ព័ត៌មាន​អន្តរជាតិ &raquo ព្រឹត្តិការណ៍អន្តរជាតិ

កង​យន្តហោះ​រុ​ស្ស៊ី​កាលពី​ថ្ងៃ​ទី​២៥ កុម្ភៈ បាន​ទម្លាប់​គ្រាប់បែក​លើ​តំបន់​នានា​របស់​ពួក​ឧទ្ទាម​នៅ​ភាគ​ពាយ័ព្យ​ស៊ី​រី ហើយ​កងកម្លាំង​រដ្ឋាភិបាល​ស៊ី​រី​បាន​បាញ់​ផ្លោង​ដាក់​សង្កាត់​មួយ​កាន់កាប់​ដោយ​ពួក​បះបោរ​នៃ​ទីក្រុង​ដា​ម៉ាស់​មុន​ពេល​ដល់​ថ្ងៃ​ប្រកាស​បទ​ឈប់​បាញ់​គ្នា​ស្នើ​ឡើង​ដោយ​សហរដ្ឋ​អា​មេ​រិ​ក​និង​រុ​ស្ស៊ី ។

គម្រោង​បញ្ឈប់​ការ​ប្រទូស្ត​រ៉ា​យ​គ្នា​ប្រកាស​កាលពី​ថ្ងៃ​ទី​២២ កុម្ភៈ គ្រោង​ថា ការ​ឈប់​បាញ់​គ្នា​ត្រូវ​ចូល​ជា​ធរមាន​ចាប់ពី​ពាក់កណ្តាល​យប់​ម៉ោង​ក្នុងស្រុក​ថ្ងៃ​ទី​២៧ កុម្ភៈ ទៅ ។ ពួក​ច្បាំង​គ្នា​មាន​ពេល​រហូត​ដល់​ថ្ងៃ​ទី​២៦ កុម្ភៈ វេលា​ម៉ោង​១០​ម៉ោង​សាកល ដើម្បី​ប្រកាស​ថា ពួក​គេ​ព្រម​ទទួលយក​បទ​ឈប់​បាញ់​គ្នា​នេះ ។

ប្រធានាធិបតី​អា​មេ​រិ​ក លោក​បា​រ៉ា​ក់ អូ​បា​ម៉ា គូសបញ្ជាក់​នា​ថ្ងៃ​ទី​២៥ កុម្ភៈ ថា បណ្តា​ថ្ងៃ​ខាង​មុខ​នឹង​សំខាន់​ខ្លាំង​ណាស់​សម្រាប់​ប្រទេស​ស៊ី​រី ដោយ​លោក​ប្រាប់​ទៅ​របប​លោក​បា​ចា​អាល់​អាសា​ដ និង​សម្ព័ន្ធមិត្ត​រុ​ស្ស៊ី​ថា ពិភពលោក​នឹង​ចាប់អារម្មណ៍​ខ្លាំង​ចំពោះ​ការ​គោរព​កិច្ចសន្យា​ពួក​គេ​លើ​បទ​ឈប់​បាញ់​គ្នា​នេះ ។

បន្ទាប់​ពី​កិច្ចប្រជុំ​មួយ​របស់​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​នៅ​ទីក្រុង​វ៉ា​ស៊ី​ន​តោន លោក​អូ​បា​ម៉ា ទទូច​លើ​ការ​ទទួលខុសត្រូវ​របស់​ក្រុង​ដា​ម៉ាស់ និង​ក្រុង​មូ​ស្គូ​ក្នុង​ដំណាក់កាល​ដំបូង​នេះ​ក្នុង​ក្តី​សង្ឃឹមថា​អាច​បញ្ចប់សង្គ្រាម​នៅ​ស៊ី​រី ។

លោក​អូ​បា​ម៉ា រំលឹក​ថា គ្រប់​ភាគី​ទាក់ទិន​ក្នុង​ជម្លោះ​ត្រូវ​បញ្ចប់​ការ​វាយប្រហារ​ក្នុង​នោះ​រួម​ទាំង​ការ​វាយប្រហារ​តាម​អាកាស​ផង ហើយ​ជំនួយ​មនុស្សធម៌​ត្រូវ​តែ​អាច​បញ្ជូន​ទៅ​កាន់​តំបន់​ជាប់​ការ​ឡោម​ព័ទ្ធ​ទាំងឡាយ ។ ប្រការ​នេះ​នឹង​ពឹងផ្អែក​ទាំងស្រុង​លើ​ការ​គោរព ការ​សន្យា​របស់​របប​ស៊ី​រី រុ​ស្ស៊ី និង​បណ្តា​សម្ព័ន្ធមិត្ត ។

របប​លោក​អាសា​ដ ពួក​ប្រឆាំង ព្រមទាំង​កងកម្លាំង​ឃើ​ត​សុទ្ធតែ​ប្រកាស​ថា ពួក​គេ​នឹង​គោរព​បទ​ឈប់​បាញ់​គ្នា​នេះ​តាម​សំណើ​របស់​សហរដ្ឋ​អា​មេ​រិ​ក និង​រុ​ស្ស៊ី ។

បណ្តា​ក្រុម​ជី​ហា​ដ​ដូច​ជា​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម និង​ក្រុម​រណសិរ្ស​អាល់​ណូ​ស្ត្រា សាខា​អាល់​កៃ​ដា នៅ​ស៊ី​រី ដែល​កាន់កាប់​ដែនដី​មួយ​ផ្នែក​ធំ​ស្ថិត​នៅ​ក្រៅ​កិច្ចព្រមព្រៀង​ឈប់​បាញ់​គ្នា​នេះ ហើយនឹង​នៅ​តែ​ជា​គោលដៅ​នៃ​ការ​វាយប្រហារ​របស់​របប​ស៊ី​រី ការ​វាយប្រហារ​តាម​អាកាស​របស់​រុ​ស្ស៊ី និង​របស់​ក្រុមចម្រុះ​អន្តរជាតិ​នាំមុខ​ដោយ​សហរដ្ឋ​អា​មេ​រិ​ក ។

សម្រាប់​ពួក​ប្រឆាំង​ស៊ី​រី​យល់​ថា ពិត​ណាស់​ក្រុង​ដា​ម៉ាស់​ឆ្លៀតឱកាស​នៃ​បទ​ឈប់​បាញ់​គ្នា​នេះ ដើម្បី​វាត​យក​ទឹកដី​កាន់កាប់ ដោយ​យក​លេស​វាយប្រហារ​លើ​បណ្តា​ទីតាំង​របស់​ពួក​ជី​ហា​ដ ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ឬ​របស់​ក្រុម​រណសិរ្ស​អាល់​ណូ​ស្ត្រា ដែល​ពុំ​ជាប់​ទាក់ទិន​នឹង​បទ​ឈប់​បាញ់​គ្នា​នេះ ។ ចំណែក​រដ្ឋាភិបាល​ស៊ី​រី​វិញ ព្រមាន​ពី​គ្រោះថ្នាក់​នៃ​បរាជ័យ​ចំពោះ​បទ​ឈប់​បាញ់​គ្នា ប្រសិនបើ​បណ្តា​ប្រទេស​ក្រៅ​បន្ត​ផ្ទាល់​អាវុធ​ឱ្យ​ពួក​បះបោរ ។

ការ​ប្រយុទ្ធ​គ្នា​កាលពី​ថ្ងៃ​ទី​២៥ កុម្ភៈ ប្រមូលផ្តុំ​ជា​ពិសេស​នៅ​ភាគ​ពាយ័ព្យ​ប្រទេស​ជិត​ព្រំដែន​តួ​ក​គី និង​នៅ​ដា​រ៉ា​យ៉ា ជា​សង្កាត់​មួយ​នៃ​ក្រុង​ដា​ម៉ាស់​កាន់កាប់​ដោយ​ពួក​បះបោរ​ដែល​រដ្ឋាភិបាល​ចាត់ទុកជា​ពួក​អ៊ិ​ស្លា​ម​និយម​អាល់​ណូ​ស្ត្រា ។ យោង​តាម​អង្គការសិទ្ធិមនុស្ស​ស៊ី​រី OSDH ថា បណ្តា​ឧទ្ធម្ភាគចក្រ​កងទ័ព​ស៊ី​រី​បាន​ទម្លាក់​ធុង​ប្រេង​ផ្ទុះ​ឆេះ​យ៉ាងតិច​៣០​ធុង​លើ​សង្កាត់​ដា​រ៉ា​យ៉ា ។ រដ្ឋាភិបាល​ចោទប្រកាន់​ថា ពួក​ឧទ្ទាម​នៅ​ទីនោះ​បាន​បាញ់​គ្រាប់កាំភ្លើង​ត្បាល់​ដាក់​បណ្តា​តំបន់​ប្រជាជន​រស់នៅ​នៃ​រដ្ឋធានី​ដោយ​សម្លាប់​មនុស្ស​យ៉ាងតិច​ម្នាក់ ៕