សេវាកម្ម &raquo ពាណិជ្ជកម្ម

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី​២៣ កុម្ភៈ កន្លង​មកនេះ នៅ​ផ្សារ​ទំនើប​អី​ុ​អន​ម៉​ល ក្រុមហ៊ុន​អាកាសចរណ៍ Bangkok Airways​បាន​រៀបចំ​កម្មវិធី​មួយ​ដើម្បី​ជួប​ជាមួយ​អ្នកកាសែត ក្នុងស្រុក​ក្នុង​នោះ​ក៏​មាន​តំណាង​អ្នក​យក​ព័ត៌មាន​កោះសន្តិភាព​ផង​ដែរ ។

លោក Lertkit Kitcharoenwong តំណាង​ក្រុមហ៊ុន​អាកាសចរណ៍ Bangkok Airways​បានឱ្យ​ដឹង​ថា ថ្ងៃនេះ​ក្រុមហ៊ុន​របស់​លោក​បាន​អញ្ជើញ​អ្នកកាសែត​ជា​ច្រើន​ដើម្បី​ជួបជុំ​គ្នា​និង​ថ្លែងអំណរគុណ​ដល់​ពួក​គាត់​ដែល​បាន​សហការ​ធ្វើការ​ជាមួយ​គ្នា​យ៉ាង​រលូន​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ។ មិនតែប៉ុណ្ណោះ​ក្រុមហ៊ុន​អាកាសចរណ៍ Bangkok Airways ដែល​មានការ​រីក​ចម្រើន​រហូត​មក​ទល់​ថ្ងៃនេះ​ក៏​ដោយសារ​តែ​មាន​កិច្ចសហការ​គ្នា​យ៉ាង​ល្អជា​មួយ​អ្នក​សារព័ត៌មាន​ក្នុងស្រុក​ផង​ដែរ ។ ដូច្នេះ​ដើម្បី​ជា​ការ​តបស្នង​ដល់​អ្នក​សារព័ត៌មាន ក្រុមហ៊ុន​បាន​រៀបចំ​កម្មវិធី​នេះ​ឡើង​ដែល​ក្រៅពី​ការ​ពិសា​អាហារ​ជុំ​គ្នា​ក៏​បាន​ចាប់ឆ្នោត​ផ្សងសំណាង​ចំនួន​៦​រង្វាន់ ក្នុង​នោះ​មាន​២​រង្វាន់​ធ្វើ​ដំណើរ​ទៅ​លេង​នៅ​ឈៀង​ម៉ៃ ប្រទេស​ថៃ ២​រង្វាន់​ទៀត​ធ្វើ​ដំណើរ​ទៅ​លេង​នៅ​ទីក្រុង​បាងកក និង​២​រង្វាន់​ទៀត​ធ្វើ​ដំណើរ​ទៅ​លេង​នៅ​កោះ​ម៉ា​ល់​ឌី​វ បន្ទាប់​មក​ក៏​មានការ​អញ្ជើញ​អ្នក​សារព័ត៌មាន​ចូល​ទស្សនា​ខ្សែភាពយន្ត​កម្សាន្ត​រួម​គ្នា​ទៀត​ផង ។

លោក​បានឱ្យ​ដឹង​ទៀត​ថា កម្មវិធី​នេះ​ក្រុមហ៊ុន​តែង​រៀបចំ​ធ្វើ​ឡើងជា​ញឹកញាប់ ។ រហូត​មក​ទល់​ពេល​នេះ​ក្រុមហ៊ុន​អាកាសចរណ៍ Bangkok Airways មានការ​រីក​ចម្រើន​គួរ​ឱ្យ​កត់សម្គាល់ បើ​ធ្វើការ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៤ មានការ​កើនឡើង​២០% ។ ការ​ហោះហើរ​ត្រង់​ពី​ទីក្រុង​ភ្នំពេញ​ទៅ​កាន់​ទីក្រុង​បាងកក និង​ពី​ទីក្រុង​បាងកក មក​ទីក្រុង​ភ្នំពេញ​ក្នុង​មួយ​ថ្ងៃ​៦​ជើង និង​ការ​ហោះហើរ​ត្រង់​ពី​ខេត្តសៀមរាប​ទៅ​កាន់​ទីក្រុង​បាងកក និង​ពី​ទីក្រុង​បាងកក មក​កាន់​ទីក្រុង​ភ្នំពេញ ក្នុង​មួយ​ថ្ងៃ​៥​ជើង​៕