MV “ពុក​ខ្ញុំ​ជា​ប៉ូលិស​ចរាចរណ៍” ទាញ​ការ​គិត​វិជ្ជមាន​លើ​ប៉ូលិស​ចរាចរណ៍

ថ្មី​ៗ​នេះ វីដេអូ​ចម្រៀង​មួយ​បទ មាន​ចំណង​ជើង​ថា “ពុក​ខ្ញុំ​ជា​ប៉ូលិស​ចរាចរណ៍” កំពុង​ទាញ​ការ​ចាប់​អារម្មណ៍​ពី​ប្រិយមិត្ត​លើ​បណ្ដាញ​សង្គម សូម្បី​តែ​ទើប​ចេញ Teaser។ អ្នក​ដឹក​នាំ​សម្ដែង អះអាង​ថា នេះ​ជា​សារ​មួយ​ដែល​លោក​ចង់​ឲ្យ​បង​ប្អូន​ប្ដូរ​មក​គិត​វិជ្ជមាន​ខ្លះ​លើ​មន្ត្រី​ប៉ូលិស​ចរាចរណ៍។

 

ប៊ុន រតនា ហៅ SEM ជា​អ្នក​ដឹកនាំ​សម្ដែង បាន​ប្រាប់ Sabay ថា មិន​ត្រឹម​ប្រជាពលរដ្ឋ​សាមញ្ញ ប៉ុន្តែ​មន្ត្រី​ប៉ូលិស​ចរាចរណ៍ ក៏​មាន​ល្អ មាន​មិន​ល្អ​ដែរ។ “ខ្ញុំ​ឃើញ​បង​ប្អូន​យើង​ភាគ​ច្រើន បើ​គិត​អី​អវិជ្ជមាន​ហើយ គឺ​ទៅ​អ្ហែង​១០០%​ហ្មង អត់​សល់​អី​ខ្លះ​ទេ​បង អីចឹង​បាន​យើង​ធ្វើ​បទ​ហ្នឹង គឺ​ចង់​ទាញ​ពួក​គាត់​ឲ្យ​មាន​ការ​គិត​វិជ្ជមាន​ខ្លះ ព្រោះ​ថា ប៉ូលិស​ចរាចរណ៍ ក៏​មាន​ល្អ មាន​អាក្រក់​ដែរ”។

MV “ពុក​ខ្ញុំ​ជា​ប៉ូលិស​ចរាចរណ៍” ទាញ​ការ​គិត​វិជ្ជមាន​លើ​ប៉ូលិស​ចរាចរណ៍

អ្នក​ដឹកនាំ​សម្ដែង​ដែល​មាន​បទ​ពិសោធន៍ ៦ឆ្នាំ​ជាមួយ ថោន បាន​បន្ត​ថា ឆ្លង​កាត់​ការ​ចុះ​ថត​វីដេអូ​ចម្រៀង និង​សង្កេត​ឃើញ​ដោយ​ផ្ទាល់​របស់​លោក គឺ​មន្ត្រី​ប៉ូលិស​ចរាចរណ៍ មាន​ការ​លំបាក​ជា​ច្រើន ប៉ុន្តែ​ត្រូវ​បាន​គេ​មើល​រំលង ដោយ​ផ្ដោត​តែ​លើ​​គុណ​វិបត្តិ​ទៅ​វិញ។ លោក​លើក​ឡើង​ថា “យើង​គិត​មើល៍ ពេល​បំពេញ​ការងារ ពួក​គាត់​នៅ​ក្រោម​កម្ដៅ​ថ្ងៃ​រាប់​ម៉ោង ក្ដៅ​ប៉ុណ្ណា…ពេល​មាន​រឿង​នាំ​គ្នា​ខឹង​ស្អប់​គាត់ ប៉ុន្តែ​មែន​ទែន​ទៅ មិន​មែន​មក​តែ​ពី​ពួក​គាត់​ទេ ពេល​ខ្លះ​អ្នក​ធ្វើ​ដំណើរ​ក៏​ខុស​ដែរ”។

 

“ចាំ​មើល​តែ​ប៉ា​ខ្ញុំ​ម៉ោ រឿង​ហើយ​ពូឯង…!” គឺ​ជា​ឃ្លា​មួយ​នៃ​សាច់​រឿង​ក្នុង​វីដេអូ​ចម្រៀង ដែល​អ្នក​និពន្ធ ចង់​ឆ្លុះ​បង្ហាញ​មួយ​ផ្នែក ពី​ការ​មិន​អោយ​តម្លៃ​ប៉ូលិស​ចរាចរណ៍​ក្នុង​ពេល​បំពេញ​ភារកិច្ច។ មង្គល​ទី​ណា​ជា​តួ​សម្ដែង​ប្រុស បាន​ពោល​ពាក្យ​នេះ ទៅ​កាន់​មន្ត្រី​ប៉ូលិស​ចរាចរណ៍ ដែល​តាម​ពិត​ជា​ឪពុក​របស់​នារី​ដែល​ខ្លួន​ស្រឡាញ់។

 

“ទោះ​បី​ឪពុក ដែល​ជា​ប៉ូលិស​ចរាចរណ៍​ម្នាក់ ដែល​អាច​មិន​ល្អ​សម្រាប់​អ្នក​គ្រប់​គ្នា ប៉ុន្តែ​ពុក គឺ​ជា​វីរបុរស​ក្នុង​ចិត្ត​កូន​ជានិច្ច”។ អោប​ជាប់​មនោសញ្ចេតនា​ដ៏​ជ្រាល​ជ្រៅ​នេះ តួ​ស្រី​សម្ដែង​ដោយ​កញ្ញា ម៉ិច ម៉ារីកា បាន​សម្រេច​បែក​គ្នា​ជាមួយ មង្គល​ទី​ណា​ដែល​នាង​ស្រឡាញ់ ព្រោះ​មិន​ឲ្យ​តម្លៃ​ឪពុក​នាង​ជា​ប៉ូលិស​ចរាចរណ៍។ ចុង​ក្រោយ មង្គល​ទីណា ខូច​ចិត្ត ក៏​ទៅ​ផឹក​ស្រា​រហូត​ស្រវឹង ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍ ហើយ​ត្រូវ​មន្ត្រី​ប៉ូលិស​ចរាចរណ៍​ដែល​ជា​ឪពុក​គូស្នេហ៍​ជួយ​យក​អាសា​ទៀត។

លោក SEM បញ្ជាក់​ថា មាន​ជា​ច្រើន​ទៀត ដែល​យើង​មិន​សូវ​ឲ្យ​តម្លៃ​ពី​ការ​លំបាក និង​ពលិកម្ម​របស់​មន្ត្រី​ប៉ូលិស​ចរាចរណ៍។ ដូច្នេះ​ហើយ លោក​នឹង​មាន​ការ​សម្ដែង​ក្នុង​បទ​ចម្រៀង​ច្រើន​ទៀត ដើម្បី​ឆ្លុះ​បង្ហាញ​ពី​តថភាព​ទាំង​នេះ និង​ផ្លាស់​ប្ដូរ​ការ​គិត​អវិជ្ជមាន​ខ្លះ​ៗ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ​លើ​មន្ត្រី​ប៉ូលិស​ចរាចរណ៍ ព្រោះ​ថា ល្អ អាក្រក់ យើង​នៅ​តែ​ត្រូវ​ការ​ពួក​គាត់​ដដែល។ “រាល់​ថ្ងៃ ហ៊ាន​តែ​អត់​មាន​ពួក​គាត់​ធ្វើ​ចរាចរណ៍ តែ​៥នាទី​មើល៍ បើ​មិន​ស្ទះ​ទៅ​ណា​មិន​រួច​ឥឡូវ”។ លោក SEM បន្ថែម។

 

“ពុក​ខ្ញុំ​ជា​ប៉ូលិស​ចរាចរណ៍” និពន្ធ​ដោយ យឹម តាស្រង់ និង​ដឹក​នាំ​ដោយ​លោក ប៊ុន រតនា។ អ្នក​ដឹកនាំ​រូប​នេះ បញ្ជាក់​ថា វីដេអូ​ចម្រៀង​នេះ អាច​នឹង​ចេញ​ផ្លូវ​ការ​នា​ចុង​ខែ​នេះ ឬ​យ៉ាង​យូរ​ដើម​ខែ​ក្រោយ អោយ​ទាន់​នឹង​វេលា ច្បាប់​ចរាចរណ៍​ថ្មី​ត្រូវ​ចាប់​អនុវត្ត​ឡើង​វិញ នា​ពាក់​កណ្ដាល​ខែ​ក្រោយ៕

អត្ថបទ៖ ទារិកា