល ការងារ​អនុវត្ត​កន្លងទៅ និង​ទិសដៅ​ការងារ​បន្ត​តែប៉ុណ្ណោះ អ្វីដែល​ជាការ​ចាប់អារម្មណ៍​គឺ​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា ក៍បាន​ព្រមាន​ពី​ការប្តឹង​អ្នកកាសែត​ទៅ​ស្ថាប័ន​ប្រឆាំង​និង​អំពើរ​ពុករលួយ​ទៅវិញ​ប្រសិនបើ​ក្នុង​បេសកម្ម​ស្រាវជ្រាវ​បង្ក្រាប​របស់លោក​រកឃើញ​ថា​អ្នកកាសែត​ឃុបឃិត​ពុករលួយ​ជាមួយ​មន្ត្រី​នៅក្នុង​បទល្មើស​ព្រៃឈើ​នេះ​ផងដែរ​។​

សូម​រំលឹកថា​ថ្មីៗ​កន្លងមកនេះ​អ្នកកាសែត​ម្នាក់​ដែលជា​ភ្នាក់ងារ​ទូរទស្សន៍ប៉ុស្តិ៍​លេខ​៩​ប្រចាំខេត្ត​មណ្ឌល​គី​រី ត្រូវបាន​លោក សាក់ សា​រ៉ាង មេ​បញ្ជា​រការ​ប៉េអឹម​ខេត្ត​មណ្ឌល​គី​រី ប្រើ​អំណាច​ចាប់ខ្លួន​ដោយ​រំលោភច្បាប់​ចាប់ខ្លួន​យកទៅ​សំឡុត​នៅ​ទីបញ្ជាការ​ប៉េអឹម​ដោយសា​តែ​ទូរទស្សន៍ប៉ុស្តិ៍​លេខ​៩ រាយការណ៍​ថា​បទល្មើស​ព្រៃឈើ​នៅក្នុង​ខេត្ត​មណ្ឌល​គី​រី មាន​ជាប់​ពាក់​ពន្ធ​ជាមួយ​លោក​មេ​ប៉េអឹម​រូបនោះ​។ សូម​បញ្ជាក់ដែរថា​បើតាម​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អេង ហ៊ី អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​ប្រាប់​កាសែត​កាលពី​រសៀល ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ​២០១៦​ឲ្យ​ដឹងថា គណៈកម្មការ​បង្ក្រាប និង​ទប់ស្កាត់​បទល្មើស​ព្រៃឈើ បានសម្រេច​បញ្ជូន​សំណុំរឿង​ព្រៃឈើ ចំនួន​២៦​ករណី តែ​ជា​បទល្មើស​តូចតាច ទៅកាន់​តុលាការ ឯ​បទល្មើស​ព្រៃឈើ​ធំៗ​(​ទំនង​ថ្នាក់​ឧកញ៉ា​ប្រព្រឹត្ត​) នៅ​ធ្វើការ​ស៊ើបអង្កេត​នៅឡើយ​។ បើ​យោងតាម របាយការណ៍​របស់​គ​ណៈ​កម្ម​ការ​នេះ សំណុំរឿង​ព្រៃឈើ​ដែល​បាន​បញ្ជូនទៅ​តុលាការ​ពេលនេះ​មាន​ចំនួន​៣​ខេត្ត ក្នុងនោះ​មាន​ខេត្តក្រចេះ​ចំនួន​៥​ករណី (​ក្រុមហ៊ុន​ចំនួន​៤​ករណី និង​ឯកជន​ចំនួន​១​ករណី​) ខេត្តស្ទឹងត្រែង ចំនួន​១៩​ករណី និង​ខេត្តមណ្ឌលគិរី​ចំនួន​២​ករណី​។

​នៅ ក្នុងការ​បង្ក្រាប​កន្លង​មក​សមត្ថកិច្ច​បាន​រក​ឃើញ​វត្ថុតាង នៃ​បទល្មើស​មួយចំនួន​ដូចជា​៖ ខេត្តស្ទឹងត្រែង​ឈើ​៣២៨៣​ដុំ ស្មើ​២៥០.១៩៤​ម៉ែត្រគូប គោយន្ត​កន្ត្រៃ​យ៍​ចំនួន​៤​គ្រឿង និង​រណា​យន្ត​ចំនួន​៤​គ្រឿង​។ ខេត្ត​មណ្ឌល​គី​រី​៖ ចាប់​រថយន្ត​បាន​ចំនួន​៨​គ្រឿង ទោចក្រយានយន្ត​២​គ្រឿង ម៉ាស៊ីន​អា​ឈើ​ចំនួន​១​គ្រឿង​ម៉ាស៊ីន​ជ្រៀក​ឈើ​ចំនួន ១​គ្រឿង រណា​យន្ត​២​គ្រឿង ម៉ាស៊ីន​គោយន្ត​១​គ្រឿង​។ ខេត្តរតនគិរី​៖ ចាប់​ឈើ​បាន​៥៦៥​ដុំ ស្មើ​១៧៦.៤០៩​ម៉ែត្រគូប និង ខេត្តក្រចេះ​៖ ចាប់​ឈើ​បាន​ចំនួន​៣,០៩៤​កំណាត់ ស្មើ​៦៦៧,៥០៦​ម៉ែត្រគូប ជន្លង់ម្រេច​ចំនួន​២៤៦ រណា​យន្ត​ចំនួន​១​គ្រឿង​។ ចំពោះ​ក្រុមហ៊ុន​ដែលមាន​ការពាក់ព័ន្ធ​នឹង​ព្រៃឈើ​ធំៗ​ក្នុង​ខេត្តរតនៈគិរី​វិញ មានដូចជា ក្រុមហ៊ុន​ដូនពេញ​មាន​ឈើ​៨៨៣៣​កំណាត់ ស្មើ​១៨៥​ម៉ែត្រគូប​, ក្រុមហ៊ុន ទ្រី​ភាព មាន​ឈើ ៨១៥៧​ដុំ ស្មើ​២៧៥,៤៦០​ម៉ែត្រគូប​, ក្រុមហ៊ុន​ចែង​ប៉ូ​លីន មាន​ឈើ ១,៣១២,៩១៥​ម៉ែត្រគូប​។​

សូមបញ្ជាក់ថា ប្រមាណ​ជាង​១​ខែ​មកនេះ​គឺ​ចាប់តាំងពី​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០១៦ ជា​ថ្ងៃ​ដែល​រាជរដ្ឋាភិបាល​បង្កើត គណៈកម្មការ​ជាតិ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​នោះ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា បានបញ្ជាក់​ត្រឹម​បញ្ជាក់ថា គ្មានទេ​បទល្មើស​ព្រៃឈើ​ពេលនេះ ប៉ុន្តែ​លោកនាយ​ឧ​ត្ត​ម​សេនីយ៍​បាន​ទទួលស្គាល់ថា​ខេត្ត​មណ្ឌល​គី​រី​ដែលជា​ខេត្ត​ទើបនឹង​ដក​ចៅហ្វាយខេត្ត​មួយ​ចោល​នោះ​ជា ខេត្ត​ដែលមាន​បទល្មើស​ព្រៃឈើ​ច្រើនជាងគេ ។​ពលរដ្ឋ​ទូទាំង​ប្រ​ទេ​កំពុង​តាមដាន​យ៉ាង​យក​ចិត​ទុកដាក់​ជាទីបំផុត​ចំពោះ​វិនាសកម្ម​ព្រៃឈើ​នៅក្នុង​ប្រទេស​កម្ពុជា​ដែល​ប្រព្រឹត្តឡើង​ដោយ​ជន​មួយ​ក្តាប់​តូច​មាន​លុយ​មានអំណាច និង​មាន​សែស្រឡាយ​ខ្នងបង្អែក​អ្នកមាន​អ​ណា​ច​កំពូលៗ ដែល​គេ​ស្គាល់ឈ្មោះ​និង​ល្បីល្បាញ​ពេញ​ប្រទេស ថា​តើ​ក្រុម​ជន​ដែល​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​កម្រិតធ្ងន់ៗ​ទាំងនោះ ត្រូវគេ​ផុតពី​សំណាញ់​ច្បាប់​ឬ​យ៉ាងណា ព្រោះ​ប​ច្ច​ប្បន្ន​សូម្បីតែ គណៈកម្មការ​ជាតិ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​ក៏​មិនទាន់​មានការ​ដៅ​ឈ្មោះ ជនល្មើស​ទាំងនោះ​ផង​៕

KA-23-02-2016-01 KA-23-02-2016-02 KA-23-02-2016-03 KA-23-02-2016-04