ជនសង្ស័យម្នាក់ ត្រូវនគរបាល ប៉ុស្តិ៍ទឹកថ្លា ឃាត់ខ្លួន ពីបទប្លន់ម៉ូតូ

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ត្រូវមន្រ្តីនគរបាលប៉ុស្តិ៍ទឹកថ្លាឃាត់ខ្លួន ពីបទប្លន់ម៉ូតូ កាលពីវេលាម៉ោង២ៈ៣០នាទី ទៀបភ្លឺ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦ នៅចំណុចផ្លូវលំ ភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

មន្រ្តីនគរបាលប៉ុស្តិ៍ទឹកថ្លា បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ឡុង ចាន់ធឿន ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ត្រូវបានឃាត់ខ្លួនពីបទប្លន់ម៉ូតូ។ ចំណែកជនរងគ្រោះឈ្មោះ ជឹម វុទ្ធី ភេទប្រុស អាយុ ៥៣ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅផ្ទះ លេខ៦៤ ផ្លូវលំ ភូមិកំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ។

មុនពេលកើតហេតុ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៦ ជនសង្ស័យឈ្មោះ ឡុង ចាន់ធឿន បានជិះម៉ូតូម៉ាកស្មាសវី ស៊េរីឆ្នាំ២០១៥ យកទៅដាក់បញ្ចាំ បានលុយចំនួន ៦០០ដុល្លារអាមេរិក នៅក្រោយផ្សារព្រៃទា សង្កាត់ចោមចៅ ពេលបានលុយហើយ ជនសង្ស័យបានយកលុយនេះ ទៅលេងចាក់បាល់តាមអ៊ីនធឺណេតចាញ់អស់ ហើយជនសង្ស័យមិនហ៊ានចូលផ្ទះ រហូតដល់ពេលរំលងអធ្រាត្រ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦ ជនសង្ស័យបាន ដើរចេញពីផ្ទះលេងអ៊ីនធឺណេត ហើយបានយកកូនកាំបិតចុងស្រួច ដងពណ៌លឿង សម្រាប់ចិតបន្លែពី ក្នុងផ្ទះលេងអ៊ីធឺណេត ដាក់ចូលក្នុងហោប៉ៅខោខាងស្តាំ ដែលជនសង្ស័យស្លៀកជាប់ខ្លួន ក្នុងគោលបំណង ហៅម៉ូតូឌុបជិះទៅកន្លែងស្ងាត់ ដើម្បីធ្វើសកម្មភាពប្លន់ តែពេលជនសង្ស័យ ដើរចេញពីផ្ទះលេងអ៊ីធឺណេត បានចម្ងាយប្រហែល ៧ម៉ែត្រ ក៏ហៅម៉ូតូឌុបជិះមករង្វង់មូលចោមចៅ ពេលមកដល់ ជនសង្ស័យបានឲ្យម៉ូតូឌុប នោះឈប់ ជនសង្ស័យឲ្យលុយទៅម្ចាស់ម៉ូតូឌុប ២៥០០រៀល ម៉ូតូឌុបក៏ជិះទៅបាត់។ ពេលនោះជនសង្ស័យឈរ បានបន្តិច ក៏ឃើញជនរងគ្រោះឈ្មោះ ជឹម វុទ្ធី ជិះម៉ូតូម៉ាកវ៉េវ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១២ ពាក់ស្លាកលេខ ភ្នំពេញ 1BO-3617 ជិះមកដល់ ជនសង្ស័យក៏បាន ហៅឲ្យឈប់ ឌុបមកស្ទឹងមានជ័យ ក្នុងតម្លៃ១០០០០រៀល ជនសង្ស័យក៏បានឡើងជិះម៉ូតូ ហើយឲ្យឌុបដឹកទៅផ្លូវ២០០៤វិញ ពេលជិះដល់ស្ថានីយប្រេង មានផ្លូវលំមួយ បត់ទៅត្បូង ឡើងទៅវត្តអង្គតាម៊ីញ បានចម្ងាយប្រហែល ២០០ម៉ែត្រ ជនសង្ស័យឃើញសភាពស្ងាត់ ក៏ឲ្យជនរងគ្រោះឈប់ម៉ូតូ ដោយប្រាប់ថា ចាំបងប្អូនមកទទួលយក ជនសង្ស័យក៏ចុះពីលើម៉ូតូ ហើយដើរទៅ រើសដុំថ្មប៉ុនកដៃ មកវាយជនរងគ្រោះត្រូវចំមុខ។

បច្ចុប្បន្នជនសង្ស័យ ត្រូវនគរបាលប៉ុស្តិ៍ទឹកថ្លា ឃាត់ខ្លួនយកមកអធិការដ្ឋាន នគរបាលខណ្ឌសែនសុខ ដើម្បី ចាត់ការតាមនីតិវិធី៕

ជនសង្ស័យម្នាក់ ត្រូវនគរបាល ប៉ុស្តិ៍ទឹកថ្លា ឃាត់ខ្លួន ពីបទប្លន់ម៉ូតូ