តុលាការ​ខេត្ត​រតនគិរី​កោះ​ហៅ​មន្ត្រី​សិទ្ធិមនុស្ស​អាដហុក​ធ្វើ​សាក្សី​រឿង​បរិហារកេរ្តិ៍

ជនជាតិ​ដើម​ភាគ​តិច​រស់​នៅ​ភូមិ​ប៉ក់ធំ ឃុំ​ប៉ក់ញ៉ៃ ស្រុក​អូរយ៉ាដាវ ជាង ៦០​នាក់ មក​ប្រមូល​ផ្ដុំ​គ្នា​នៅ​មុខ​តុលាការ​ខេត្ត​រតនគិរី ដើម្បី​លើក​ទឹក​ចិត្ត​សកម្មជន​សិទ្ធិមនុស្ស​អាដហុក ដែល​ត្រូវ​តុលាការ​សាកសួរ​ក្នុង​ឋានៈ​ជា​សាក្សី​ក្នុង​សំណុំរឿង​បរិហារកេរ្តិ៍។

ជនជាតិ​ដើម​ភាគ​តិច​រស់​នៅ​ភូមិ​ប៉ក់ធំ ឃុំ​ប៉ក់ញ៉ៃ ស្រុក​អូរយ៉ាដាវ ជាង ៦០​នាក់ មក​ប្រមូល​ផ្ដុំ​គ្នា​នៅ​មុខ​តុលាការ​ខេត្ត​រតនគិរី ដើម្បី​លើក​ទឹក​ចិត្ត​សកម្មជន​សិទ្ធិមនុស្ស ខណៈ​មន្ត្រី​ស្ថាប័ន​អយ្យការ​សាលា​ដំបូង​ខេត្ត​នេះ​បាន​កោះហៅ​មន្ត្រី​សម្រប​​សម្រួល​សមាគម​អាដហុក (ADHOC) ខេត្ត មក​សាកសួរ​ក្នុង​ឋានៈ​ជា​សាក្សី​ក្នុង​សំណុំរឿង​ប្រធាន​​គណៈកម្មការ​គ្រប់គ្រង​ព្រៃ​សហគមន៍​ប្ដឹង​សមាជិក​សហគមន៍​ពី​បទ​បរិហារកេរ្តិ៍។

មន្ត្រី​សម្របសម្រួល​អង្គការ​អាដហុក ខេត្ត​រតនគិរី លោក ឆាយ ធី បាន​ចូល​ខ្លួន​បំភ្លឺ​នៅ​មុខ​មន្ត្រី​អយ្យការ​តុលាការ​សាលាដំបូង​ខេត្ត​រួច​ហើយ នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ ដោយ​មិន​មាន​ហេតុ​អាក្រក់​កើត​ទេ។

ព្រះរាជអាជ្ញា​រង​អម​តុលាការ​សាលាដំបូង​ខេត្ត​រតនគិរី លោក ម៉ម វណ្ណដា បាន​ចេញ​ដីកា​កោះ​ហៅ​លោក ឆាយ ធី ក្នុង​នាម​ជា​សាក្សី​ឲ្យ​ចូល​ទៅ​ឆ្លើយ​បំភ្លឺ​រឿង​ក្ដី​ប្រធាន​សហគមន៍​គ្រប់គ្រង​ព្រៃ​ការពារ​ភូមិ​ប៉ក់ធំ គឺ​លោក ប៉ួយ ព្លីន បាន​ដាក់​ពាក្យ​ប្ដឹង​សមាជិក​របស់​ខ្លួន​ពី​បទ​បរិហារកេរ្តិ៍​បន្ទាប់ពី​សមាជិក​សហគមន៍​ជាង ២០០​នាក់ បាន​ដាក់​ពាក្យ​ប្ដឹង​លោក​ថា បាន​លួច​ដី​ចំការ ដីព្រៃ និង​បឹង​ធម្មជាតិ​លក់ដូរ​ខុស​ច្បាប់។

លោក ឆាយ ធី មាន​ប្រសាសន៍​ក្រោយ​ពេល​ចាក​ចេញ​ពី​ការ​បំភ្លឺ​ជូន​មន្ត្រី​អយ្យការ​ថា ដោយសារ​តែ​សហគមន៍​ធ្លាប់​បាន​ដាក់​ពាក្យ​ប្ដឹង​លោក ប៉ួយ ព្លីន ទាក់ទិន​ការ​ចោទ​ប្រកាន់​លួច​លក់​ដី​ចម្ការ ដី​ព្រៃ​ឈើ និង​បឹង​ធម្មជាតិ ទើប​មន្ត្រី​អយ្យការ​កោះ​ហៅ​លោក​ជា​សាក្សី​បញ្ជាក់​ពី​រឿង​នេះ។ លោក​បន្ត​ថា អ្នក​ភូមិ​ពិត​ជា​បាន​ដាក់​ពាក្យ​ប្ដឹង លោក ប៉ួយ ព្លីន ហើយ​លោក​ក៏​បាន​អន្តរាគមន៍​ពាក្យ​ប្ដឹង​ជូន​អាជ្ញាធរ​ខេត្ត​អ្នក​តំណាងរាស្ត្រ​បន្ត​ដោះស្រាយ​បញ្ហា​ជូន​ពលរដ្ឋ៖ «»។

​ទាក់ទិន​ការ​កោះ​ហៅ​សកម្មជន​សិទ្ធិមនុស្ស​មក​សាកសួរ​នេះ ព្រះ​រាជអាជ្ញា​រង​អម​សាលា​ដំបូង​តុលាការ​ខេត្ត​រតនគិរី លោក ម៉ម វណ្ណដា មាន​ប្រសាសន៍​ថា។ ការ​ឆ្លើយ​បំភ្លឺ​របស់​លោក ឆាយ ធី គឺ​ជា​ជំហាន​មួយ​សម្រាប់​លោក​បន្ត​នីតិវិធី​ស៊ើបសួរ​រឿង​ក្ដី​ចោទ​ប្រកាន់​អ្នក​ភូមិ។ លោក​ថា ជា​គោលការណ៍​ច្បាប់​មិន​មាន​ការ​ឃាត់​ខ្លួន​សាក្សី​បំភ្លឺ​នោះ​ទេ៖ «»។

​នៅ​ឯ​ក្រៅ​បរិវេណ​តុលាការ​សាលាដំបូង​ខេត្ត ប្រជាពលរដ្ឋ​ជនជាតិ​ដើម​ភាគតិច​ជាង ៧០​នាក់ បាន​រង់ចាំ​ស្វាគមន៍​លោក ឆាយ ធី ខណៈ​លោក​ចូល​ទៅ​បំភ្លឺ​តាម​ការ​កោះ​ហៅ​របស់​មន្ត្រី​អយ្យការ​រហូត​ពេល​វិល​ត្រឡប់​ចេញ​ទៅ​វិញ ដើម្បី​លើក​ទឹក​ចិត្ត​អ្នក​ឃ្លាំមើល​សិទ្ធិមនុស្ស។ អ្នក​ភូមិ​ចាត់​ទុក​រឿង​ក្ដី​នេះ​ជា​រឿង​ក្ដី​អ្នក​ភូមិ ហេតុនេះ​ពួកគេ​បារម្ភ​ខ្លាច​តុលាការ​ចាប់​ខ្លួន​សកម្មជន​ការពារ​សិទ្ធិមនុស្ស​ទើប​នាំគ្នា​មក​លើក​ទឹក​ចិត្ត។

អ្នក​ភូមិ​មួយ​រូប គឺ​លោក ប៉ូយ ធ្វី ថ្លែង​បញ្ជាក់​ថា អ្នក​ភូមិ​គឺ​ជា​អ្នករងគ្រោះ​ដោយ​ការ​រំលោភ​សិទ្ធិ​រស់​នៅ ជា​ពិសេស​ការ​រំលោភ​ឈូស​ឆាយ​ដី​ចម្ការ​ដី​ព្រៃ និង​បឹង​ធម្មជាតិ​ដែល​អ្នក​ភូមិ​អាស្រ័យ​ផល​ពី​សំណាក់​ប្រធាន​គណៈកម្មការ​គ្រប់គ្រង​ព្រៃ​ការពារ ក៏ប៉ុន្តែ​រឿង​នេះ​បែរ​ជា​អ្នក​ភូមិ​ត្រូវ​ប្រធាន​គណៈកម្មការ​ចោទ​ពី​បទ​បរិហារកេរ្តិ៍​ទៅ​វិញ។ លោក​ថា អ្នក​ភូមិ​ទាមទារ​ឲ្យ​តុលាការ​ស៊ើបអង្កេត​រឿង​ក្តី​ទាំង​ពីរ​នេះ​ដើម្បី​ផ្ដល់​យុត្តិធម៌​ជូន​ពលរដ្ឋ៖ «»។

​ដូច​គ្នា​នេះ​ដែរ មន្ត្រី​ជាន់​ខ្ពស់​ផ្នែក​អង្កេត​សមាគម​អាដហុក លោក ប៉ែន ប៊ុណ្ណារ៍ ដែល​ចូល​រួម​សង្កេតការណ៍​ករណី​នេះ​កត់សំគាល់​ថា រឿង​កោះហៅ​សកម្មជន​សិទ្ធិមនុស្ស​គឺ​ជាប់​ទាក់ទិន​ជា​រឿង​ក្ដី​រវាង​អ្នក​ភូមិ និង​ប្រធាន​សហគមន៍ ហេតុ​នេះ​ការ​ប្រមូលផ្ដុំ​របស់​អ្នកភូមិ​នៅ​មុខ​តុលាការ​បង្ហាញ​ថា អ្នក​ភូមិ​ចង់​ឲ្យ​តុលាការ​ស៊ើប​អង្កេត​ផ្ដល់​យុត្តិធម៌​ក្នុង​រឿង​ក្ដី​នេះ៖ «»។

​កាល​ពី​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ ប្រជាពលរដ្ឋ​ភូមិ​ប៉ក់ធំ ១១​នាក់ តំណាង​ឲ្យ​អ្នក​ភូមិ​ជាង ២០០​នាក់ បាន​ដាក់​ពាក្យ​ប្ដឹង​ប្រធាន​គណៈកម្មការ​សហគមន៍​មក​ស្ថាប័ន​អយ្យការ​រួច​ហើយ។ មន្ត្រី​អយ្យការ​ឲ្យ​ដឹង​ថា កំពុង​ចាត់​នីតិវិធី​លើ​បណ្ដឹង​អ្នក​ភូមិ​នេះ​ហើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។