ព័ត៌​មានកីឡា &raquo កីឡាជាតិ

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​សៅរ៍​ទី​២៧ កុម្ភៈ នេះ កីឡាករ ឡៅ ចិ​ត្រា មក​ពី​ក្លិប​កងទ័ព​ឆត្រយោង​៩១១ និង​កីឡាករ លួ​ន សុ​ខេ​ង មក​ពី​ក្លិប​អាស៊ី​កីឡា ត្រូវ​បាន​គណៈកម្មការ​ប្រដាល់​ផ្គូផ្គង​ឱ្យ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​នៅ​លើ​សង្វៀន​ស្ថានីយទូរទស្សន៍​ស៊ី​ធី​អិន ។ អ្នក​និយម​ទស្សនា​កីឡាប្រដាល់​ជា​ច្រើន​នាក់​កំពុង​រង់ចាំ​អ៊ុត​មើល តើ​កីឡាករ​ជើង​ខ្លាំង​របស់​កម្ពុជា​ទាំង​២​អាច​សម្រេច​គោលដៅ​របស់​ខ្លួន ឬ​យ៉ាងណា ខណៈ​កីឡាករ​ថៃ​ដែល​ពួក​គេ​ត្រូវ​ជួប​នា​ពេល​នេះ ហាក់ដូចជា​មាន​សមត្ថភាព​ពិបាក​ផ្ដល់​អ៊ីចឹង​នោះ ។

ការ​ប្រកួត​នៅ​ថ្ងៃនេះ កីឡាករ ឡៅ ចិ​ត្រា នឹង​ជួប​ប្រកួត​កីឡាករ​ថៃ​ឈ្មោះ ហ្វា​លី​ឃី​ត និ​ទី​ផា​ន់ ក្នុង​ប្រភេទ​ទម្ងន់​៥៤​គីឡូក្រាម ។ កីឡាករ ឡៅ ចិ​ត្រា ធ្លាប់​ប្រកួត​បាន​១៦​ដង ឈ្នះ​១១​ដង ចាញ់​៣​ដង ស្មើ​២​ដង និង​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​នៅ​លើ​សង្វៀន​បាន​៩​ដង ។ រីឯ​កីឡាករ​ថៃ​ហ្វា​លី​ឃី​ត និ​ទី​ផា​ន់ ធ្លាប់​ប្រកួត​បាន​៦៨​ដង ឈ្នះ​៤៥​ដង ចាញ់​២០​ដង និង​ស្មើ​៣​ដង ។ បើ​មើល​លើ​ប្រវត្តិ​ប្រកួត ឡៅ ចិ​ត្រា មិន​អាច​ប្រៀបផ្ទឹម​ជាមួយ​កីឡាករ​ថៃ​បាន​ឡើយ ប៉ុន្តែ​បើ​មើល​លើ​សមត្ថភាព​វិញ កីឡាករ​កម្ពុជា​ពិតជា​ខ្លាំង​មិនធម្មតា ជា​ពិសេស​មួយ​រយៈ​ចុង​ក្រោយ​នេះ យីអ៊ុន ឡៅ ចិ​ត្រា ឡើង​ខ្ពស់ត្រដែត​ប្រកួត​កម្រ​ចាញ់​ណាស់ ។ ចាំ​មើល​លើក​នេះ តើ​ឡៅ ចិ​ត្រា អាច​សម្រេច​គោលដៅ​របស់​ខ្លួន បាន​ឬ​យ៉ាងណា​ពេល​ជួប​កីឡាករ​ថៃ​ដែល​មាន​ប្រវត្តិ​ប្រកួត​ច្រើន​ជាង​ខ្លួន​ហៅ​មិន​ឮ​បែប​នេះ?

ចំណែក លួ​ន សុ​ខេ​ង ដែល​ត្រូវ​ជួប​កីឡាករ​ថៃ​ឈ្មោះ​ថាប់​នី​ម​ស្យាម ណា​ក់​ស៊ី​ភីង ក្នុង​ប្រភេទ​ទម្ងន់​៦៥​គីឡូក្រាម​លើក​នេះ​មិន​ទាន់​ដឹង​ថា អាច​ទៅ​រួច​ឬ​ក៏​អត់​នោះ​ទេ ព្រោះ​មួយ​រយៈ​ចុង​ក្រោយ​នេះ​ឃើញ​ថា កីឡាករ​ថៃ​ដែល​មក​ប្រកួត​ជាមួយ​កីឡាករ​កម្ពុជា​សុទ្ធតែ​ជា​ជើង​ខ្លាំង និង​កម្រ​ស្ពាយ​ការ​បរាជ័យ​ត្រឡប់​ទៅ​វិញ​ណាស់ ។

លួ​ន សុ​ខេ​ង ធ្លាប់​ប្រកួត​បាន​១០៣​ដង ឈ្នះ​៦៨​ដង ចាញ់​៣១​ដង ស្មើ​៤​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​បាន​២៣​ដង ។ រីឯ​កីឡាករ​ថៃ​ធ្លាប់​ប្រកួត​បាន​៩៥​ដង ឈ្នះ​៦៥​ដង ចាញ់​២៧​ដង និង​ស្មើ​៣​ដង ។ ទោះបី លួ​ន សុ​ខេ​ង មាន​ប្រវត្តិ​ប្រកួត​ច្រើន​ជាង​កីឡាករ​ថៃ​បន្តិច​មែន ក៏​អ្នក​ធ្លាប់​តាមដាន​ការ​ប្រកួត​ភាគច្រើន​ហាក់​មិនសូវ​ទុកចិត្ត​លើ​សមត្ថភាព​កីឡាករ​កម្ពុជា​រូប​នេះ​ប៉ុន្មាន​ទេ ដោយសារ​គេ​គ្មាន​ស្នៀត​អ្វី​ដែល​មើលទៅ​ខ្លាំង​ធ្វើ​ឱ្យ​គូប្រកួត​ខ្លាចញញើត​សោះឡើយ ។ ចាំ​មើល​តើ លួ​ន សុ​ខេ​ង ប្រើ​ស្នៀត​អី​ដើម្បី​ផ្ដួល​កីឡាករ​ថៃ ឬ​ក៏​ត្រូវ​កីឡាករ​ថៃ​ផ្ដួល​ឱ្យ​បាក់មុខ​នៅ​លើ​សង្វៀន​វិញ ។

ក្រៅពី​គូ​អន្តរជាតិ​នៅ​លើ​សង្វៀន​ដដែល​ក៏​មានការ​ប្រកួត​រវាង​កីឡាករ​ខ្លាំង​ៗ​ចំនួន​៣​គូ​ទៀត​ដូច​ជា កីឡាករ​ហែល វ៉ា មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា ប្រកួត​ជាមួយ​កីឡាករ សៀវ ង៉ុ​យ មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ ។ កីឡាករ លាស់ យី​ន មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យប្រកួត​ជាមួយ​កីឡាករ ទេស ឧត្ដម មក​ពី​ក្លិប​កងពលតូច​លេខ​៧០ និង​គូ​ចុង​ក្រោយ​កីឡាករ ឡុ​ង រ៉ា​មី មក​ពី​ក្លិប​ខ្លារខិន​មាន​ឫទ្ធិ ប្រកួត​ជាមួយ​កីឡាករ ម៉​ន ដា មក​ពី​ក្លិប​ការិយាល័យ​ទី​៥​កងទ័ពជើងគោក ៕