ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តពោធិ៍សាត់ ៖ សព​ក្មេង​ស្រី​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​អណ្តែត​ក្នុង​ទឹកស្រះ កាលពី​វេលា​ម៉ោង​១១​និង​១៥​នាទី​ព្រឹក ថ្ងៃ​ទី​២២ កុម្ភៈ ២០១៦ នៅ​ភូមិ​ក្បាល​ឈើ​ពុក ឃុំ​ស្យា ស្រុក​កណ្តៀង ខេត្តពោធិ៍សាត់ បន្ទាប់​ពី​បាត់​មួយ​ថ្ងៃមួយ​យប់​។

លោក លីវ សេង​ហ៊ី​ម អធិការ​នគរបាល​ស្រុក​កណ្តៀង បាន​ឲ្យ​ដឹង​ថា សព​ក្មេង​ស្រី​ដែល​គេ​ប្រទះ​ឃើញ រួម​នឹង​កង់​នោះ​ឈ្មោះ សោម បញ្ញា ភេទ​ស្រី អាយុ​០៦​ឆ្នាំ ឳ​ពុក​ឈ្មោះ នី និង​ម្តាយ​ឈ្មោះ ច​ន្ថា រស់នៅ​ភូមិ​ក្បាល​ឈើ​ពុក ឃុំ​ស្យា ស្រុក​កណ្តៀង ខេត្តពោធិ៍សាត់ ។

បើ​តាម​ឳ​ពុក​ម្តាយ​កុមារី​រង​គ្រោះ​បាន​ប្រាប់​ឲ្យ​ដឹង​ថា រូប​ខ្លួន​បាន​បាត់​កូនស្រី​តាំងពី​វេលា​ម៉ោង​ប្រមាណ​១១​ព្រឹក ថ្ងៃ​ទី​២១ កុម្ភៈ ២០១៦ មក​ម្ល៉េះ​។ កូន​របស់​ខ្លួន​ជា​ញឹកញយ​តែងតែ​ជិះ​កង់​ដើរ​លេង​នៅ​ក្បែរ​ភូមិ ។ ឳ​ពុក​ម្តាយ​កុមារី​រង​គ្រោះ​បាន​ឲ្យ​ដឹង​ទៀត​ថា នៅ​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២២ កុម្ភៈ ២០១៦ ស្រាប់តែ​អ្នក​ភូមិ​បាន​មក​ប្រាប់​ថា កូន​របស់​ខ្លួន​លង់ទឹក​ស្លាប់​បាត់​ទៅ​ហើយ ។

មន្ត្រី​ប៉ុស្តិ៍​នគរបាល​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ដែរ​ថា សព​ក្មេង​ស្រី​លង់ទឹក​ស្លាប់​នេះ គឺ​បណ្តាល​មក​ពី​ក្មេង​ស្រី​នេះ​ជិះ​កង់​ដើរ​លេង​លើ​ផ្លូវ​ក្បែរ​ស្រះ​ទឹក ហើយ​ធ្លាក់​ចូល​ក្នុង​ស្រះ​ដោយ​គ្មាន​នរណា​ដឹង ថែម​ទាំង​មិន​ចេះ​ហែល​ទឹក​ទៀត បច្ចុប្បន្ន​សព​កុមារី​ត្រូវ​បាន​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕