ជនបើករថយន្ត បុកស្ត្រីម្នាក់ស្លាប់ម្នាក់ និងបុរសម្នាករបួសធ្ងន់ ចៅក្រមសម្រេចឲ្យ នៅក្រៅឃុំ ស្ថិតក្រោមការត្រួត ពិនិត្យតាមផ្លូវតុលាការ

ភ្នំពេញ៖ ចៅក្រមស៊ើបសួរ នៃសាលាដំបូង រាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦ ម្សិលមិញនេះ បានសម្រេចឲ្យ បុរសវ័យចំណាស់ម្នាក់ ដែលបាន បើករថយន្តបង្ក គ្រោះថ្នាក់ចរាចរណ៏ បណ្ដាលឲ្យស្ត្រីម្នាក់ស្លាប់ និង បុរសម្នាក់ទៀតរបួសធ្ងន់ ព្រមទាំងខូចខាតសម្ភារៈ មួយចំនួនស្ថិតនៅក្រៅឃុំ ប៉ុន្តែដាក់ឲ្យស្ថិត ក្រោមការត្រួតពិនិត្យ ក្រោមផ្លូវតុលាការ បន្ទាប់ពីជនបង្កបាន បង់សំណង ៤៥០០ដុល្លារដល់ជនរងគ្រោះ។

មន្រ្តីសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា ចៅក្រមស៊ើបសួរនៃ សាលាដំបូង រាជធានីភ្នំពេញ លោកចៅក្រម សាន សុផាត កាលពីល្ងាចថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦ បានសម្រេចមិនឃុំខ្លួន ដាក់ពន្ធនាគារ លោក កែ គឹមលី ដែលបើកបើករថយន្ត បង្កគ្រោះថ្នាក់ចរាចរណ៏ បណ្តាលឲ្យ មនុស្សម្នាក់ស្លាប់ និងម្នាក់ទៀត របួសធ្ងន់នោះទេ ប៉ុន្តែលោកចៅក្រម បានដាក់ឲ្យស្ថិតក្រោមការ ត្រួតពិនិត្យតាមផ្លូវតុលាការ។ ការសម្រេចនេះ ត្រូវបានប្រភពព័ត៌មាន ច្បាស់ការណ៍ បង្ហើបឲ្យដឹងថា បន្ទាប់ពីជនបង្ក បានសងសំណងជំងឺចិត្ដ ដល់ក្រុមគ្រួសារ ជនរងគ្រោះចំនួន ៤៥០០ដុល្លារ ជាថ្នូរនឹងការដកពាក្យបណ្ដឹង។

លោក កែវ គឹម លី អាយុ ៥១ឆ្នាំ មានទីលំនៅភូមិម៉ុងបារាំង ឃុំប្អេរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ បន្ទាប់ពីបង្ក គ្រោះថ្នាក់ចរាចរណ៏ នៅតាមបណ្តោយ ផ្លូវលេខ២១៧ ត្រង់ចំណុចមុខហាង វ៉ែនតាប៉ារីស ស្ថិតក្នុងសង្កាត់អូរឫស្សី២ ខណ្ឌ៧មករា កាលពី ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៦។ សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ ដែលស្លាប់ នៅក្នុង ហេតុការណ៍នេះ មានឈ្មោះ សុខ ចន្ធូ ភេទស្រី អាយុ ៥១ ឆ្នាំ នៅសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក ស្លាប់ នៅពេលដឹកដល់មន្ទីរពេទ្យ   រីឯអ្នករងរបួសធ្ងន់ មានឈ្មោះ លន់ លី ភេទប្រុស អាយុ ៣២ឆ្នាំ នៅ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ បើកម៉ូតូ សណ្តោង រឺ ម៉ក ម៉ាក SANGYANG ពណ៌ខៀវគ្មានស្លាកលេខ។

សមត្ថកិច្ច បន្តថា នៅមុន កើតហេតុ គេបានឃើញរថយន្តបង្ក បានធ្វើដំណើរ នៅតាមបណ្តោយ ផ្លូវលេខ២១៧ ក្នុងទិសដៅពីទិសខាងកើតមកលិច  លុះមកដល់ ត្រង់ចំណុចកើតហេតុ មិនដឹងមូលអ្វី រថយន្តបង្ក បានរ៉េចង្កូតជ្រុល ទៅបុកពីក្រោយយានយន្ត ចំនួន៥គ្រឿង ដែល កំពុងធ្វើដំណើរ នៅ ពីមុខក្នុងទិសដៅ ស្របទិសគ្នា  បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ នៅពេល ដឹកយកទៅសង្គ្រោះ នៅមន្ទីរពេទ្យ និងម្នាក់ទៀតរងរបួសធ្ងន់៕

ជនបើករថយន្ត បុកស្ត្រីម្នាក់ស្លាប់ម្នាក់ និងបុរសម្នាករបួសធ្ងន់ ចៅក្រមសម្រេចឲ្យ នៅក្រៅឃុំ ស្ថិតក្រោមការត្រួត ពិនិត្យតាមផ្លូវតុលាការ